ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ទាំង​អស់​មនុស្ស​​៥​នាក់​​ដែល​ជិះ​នៅ​ក្នុង​​នាវា​មុជ​ទឹក​ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ផ្ទុះ​ដ៏​ខ្លាំង​មួយ

2 ឆ្នាំ មុន

លើក​នេះ​ច្បាស់​ហើយ​ អ្នក​ជិះ​នៅ​ក្នុង​នាវា​មុជ​ទឹក​ឈ្មោះ​ទីតាន​បាន​ស្លាប់​អស់​គ្មាន​សល់​ម្នាក់​។ ពួក​គេ​មាន​គ្នា​៥​នាក់​ មាន​មហា​សេដ្ឋី​មួយ​​ចំនួន​ក៏ស្ថិត​នៅ​ក្នុង​ចំណោម​នោះ​ផង​ដែរ​។ សោក​នាដ​នកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ហេតុ​ការ​ណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​នៅ​បាត​សមុទ្ទ​​​​។ ខាង​លើ​នេះ​ជា​ការ​អះអាង​របស់​​​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ដែល​​ទទួ​លបន្ទុក​ខាង​ល្បាត​ដែន​សមុទ្ទ​។ ដូច្នេះ មិន​ចាំ​បាច់​ត្រូវ​ការ​ស្វែង​រក​នាវា​​នេះ​តទៅ​ទៀត​ទេ​ បន្ទាប់​ពី​គេ​រក​ឃើញ​បំណែក​នាវា​មុជ​ទឹក​នោះ​នៅ​បាត​​សមុទ្ទ​។ អ្វី​ដែល​គួរ​ឱ្យ​ស្ដាយ​…

លើក​នេះ​ច្បាស់​ហើយ​ អ្នក​ជិះ​នៅ​ក្នុង​នាវា​មុជ​ទឹក​ឈ្មោះ​ទីតាន​បាន​ស្លាប់​អស់​គ្មាន​សល់​ម្នាក់​។ ពួក​គេ​មាន​គ្នា​៥​នាក់​ មាន​មហា​សេដ្ឋី​មួយ​​ចំនួន​ក៏ស្ថិត​នៅ​ក្នុង​ចំណោម​នោះ​ផង​ដែរ​។ សោក​នាដ​នកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ហេតុ​ការ​ណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​នៅ​បាត​សមុទ្ទ​​​​។ ខាង​លើ​នេះ​ជា​ការ​អះអាង​របស់​​​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ដែល​​ទទួ​លបន្ទុក​ខាង​ល្បាត​ដែន​សមុទ្ទ​។ ដូច្នេះ មិន​ចាំ​បាច់​ត្រូវ​ការ​ស្វែង​រក​នាវា​​នេះ​តទៅ​ទៀត​ទេ​ បន្ទាប់​ពី​គេ​រក​ឃើញ​បំណែក​នាវា​មុជ​ទឹក​នោះ​នៅ​បាត​​សមុទ្ទ​។

អ្វី​ដែល​គួរ​ឱ្យ​ស្ដាយ​ និង​រន្ធត់​នៅ​ត្រង់​ថា​អ្នក​ទាំង​៥​នោះ​មាន​អ្នក​ខ្លះ​ជា​សេដ្ឋី​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ឬ​អគ្គ​នាយក​ក្រុម​ហ៊ុន​។ ​រ៉ូបូត​ដែល​គេ​បញ្ជា​ពី​ចម្ងាយ​១​គ្រឿង​ត្រូ​វ​គេ​បញ្ជូន​ទៅ​បាត​សមុទ្ទ និង​បាន​រក​ឃើញ​បំណែក​នៃ​នាវា​ទីតាន​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​រយៈ​ចម្ងាយ​៤៨៨​ម៉ែត្រ​ពី​ខ្មោច​នាវា​ថាយថានិច​​។ បំណែក​នាវាដែល​រ៉ូបូត​រក​ឃើញ​នោះ​ស៊ី​សង្វាក់​គ្នា​នឹង​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​នៅ​បាត​សមុទ្រ​។

