ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​ពន្យល់​​ហេតុ​ការណ៍​កើត​ឡើង​ចំពោះ​នាវា​ដែល​ផ្ទុះ​នៅ​បាត​សមុទ្រ

2 ឆ្នាំ មុន

បរទេស ៖ ក្រុម​ល្បាត​ដែន​សមុទ្រ​របស់​អាមេរិក​បាន​ប្រកាស​ថា​នាវា​មុជ​ទឹក​ខ្នាត​តូច​ឈ្មោះ​ទីតាន (Titan) ​ដែល​បាត់​ដំណឹង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ បាន​ជួប​នឹង​ឧបទ្ទវហេតុ​​ផ្ទុះ​បែក​ជា​ចម្រៀក​ដោយ​សារ​​ការ​ទទួល​រង​សម្ពាធ​​ពី​ខាង​ក្រៅ (implosion)​។​​ ​កាល​នោះ​, ​ទីតាន​​ដឹក​មនុស្ស​សរុប​ ៥…

បរទេស ៖ ក្រុម​ល្បាត​ដែន​សមុទ្រ​របស់​អាមេរិក​បាន​ប្រកាស​ថា​នាវា​មុជ​ទឹក​ខ្នាត​តូច​ឈ្មោះ​ទីតាន (Titan) ​ដែល​បាត់​ដំណឹង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ បាន​ជួប​នឹង​ឧបទ្ទវហេតុ​​ផ្ទុះ​បែក​ជា​ចម្រៀក​ដោយ​សារ​​ការ​ទទួល​រង​សម្ពាធ​​ពី​ខាង​ក្រៅ (implosion)​។​​ ​កាល​នោះ​, ​ទីតាន​​ដឹក​មនុស្ស​សរុប​ ៥ ​នាក់​សុទ្ធ​តែ​ជា​មហា​សេដ្ឋី, អ្នក​ជំនួញ និង​អ្នក​ល្បី​ៗ ​ចុះ​ទៅ​មើល​ខ្មោច​កប៉ាល់​ថាយថានិច ​។

រហូត​មក​ដល់​ពេល​នេះ,​ ​គេ​មិន​ទាន់​​ដឹង​មូល​ហេតុ​លម្អិត​ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​នេះ​ទេ​ ព្រោះ​​​អ្វី​ៗ​​ស្ថិត​នៅ​ឯ​បាត​សមុទ្រ​ជម្រៅ​ ៣៨០០ ​ម៉ែត្ រ​។ គេ​គ្រាន់​តែ​ដឹង​ថា​ទី ១- អ្នក​ទាំង​ ៥ ​​បាន​ស្លាប់​អស់​ហើយ,​​ ​និង​ទី​ ២- តាម​រយៈ​រូប​ភាព​ដែល​បញ្ជូន​ដោយ​រ៉ូបូត​ដែល​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​, គេឃើញ​នាវា​បែក​ជា​ ៥ ​ចម្រៀក​ធំ​ៗ​​ចម្ងាយ​ ៤៤៨ ​ម៉ែត្រ​ពី​ខ្មោច​កប៉ាល់​ថាយថានិច ​។​ ​នៅ​ក្នុង​នាទី​នេះ​ យើង​សូម​​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្ដាប់​ការ​វិភាគ​របស់​ក្រុម​អ្នក​បច្ចេក​ទេស​ដែល​ផ្ដល់​សេចក្ដី​ពន្យល់​ និង​ប៉ាន់​ស្មាន​ពី​ហេតុ​ការណ៍​ដែល​​​បាន​កើត​ឡើង​ចំពោះ​នាវា​​​នោះ​ ។​

ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​នាវា​ Titan នៅ​បាត​មហា​សមុទ្ទ​អាត្លង់ទិច

តើ​អ្វី​ទៅ​ជា​ការ​​ផ្ទុះ​​ដោយ​សម្ពាធ​ពី​ខាង​ក្រៅ​​ (implosion)?
បើ​យោង​តាម​អ្នក​ឯក​ទេស និង​អ្នក​រូប​វិទ្យា​, ការ​ផ្ទុះ​​ដោយ​សម្ពាធ​ពី​ខាង​ក្រៅ​​​​កើត​ឡើង​នៅ​ពេល​មាន​សម្ពាធ​សង្កត់​កាន់​តែ​ខ្លាំង​ដល់​កម្រិត​ស៊ូ​ទ្រាំ​លែង​បាន​​​​ទៅ​លើ​​វត្ថុ​អ្វី​មួយ ជា​លក្ខណៈ​សង្កត់​ផ្ទប់ ឬ​រុញ​ផ្ទប់​​ ។​ ចំណែក​នៅ​ខាង​ក្នុង​វត្ថុ​នោះ ក៏​ទទួល​រង​សម្ពាធ​ផង​ដែរ​ ប៉ុន្តែរង​សម្ពាធ​តិច​ជាង​កម្លាំង​សង្កត់​ពី​ខាង​ក្រៅ ​។​ ករណី​ផ្ទុះ​នេះ​​គ្រាន់​តែ​ជា​ហេតុ​ការណ៍​ ១ ​នៅ​ក្នុង​ចំណោម​ស្រឡាយ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ចំពោះ​នាវាទីតាន​ នៅ​ពេល​នាវា​​មុជ​កាន់​តែ​ជ្រៅ​​​​ និង​ទទួល​រង​សម្ពាធ​កាន់​តែ​ខ្លាំង ​។

