ចាប់បានសាច់សត្វបង្កកនាំចូលពីវៀតណាមតាមច្រករបៀងខេត្តតាកែវ
- តាកែវ
ខេត្តតាកែវ ៖ ឈ្មួញចេះបន្តលួចនាំសាច់សត្វចូលមកពីប្រទេសវៀតណាម នៅតាមច្រករបៀងមួយចំនួនក្នុងខេត្តតាកែវ ស្ទើរតែរាល់យប់ហើយទាំងសមត្ថកិច្ចតាមព្រំដែន ក៏ដូចជាជំនាញពេទ្យសត្វខេត្ត ហាក់បានត្រូវរ៉ូវគ្នា ជាមួយឈ្មួញដោយមិនមានវិធានការទប់ស្កាត់ឡើយ ទើបកំលាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះមកចាប់ឃាត់ដោយផ្ទាល់នូវឡានលួចដឹក មាន់ ទា ទន្សាយ ជើងជ្រូក ស្លាប់មាន់បង្កក ពោះវៀនជ្រូក តាមច្រកកំណប់កែវ ស្រុកគិរីវង់ កាលពីវេលាម៉ោង២៣ និង១២នាទីយប់នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។

បើតាមមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វបានអោយដឹងថា ដោយទទួលបានព៏ត៌មានថា នៅច្រករបៀងនៅខេត្តតាកែវ មានឈ្មួញខិលខូចបានលួចនាំចូលមកពីស្រុកវៀតណាមនូវផលិផលចេញពីសត្វដែលខូចគុណភាព និងប្រើសាធាតុគីមីនោះទើបកំលាំងនាយកដ្ឋាន ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ ឃាត់រថយន្តចំនួន១គ្រឿម៉ាក HYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុះ២.៥តោន ពាក់ស្លាកលេខកំពត3A-1882 ដឹកសត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ ។

ដូចជា សត្វមាន់រស់ចំនួន៣៧០ក្បាល សត្វទន្សាយ១៥០ក្បាល ជើងជ្រូក១៦៨កេះ ស្មើនឹង៣៣៦០គីឡូក្រាម ពោះវៀនជ្រូកចំនួន១១៤០គីឡូក្រាម ស្លាបមាន់៥០០គីឡូក្រាម ជើងជ្រូកបង្កក, ពោះវៀនជ្រូកបង្កក និងស្លាបមាន់បង្កកសរុបចំនួន៥.០០០គីឡូក្រាម (០៥តោន) មកពីប្រទេសវៀតណាម តាមច្រកកំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ។ មន្ត្រីជំនាញដដៃលបានបន្តទៀតថា ក្រុមការងារយើងបានស្ទាក់ចាប់នៅលើផ្លូវលំក្នុងភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។ ចំពោះបទល្មើសខាងលើនេះ ក្រុមការងារនាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយដែលកំលាំងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ក្រោមបញ្ជាផ្ទាល់ពីលោកអគ្គនាយកដ្ឋានចុះបង្ក្រាបឈ្មួញនាំចូលផលិតផល ដែលកើតចេញពីសត្វចូលពីស្រុកយួន តាមច្រករបៀង ក្នុងខេត្តតាកែវនោះ ដែលលើកទី១ ចុះបង្ក្រាបរថយន្តដឹកទារស់រាប់ពាន់ក្បាលនៅលើផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ដែលលួចនាំចូលមកតាមច្រករបៀងនែស្រុកបូរីជលសារ តែសកម្មភាពរបស់មិនបានឈប់ទេ គឺនៅតែបន្តលួចនាំចូលមកលក់ចែកចាយអោយតែបានផលចំណេញច្រើន ដោយមិនបានគិតពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលទិញយកទៅទទួលទាននោះឡើយ ហើយលើកទី២នេះបង្ក្រាបលក្ខណ:ទ្រង់ទ្រាយធំនឹងសុតតែខូចគុណភាពស្ទើតែទាំងអស់។

លោកថៃ លី ប្រធានការិយាល័យពេទ្យសត្វខេត្តបានប្រាប់កោះសន្តិភាពយើងតាមទូរស័ព្ទថា គាត់មិនបានដឹកពីឈ្មួញលួចនាំចូលមកឡើយ ហើយលោកគ្រាន់តែជាកំលាំងសហការតែប៉ុណ្ណោះ ហើយនៅពេលបង្ក្រាបបានហើយ គឺខាងកំលាំងនាយកដ្ឋានជាអ្នកយកទៅរក្សាទុក ។








ចែករំលែកព័តមាននេះ