អ្នក​ដែល​ស្ថិត​នៅ​ក្នុង​នាវា​នោះ​មាន​៖
ទី១- លោក​ហាមីស ហាតឌីង (Hamish Harding) សេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជនជាតិ​អង់គ្លេស​។​
ទី២- លោក​សា​ហ្សាដា ដាវូត (Shahzada Dawood) ជា​​អ្នក​ជំនួញ​​ជន​ជាតិ​ប៉ាគីស្ថាន​​ រួម​ជា​មួយ​កូន​ប្រុស​អាយុ​១៩​ឆ្នាំ​។​
ទី៣- លោក​ប៉ូល ហង់រី ណាហ្សូឡេ (Paul-Henri Nargeolet​) អាយុ​៧៧​ឆ្នាំ ជា​អ្នក​ស្រាវ​ជ្រាវ​សមុទ្ទ​ និង​ជា​អ្នក​ជំនាញ​ខាង​នាវា​ថាយថានិច​។ គាត់​ធ្លាប់​ធ្វើ​ដំណើរ​ចុះ​ទៅ​បាត​សមុទ្ទ ដើម្បី​ទស្សនា​ខ្មោច​កប៉ាល់​ថាយថានិច​នោះ​រាប់​សិប​ដង​មក​ហើយ​។ លើក​ចុង​ក្រោយ​ចុះ​ទៅ​មើល​​ម្ដង​ទៀត​ដូច​ទៅ​ស្លាប់​តែ​ម្ដង​​។​
ទី៤- លោក​ស្តុក​តុន រ៉ាស់ (Stockton Rush) ជានាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន​អូសេនហ្គេត (OceanGate)​​ដែល​បើក​ប្រតិ​បត្តិ​ការ​នាវា​មុជ​ទឹក​ទីតាន​។ គាត់​ជា​អ្នក​បើក​នាវា​នេះ​ចុះ​ទៅ​បាត​​សមុទ្ទ​​ដោយ​ផ្ទាល់​ដៃ​។​​​

រាប់​ពី​ឆ្វេង​មក​ស្ដាំ​ ១- លោក​ហាមីស ហាតឌីង (Hamish Harding), ២- លោក​សា​ហ្សាដា ដាវូត (Shahzada Dawood), ៣- លោក​ប៉ូល ហង់រី ណាហ្សូឡេ (Paul-Henri Nargeolet) និង​ ៤- លោក​ស្តុក​តុន រ៉ាស់ (Stockton Rush)

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែល​មក​ពី​ប្រទេស​ជា​ច្រើន​បាន​​ល្បាត​​​នៅ​​លើ​ផ្ទៃ​សមុទ្ទ​​១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​​ ដោយ​ប្រើ​ប្រាស់​​យន្ត​ហោះ និង​នាវា​ជា​ច្រើន​គ្រឿង​ដើម្បី​ស្វែង​រក​នាវា​ដែល​មាន​បណ្ដោយ​៦,៧​ម៉ែត្រ​​នេះ​។​ នាវា​នេះ​បាន​ដាច់​ការ​ទាក់​ទង​ជា​មួយ​នឹង​នាវា​នៅ​លើ​ទឹក​សមុទ្ទ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​នាវា​នេះ​មុជ​ចុះ​ទៅ​ក្រោម​ទឹក​សមុទ្ទ​​បាន​រយៈ​១​ម៉ោង​ និង​៤៥​នាទី​។

ជា​ធម្មតា​, ​ទម្រាំ​​​​​មុជ​ទៅ​ដល់​​ខ្មោច​នាវា​​ថាយថានិច​ត្រូវ​ចំណាយ​ពេល​ប្រហែល​២​ម៉ោង​។ គេ​មិន​ដឹង​ថាតើ​​នាវា​នេះ​បាន​ចុះ​​ទៅ​ដល់​ខ្មោច​នាវា​ថាយ​ថានិច​ហើយ​ទើប​ផ្ទុះ ឬ​ចុះ​មិន​ទាន់​ដល់​ទេ​។ ​បន្ទាប់​ពី​គេ​​​ចាប់​បាន​សំឡេង​​នៅ​បាត​សមុទ្ទ​កាល​ពី​ថ្ងៃ​អង្គារ​ម្ដង និង​ថ្ងៃ​ពុធ​ម្ដង​ទៀត​​តាម​រយៈ​​ឧបករណ៍​ប្រើ​​បច្ចេក​វិទ្យា​សូណា (sonar) ធ្វើ​ឱ្យ​គេ​នឹក​សង្ឃឹម​​ថា​ប្រហែល​ជា​មនុស្ស​នៅ​ក្នុង​នាវា​នោះ​នៅ​រស់​នៅឡើយ​ទេ​។ គេ​គិត​ថា​ពួក​គេ​​​​ព្យាយាម​គោះ​ពី​ក្នុង​នាវា​នោះ​ដើម្បី​ឱ្យ​សញ្ញា​ទៅ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​។​

