រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធប្រកាន់ភាពអព្យាក្រឹត្យថ្ងៃឃោសនាបោះឆ្នោត ។

យោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប បានលើកឡើងថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) ការឃោសនាបោះឆ្នោតមានទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត ។
ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ ។

គ.ជ.បបានបន្តថា នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយបេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ត្រូវតែ គោរពតាមវិធានបទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច.ប.ត.រ គោរពតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយ សន្តិវិធី អហិ.ង្សា សន្តិសុខ និងសុវត្ថិភាព។

គ.ជ.ប សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែងផ្លូវពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា ។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធនឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពច្បាប់ជាធរមាន ដើម្បីឱ្យការឃោសនា បោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