​កម្លាំង​ទប់​ទល់ពី​ខាង​ក្នុង​មាន​កំណត់ ​។ បើ​សម្ពាធ​ពី​ខាង​ក្រៅ​ខ្លាំង​ពេក​ហួស​ពី​សមត្ថ​ភាព​ទប់​ទល់​បាន​ នៅ​ទី​បញ្ចប់​លទ្ធផល​គឺ​មាន​តែ​​​​​ការ​ផ្ទុះ​បែក​នាវា​នេះ​ជា​ចម្រៀក​ៗ​តែ​​ប៉ុណ្ណោះ ​។ ម៉្យាង​ទៀត​ ការ​ផ្ទុះ​នេះ​គឺ​ផ្ទះ​សាហាវ​តែ​ម្ដង​ ព្រោះ​កម្លាំង​រុញ​ផ្ទប់​​មាន​សភាព​ខ្លាំង​ក្លា​ដល់​កម្រិត​ខ្ពស់​បំផុត​ ។ គេ​មិន​អាច​នឹង​ស្រមៃ​ថា​ការ​ផ្ទុះ​នោះ​មាន​ទំហំ​កម្រិត​ណា​ទេ,​ ​ខណៈ​ដែល​នាវា​នេះ​ផលិត​ពី​សារធាតុ​ដែល​រឹង​ជាង​ដែក​ថែប​ទៅ​ទៀត ​។​​​

ករណី​ផ្ទុះ ​១ ​ទៀត​គេ​ហៅ​ថា​ផ្ទុះ​ដោយ​សារ​សម្ពាធ​ពី​ខាង​ក្នុង​ (explosion) ។ ករណី​នេះ​កើត​ឡើង​នៅ​ពេល​សម្ពាធ​ខាង​ក្នុង​កាន់​តែ​តឹង​ទៅ​ៗ​ដល់​ដំណាក់​កាល​ទប់​លែងបាន ​។ ឧទាហរណ៍ ដូច​​ជា​ករណី​ផ្ទុះ​កង់​ឡាន​ដោយ​សារ​​ខ្យល់​​​នៅ​ក្នុង​ពោះ​វៀន​ឡាន​​តឹង​ខ្លាំង​​​ដល់​ដំណាក់​កាល​ដែល​ពោះ​វៀន និង​សម្បក​កង់​មិន​អាច​ទប់​ទល់​​​ត​ទៅ​ទៀត​​​ ។​ ​ករណី​ផ្ទុះ​ប៉ឺត​ប៉ោង​ក៏​ដូច​គ្នា​​ ។


ហេតុ​ដូច​ម្ដេច​​បាន​ជា​គេ​សន្និដ្ឋាន​ថា​នាវា​ទីតាន​ផ្ទុះ​ដោយ​សម្ពាធ​ពី​ខាង​ក្រៅ ​?
នាវា​មុជទឹក​​​ប្រវែង​ ៦,៧ ​ម៉ែត្រ​ឈ្មោះ​ទីតាន​នេះ​​​ផលិត​​​​រួម​គ្នា​ដោយ​​សាកល​វិទ្យាល័យ​វ៉ា​ស៊ីន​តោន និង​អង្គ​ការ​ណាហ្សា (NASA) ដោយ​ប្រើ​ប្រាស់​សរសៃ​​កាបោន (carbon fiber) និង​សារធាតុ​ទីតានីញ៉ូម ដែល​ជា​​​សារធាតុ​​​រឹង​មាំ​ខ្លាំង​ និង​ទប់​ទល់​នឹង​កម្លាំង​សង្កត់​ខ្លាំង ​។ ​​នេះ​បើ​យោង​តាម​​​លោក​​ស្តុកតុន រ៉ាស់ (Stockton Rush) ​ជា​ម្ចាស់​នាវា​​នេះ​ផ្ទាល់​​ និង​​​ជា​​​អ្នក​ដែល​បាន​បើក​នាវា​​ដោយ​ផ្ទាល់​ដៃ​ចុះ​ទៅ​មើល​ខ្មោច​កប៉ាល់​ថាយ​ថានិច​​លើក​ចុង​ក្រោយ​ ហើយ​បញ្ចប់​ជីវិត​នៅ​ក្នុង​ពេល​នោះ​តែ​ម្ដង​ ។​

