ហ្វូងបាតុករយេម៉ែននិយាយកាលពីថ្ងៃទី៧ ឧសភា កន្លងមក ថា ពួកគេមិនព្រមទទួលយកឡើយនូវផែនការផ្ទេរអំណាចដែលសម្របសម្រួលបានដោយក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលមិនរាប់បញ្ចូលនូវការលាលែងចេញពីតំណែងប្រធានាធិបតីជាបន្ទាន់របស់លោកអាលីអាប់ឌុលឡាហ៍ សាឡេហ៍ និងការកាត់ទោសលោក ។
គណៈកម្មាធិការរៀបចំធ្វើបាតុកម្មនោះនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងសូមច្រានចោលនូវផែនការផ្ទេរអំណាចដែលស្វះស្វែងរកការផ្តល់ដល់លោកសាឡេហ៍ នូវពេលកាន់អំណាចទៀតតាមរយៈការចាត់ទុកការធ្វើបដិវត្តន៍របស់បាតុករថា ជាវិបត្តិនយោបាយរវាងគណបក្សកំពុងកាន់អំណាច និងក្រុម
ប្រឆាំង ។ យើងសូមអះអាងបញ្ជាក់សាជាថ្មីអំពីគោលជំហររបស់យើងចំពោះការសម្របសម្រួលរបស់ GCC ថា ការធ្វើបដិវត្តន៍របស់យើងពុំមានជាប់ពាក់ព័ន្ធជាមួយនឹងវិបត្តិនយោបាយរវាងគណបក្សកំពុងកាន់អំណាច និងក្រុមប្រឆាំងនោះទេ ហើយយើងក៏សូមច្រានចោលផងដែរនូវគំនិតផ្តួចផ្តើមណាមួយដែលមិនឆ្លើយតបតាមការទាមទាររបស់យើង» ។
ជាមួយគ្នានេះ ហ្វូងបាតុករបានសច្ចាថា នឹងបង្កើនការធ្វើបាតុកម្មរបស់ពួកគេដែលមកដល់ពេលនេះមានរយៈពេល៣ខែហើយ ឱ្យទៅជាដំណាក់កាលចុងក្រោយនៃការធ្វើបដិវត្តន៍របស់ពួកគេដើម្បីជំរុញឱ្យបញ្ចប់ការកាន់អំណាចរយៈពេល៣៣ឆ្នាំរបស់់លោកសាឡេហ៍។
ស្ថិតក្រោមផែនការផ្ទេរអំណាចដែលជាកិច្ចព្រមព្រៀងមួយផ្តួចផ្តើមឡើងដោយ GCC លោកសាឡេហ៍ តម្រូវឱ្យចុះចេញពីតំណែងក្នុងរយៈពេល៣០ថ្ងៃ ក្រោយពីលោកចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ហើយរដ្ឋាភិបាលថ្មីត្រូវតែបង្កើតឡើងដោយក្រុមប្រឆាំងក្នុងរយៈពេល៧ថ្ងៃ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការបោះឆ្នោតសភាក្នុងរយៈពេល៦០ថ្ងៃ ៕
ចែករំលែកព័តមាននេះ