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ព្រមាន​ថា​ការ​វិភាគ​សំឡេង​នេះ​មិន​ត្រឹម​ត្រូវ,​ ព្រោះ​​​សំឡេង​នោះ​​ប្រហែល​ជា​មិន​មែន​ចេញ​ពី​នាវា​ទីតាន​​។​ គេ​សង្កេត​ឃើញ​ថា​សំឡេង​នោះ​ហាក់​ដូច​ជា​មិន​មែន​ចេញ​ពី​ទីតាំង​នៃ​បំណែក​នាវា​​នៅ​បាត​សមុទ្ទ​ទេ​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ចាប់​ផ្ដើម​ពន្លឿន​​ការ​ស្វែង​រក​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​គេ​ដឹង​ថា​ខ្យល់​អុកស៊ីហ្សែន​​អស់​រលីង​ហើយ​ពី​ក្នុង​នាវា​។ មាន​ន័យ​ថា​ជោគ​វាសនា​របស់​អ្នក​នៅ​ក្នុង​នាវា​នោះ​គេច​មិន​ផុត​ពី​ស្លាប់​ទេ​។ បើ​ទុក​ជា​គ្មាន​ហេតុ​ការណ៍​ផ្ទុះ​នាវា, ​ពួក​គេ​​គង់​តែ​ស្លាប់​​ដោយ​​សារអស់​ខ្យល់​​អុកស៊ីហ្សែន​ដក​ដង្ហើម​​។

កប៉ាល់​ថាយថានិច​លិច​ទៅ​បាត​សមុទ្ទ​តាំង​ពី​ឆ្នាំ​១៩១២​ ​ចម្ងាយ​១៤៥០​គីឡូម៉ែត្រ​​ពី​​ឆក​សមុទ្ទ​ខេប​ខត់ (Cape Cod) រដ្ឋ​ម៉ាសា​ឈូសេត​។ ក្រុម​ហ៊ុន​អូសេន​​ហ្គេត​ចាប់​ផ្ដើម​​​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​មើល​ខ្មោច​នាវា​ថាយថានិច​​​តាំង​ពី​ឆ្នាំ​២០២១​​ ដោយ​ចំណាយ​ម្នាក់​ៗ​២៥​ម៉ឺន​ដុល្លារ​។ តាម​ពិត ក្រុម​អ្នក​ជំនាញ​ធ្លាប់​បាន​ព្រមាន​ថា​ការ​ធ្វើ​ដំណើរ​តាម​កូន​នាវា​មុជ​ទឹក​តូច​តែ១​​ទៅ​មើល​ខ្មោច​នាវា​ថាយថានិច​នោះ​ពោរ​ពេញ​ដោយ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​។​ វា​ហាក់​ដូច​ជា​ប្រផ្នូល​មិន​ល្អ​។ អ្នក​ខ្លះ​គិត​ថា​ការ​ចុះ​ទៅ​មើល​ខ្មោច​នាវា​នៅ​បាត​សមុទ្ទ​អាច​ធ្វើ​ឱ្យ​នាវា​ដែល​ចុះ​ទៅ​មើល​នោះ​ក្លាយ​ជា​ខ្មោច​នាវា​ដែរ​។

ខ្មោច​នាវា​ថាយថានិច​

​អ្នក​ជំនាញ​ធ្លាប់​ព្រមាន​តាំង​ពី​ឆ្នាំ​២០១៨។​​ ប៉ុន្តែ​គ្មាន​នរណា​​យក​ត្រចៀក​ស្ដាប់​​។ ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​, គេ​បាន​ដាក់​ពង្រាយ​រ៉ូបូត​២​គ្រឿង​ដែល​បញ្ជា​ពី​ចម្ងាយ និង​ដែល​អាច​បើក​ប្រតិបត្តិ​ការ​នៅ​ក្នុង​សមុទ្ទជ្រៅ​ៗ​។ ជា​ធម្មតា​ នៅ​បាត​មហា​សមុទ្ទ​បែប​នេះ​ពោរ​ពេញ​ដោយ​សម្ពាធ​​ទឹក​ខ្លាំង​បំផុត​ និង​មាន​សភាព​ងងឹត​សូន្យ​ ដែល​បង្ក​ភាព​លំបាក​សម្រាប់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​។​ សំណុំ​រឿង​បាត់​នាវា​ទីតាន​ និង​ការ​តាម​ប្រមាញ់​នាវា​នេះ​ បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​នៅ​លើ​ទំព័រ​សារព័ត៌មាន​ទូទាំង​ពិភពលោក៕​​​

ប្រភព៖ Reuters និង​ប្រភព​ដទៃ​ទៀត​
https://www.reuters.com/world/search-intensifies-titanic-sub-with-only-hours-oxygen-left-2023-06-22/

លោក​ស្តុក​តុន រ៉ាស់ (Stockton Rush) ជានាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន​អូសេនហ្គេត (OceanGate)​។ គាត់​ជា​អ្នក​បើក​នាវា​នេះ​ចុះ​ទៅ​បាត​​សមុទ្ទ​​ដោយ​ផ្ទាល់​ដៃ​។​​​
ខ្មោច​នាវា​ថាយថានិច​
ខ្មោច​នាវា​ថាយថានិច​
ខ្មោច​នាវា​ថាយថានិច​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