នាវា​ទីតាន​​ធ្លាប់​ចុះ​ទៅ​មើល​ខ្មោច​កប៉ាល់​ថាយថា និច​​ជា​ច្រើន​ដង​ហើយ​​ ហើយពុំ​​ដែល​មាន​បញ្ហា​ទេ​​​ ។ ​ដូច្នេះ ​លើក​នេះ​អាច​បណ្ដាល​មក​ពី​នាវា​រៀប​ចំ​លក្ខណៈ​សម្បត្តិ​មិន​បាន​គ្រប់​គ្រាន់ ឬ​អាច​មក​ពី​សម្ពាធ​ទឹក​សមុទ្ទ​មាន​សភាព​ខ្លាំង​ក្លា​ជាង​រាល់​ដង​​​​ ។ បើ​មិន​ដូច្នេះ​ទេ​ វា​មិន​​អាច​ចាប់​ហែក​នាវា​​ដែល​ផលិត​ពី​សរសៃ​កាបោន និង​ទីតានីញ៉ូម​ឱ្យ​បែក​ជា​ចម្រៀក​ៗ​បាន​​ឡើយ ​​។ ​នៅ​ក្នុង​ជម្រៅ​​ទឹក​ដែល​​នាវា​ទីតាន​ចុះ​​ទៅ​ដល់​នោះ ​គេ​គិត​ថា​សម្ពាធ​មាន​​ជិត​ ៤២១ ​គីឡូក្រាម​នៅ​ក្នុង​ធារ​​ទឹក​ ១ ​សង់ទីម៉ែត្រ​ការ៉េ​ ។​

លោក​ស្តុកតុន រ៉ាស់ (Stockton Rush) ​ជា​ម្ចាស់​ប្រធាន​ក្រុមហ៊ុន​ OceanGate Expedition ដែល​បើក​ដំណើរ​ការ​សេវា​ដឹក​ភ្ញៀវ​ចុះ​ទៅ​មើល​ខ្មោច​កប៉ាល់​ Titanic។ លោក​ជា​អ្នក​បើក​នាវា​នេះ​ដោយ​ផ្ទាល់​ដៃ​​ ។​

នាវា​នេះ​អាច​ទប់​ទល់​នឹង​សម្ពាធ​ទឹក​សមុទ្ទ​​ជម្រៅ​ ៤​ គីឡូម៉ែត្រ​ ។ ដូច្នេះ​ ​​វា​អាច​មុជ​ចុះ​ទៅ​​ដល់​ខ្មោច​កប៉ាល់​ថាយថា និច​ជម្រៅ​​៣ ៨០០​ ម៉ែត្រ​​​ដោយ​គ្មាន​បញ្ហា ​​​​។​ ​​ប៉ុន្តែ​​​នាវា​នេះ​​ពុំ​​ដែល​​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​​ត្រួត​​ពិនិត្យ​គុណ​ភាព​​របស់​នាវា​​​ម្ដង​ណា​ទេ ​​។ ​នេះ​បើ​យោង​តាម​លោក​ដេវីដ ឡូករីត (David Lochridge) ​​ជា​អតីត​ប្រធាន​ផ្នែក​ប្រតិបត្តិ​ការ​ដែន​សមុទ្ទរបស់​ក្រុម​ហ៊ុន​អូសេនហ្គេត អ៊ិចស្ពីឌីសឹន (OceanGate Expeditions)​ ។​ ​លោក​ធ្លាប់​ព្រមាន​តាំង​ពី​ឆ្នាំ​ ២០១៨ ​អំពី​សុវត្ថិភាព​នៃ​នាវា​ទីតាន​ និង​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ថែម​ទៀត​ផង​។ ប៉ុន្តែ​នៅ​ទី​បញ្ចប់​ លោក​បែរ​ជា​ត្រូវ​ថ្នាក់​លើ​បណ្ដេញ​ចេញ​ពី​ការ​ងារ​ ៕​​

ប្រភព ៖ ND TV និងប្រភព​ដទៃ​ទៀត​
https://www.ndtv.com/world-news/titan-submersible-what-is-a-catastrophic-implosion-likely-cause-of-titan-subs-destruction-4145349
https://euro.eseuro.com/trends/518341.html

លោក​ដេវីដ ឡូករីត (David Lochridge) ​​ធ្លាប់​ព្រមាន​​ពី​សុវត្ថិភាព​នៃ​នាវា​ទីតាន​ និង​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​​​។​​ ​លោក​ខំ​និយាយ​ក្នុង​បំណង​ល្អ​ ប៉ុន្តែ​នៅ​ទី​បំផុត​​​ត្រូវ​គេ​ដេញ​ចេញ​ពី​ការ​ងារ​។​
ជន​រង​គ្រោះ​៤នាក់ (នៅ​ក្នុង​ចំណោម​៥​នាក់​) ដែល​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​នាវា​ Titan នៅ​បាត​មហា​សមុទ្ទ​អាត្លង់ទិច
ខ្មោច​កប៉ាល់​​ Titanic
ខ្មោច​កប៉ាល់​​ Titanic
ខ្មោច​កប៉ាល់​​ Titanic
លោក​ស្តុកតុន រ៉ាស់ (Stockton Rush) ​ជា​ម្ចាស់​ប្រធាន​ក្រុមហ៊ុន​ OceanGate Expedition ដែល​បើក​ដំណើរ​ការ​សេវា​ដឹក​ភ្ញៀវ​ចុះ​ទៅ​មើល​ខ្មោច​កប៉ាល់​ Titanic។ លោក​ជា​អ្នក​បើក​នាវា​នេះ​ដោយ​ផ្ទាល់​ដៃ​​ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