តម្លៃប្រេងកាលពីថ្ងៃទី៦ ឧសភា បានធ្លាក់ចុះដល់ថ្ងៃទី៥ជាប់ៗគ្នាមកនៅត្រឹម៩៧,១៨ដុល្លារ មួយធុង ដែលញ៉ាំងឱ្យពួកអ្នកវិនិយោគទទួលបានប្រាក់ចំណេញលើវត្ថុធាតុដើម ។
នៅទីផ្សារប្រេងក្រុងញូវយ៉កប្រេងឆៅអាមេរិកមួយធុងនាថ្ងៃទី៦ ឧសភា បានធ្លាក់ចុះ២,៦២ដុល្លារទៀតឬ២,៦៦% មកនៅត្រឹមតែ៩៧,១៨ដុល្លារមួយធុង ។ ក្នុងរយៈពេល១សប្តាហ៍តម្លៃប្រេងឆៅបានធ្លាក់ចុះវិញដល់ទៅ១៦.៧៥ដុល្លារមួយធុង ឬ១៤,៧% ។ នេះជាការធ្លាក់ចុះយ៉ាងខ្លាំងរយៈពេល១សប្តាហ៍នៃតម្លៃប្រេងឆៅលើទីផ្សារពិភពលោក បន្ទាប់ពីសប្តាហ៍មួយគិតត្រឹមថ្ងៃទី១៩ ធ្នូ ឆ្នាំ២០០៨ ដែលតម្លៃប្រេងធ្លាប់ធ្លាក់ចុះវិញភ្លាមៗដល់២៦,៨% ។
នៅទីក្រុងឡុងដ៍តម្លៃប្រេងឆៅធ្លាក់មកនៅត្រឹម១០៩,១៣ដុល្លារ មួយធុងគឺធ្លាក់ចុះបន្ត១,៦៧ដុល្លារ ឬ១,៥១% ។ ក្នុងរយៈពេល១សប្តាហ៍តម្លៃប្រេងឆៅនៅក្រុងឡុងដ៍ធ្លាក់ចុះ១៣,៣% ឬ១៦,៧៦ដុល្លារមួយធុង។
ប្រតិភូមួយរូបរបស់អង្គការបណ្តាប្រទេសនាំប្រេងចេញ OPEC និយាយថា តម្លៃប្រេងដែលឡើងខ្ពស់កប់ពពករហូតដល់១២០ដុល្លារមួយធុង ពុំមែនជារឿងល្អសម្រាប់ពួកអ្នកប្រើប្រាស់ឡើយ ហើយវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ។ តម្លៃប្រេងរវាងពី៩០ទៅ១០០ដុល្លារមួយធុងនឹងជាតម្លៃសមស្របមួយ ៕
ចែករំលែកព័តមាននេះ