រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី៥ ឧសភា ២០១១ ដែលកោះសន្តិភាពទទួលបានឱ្យដឹងថា សាលារាជធានីភ្នំពេញមានកិត្តិយសសូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា បច្ចុប្បន្នផ្សារធំថ្មីដែលជាបេតិកភណ្ឌជាតិត្រូវបានជួសជុលកែលំអទាំងក្នុង និងហេដ្ឋារចនាសម្ព័ន្ធខាងក្រៅរួចរាល់ជាស្ថាពរហើយ។
សាលារាជធានីបន្តថា ដើម្បីចូលរួមថែរក្សាបាននូវសោភ័ណភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ជុំវិញផ្សារធំថ្មីឱ្យបានល្អប្រសើរ ចៀសវាងការកកស្ទះចរាចរណ៍ និងសម្របសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរនោះ សាលារាជធានីភ្នំពេញ «មិនអនុញ្ញាតឱ្យបងប្អូនចតយានយន្តនៅបរិវេណជុំវិញជាប់នឹងផ្សារធំថ្មីទេ»។
សាលារាជធានីភ្នំពេញបន្តថា ទទួលបានសេចក្តីជូនដំណឹងនេះ សូមលោកស្នងការរាជធានីភ្នំពេញ អភិបាលខណ្ឌដូនពេញ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី អ្នកម៉ៅការភាស៊ីនៅចំណតផ្សារធំថ្មី អាជីវករនៅផ្សារធំថ្មី និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងអនុវត្តតាមសេចក្តីជូនដំណឹងឱ្យមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