រាជធានីភ្នំពេញ ៖ រថយន្តការមីមួយគ្រឿងដែលគេអះអាងថា អ្នកបើកបរស្រវឹងបានបើកបោះពួយក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកក្បាលរបាំងដែក ខណ្ឌចែកផ្លូវ បណ្តាលឱ្យបាក់បង្គោលភ្លើងប្រើថាមពលព្រះអាទិត្យ និងខូចខាតប្រអប់អគ្គិសនី ហើយរថយន្តបានបើកគេចបាត់បន្សល់ទុកកាងមុខ និងស្លាកលេខ ភ្នំពេញ 2O-1935 ។ គ្រោះថ្នាក់ចរាចរណ៍បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនេះ ត្រូវសមត្ថកិច្ចឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ឧសភា នៅចំណុចភ្លើងស្តុបទួលគោក មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍បន្ទាប់ពីរថយន្តបង្កបើកគេចបាត់ គេឃើញមានរថយន្តចំនួន២គ្រឿង ម៉ាកកូរ៉ូឡា ១គ្រឿង និងម៉ាកមែរសឺដេស មួយគ្រឿងមានគ្នា២នាក់ មកកាច់យកស្លាកលេខ និងជេរប្រមាថលើសមត្ថកិច្ចប៉ូលិសចរាចរណ៍ដែលឈរជើងនៅគោលដៅ នោះ តែការព្យាយាមកាច់យកស្លាកលេខនោះ ពុំបានសម្រេចទេ ដោយសមត្ថកិច្ចខណ្ឌទួលគោកទៅអន្តរាគមន៍ ហាមឃាត់ទាន់ពេល ហើយជននោះបានគេចខ្លួនបាត់ទៅ ។
តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ មានស្លាកលេខ ភ្នំពេញ 2O-1935 ខាងលើបានធ្វើដំណើរតាមវិថីម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ។ នៅពេលធ្វើដំណើរមកដល់ស្តុបទួលគោកហៅស្តុបអំបាសាឌ័រ រថយន្តក៏បានបត់ទៅខាងស្តាំដៃ តាមមហាវិថីសហព័ន្ធរុស្ស៊ី ទៅទិខាងកើត ហើយបានជ្រុលបុកក្បាលរបាំងចែកផ្លូវ បណ្តាលឱ្យជ្រុះស្លាកលេខតែម្តង ៕
ចែករំលែកព័តមាននេះ