ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​រត់​ប្រណាំង​នឹង​ពេលវេលា ដើម្បី​រក​នាវា​ដែល​បាត់​នៅ​មហា​សមុទ្ទ​អាត្លង់ទិច

2 ឆ្នាំ មុន

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ប្រញឹក​ដៃ​តាម​រក​នាវា​មុជ​ទឹក​ខ្នាត​តូច​ឈ្មោះ​ទីតាន (Titan) ដែល​បាន​​បាត់​តាំង​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ នៅ​ពេល​នាវា​នេះ​ដឹក​​មនុស្ស​សរុប​៦​នាក់​ ដែល​មាន​ភ្ញៀវ​៥​នាក់ និង​អ្នក​បើក​នាវា​ម្នាក់​ ​ចុះ​ទៅ​បាត​មហាសមុទ្រ​អាត្លង់​ទិច​ ជម្រៅ​ជិត​៤​គីឡូម៉ែត្រ​ ដើម្បី​ទស្សនា​កម្សាន្ត​ខ្មោច​កប៉ាល់​ថាយថានិច​ ដែល​លិច​ទៅ​បាត​សមុទ្ទ​តាំង​ពីឆ្នាំ​១៩១២​។…

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ប្រញឹក​ដៃ​តាម​រក​នាវា​មុជ​ទឹក​ខ្នាត​តូច​ឈ្មោះ​ទីតាន (Titan) ដែល​បាន​​បាត់​តាំង​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ នៅ​ពេល​នាវា​នេះ​ដឹក​​មនុស្ស​សរុប​៦​នាក់​ ដែល​មាន​ភ្ញៀវ​៥​នាក់ និង​អ្នក​បើក​នាវា​ម្នាក់​ ​ចុះ​ទៅ​បាត​មហាសមុទ្រ​អាត្លង់​ទិច​ ជម្រៅ​ជិត​៤​គីឡូម៉ែត្រ​ ដើម្បី​ទស្សនា​កម្សាន្ត​ខ្មោច​កប៉ាល់​ថាយថានិច​ ដែល​លិច​ទៅ​បាត​សមុទ្ទ​តាំង​ពីឆ្នាំ​១៩១២​។

​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​នាវា​​​សុទ្ធ​តែ​ជា​មហា​សេដ្ឋី ​ឬ​​អ្នក​មាន​មុខ​ មាន​មាត់​ ​ដែល​ត្រូវ​ចំណាយ​ម្នាក់​​ៗ​​២៥​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ធ្វើ​​ដំណើរ​វិល​ជុំ​នេះ​។ ការ​ជាប់​គាំង​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ​បាន​​ធ្វើ​ឱ្យ​ខ្យល់​អុក​ស៊ីហ្សែន​សម្រាប់​ដក​ដង្ហើម​នៅ​ក្នុង​នាវា​​​រលស់​បន្តិច​ម្ដង​ៗ​​។ ក្រុម​ហ៊ុន​អូសេន​ហ្គេត (OceanGate)​​ ដែល​ជា​ម្ចាស់​នាវា​មុជ​ទឹក​​​ឈ្មោះ​​ទីតាន​​​ ​ប្រាប់​ថា​ក្រៅ​ពី​អុក​ស៊ីហ្សែន​នៅ​ក្នុង​នាវា​មុជ​ទឹក​, គេ​ក៏​បាន​បម្រុង​​ទុក​អុកស៊ីហ្សែន​៤​បំពង់​ធំៗ​ទៀត​សម្រាប់​អ្នក​ដំណើរ​ដក​ដង្ហើម​នៅ​ក្នុង​គ្រា​អាសន្ន​។

​ដូច្នេះ អុកស៊ីហ្សែន​មាន​តែ​៤បំពង់​, ខណៈ​ដែល​អ្នក​ស្ថិត​នៅ​ក្នុង​នាវា​​មាន​គ្នា​​​៦​នាក់​។ មិន​ដឹង​ថា​នរណា​បាន​ដក​ដង្ហើម​តា​ម​បំពង់​នោះ​ និង​អ្នក​ណា​ដែល​មិន​បាន​ដក​ដង្ហើម​​។​ ម៉្យាង​ទៀត​ ​​ការ​ស្វែង​រក​នៅ​ក្នុង​ទឹក​សមុទ្ទ​បែប​នេះ​មិន​មែន​​ជា​ការ​ងាយ​ស្រួល​ទេ​។ មិន​មែន​ដូច​ជាប់​គាំង​នៅ​ក្នុ​ង​រូង​ភ្នំ ឬ​នៅ​ក្នុង​ព្រៃ​ អាច​ពន្យារ​ពេល​ជា​ច្រើន​អាទិត្យ​ ឬ​​ច្រើន​​ខែ​ក៏​មិន​សូវ​អី​ប៉ុន្មាន​ទេ​។​

​​ព័ត៌មាន​ចុង​ក្រោយ​បង្ហាញ​ថា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​កាណាដា និង​អាមេរិក ​​បំពាក់​​បច្ចេកវិទ្យា​ទំនើប​ៗ​ដូច​ជា​​ឧបករណ៍​ស្រូប​សំឡេង និង​ឧប​ករណ៍​សូណា (sonar) ដែល​មើល​ធ្លុះ​ដល់​បាត​សមុទ្ទ​។ ពួក​គេ​ទទួល​បាន​រលក​សញ្ញា​ជា​សំឡេង​ពី​ក្រោម​សមុទ្ទ​ ជា​សំឡេង​គោះ​របៀប​ឱ្យ​សញ្ញា​។ មុន​​ដំបូង​ គេ​ស្ដាប់​ឮ​សំឡេង​គោះ​នោះ​រៀង​រាល់​៣០​នាទី​ម្ដង​។ បួន​ម៉ោង​ក្រោយ​មក​, គេ​ស្ដាប់​ឮ​សំឡេង​គោះ​ម្ដង​ទៀត​។​

សំឡេង​នេះ​ធ្វើ​ឱ្យ​គេ​មាន​សង្ឃឹម​ថា​អ្នក​ទាំង​នោះ​នៅ​រស់​នៅ​ឡើយ​ទេ​​។​ ប៉ុន្តែ​​គេ​មិន​ដឹង​ថា​តើ​នាវា​នោះ​ជាប់​កឿង​នៅ​ទី​កន្លែង​ណា​​ពិត​ប្រាកដ​​​។ នេះ​ជា​ចំណុច​១​។ ចំណុច​១​ទៀត​​ ដូច​ជម្រាប​ជូន​ពី​ខាង​ដើម​ស្រាប់​។ ចំណុច​ស្លាប់​រស់​នៃ​ការ​ជួយ​សង្គ្រោះ​នេះ​គឺ​ខ្យល់​អុក​ស៊ីហ្សែន​សម្រាប់​ដក​ដង្ហើម​។ ឧបមា​ថា​អ្នក​ជួយ​សង្គ្រោះ​សំកុក​យូរ​ពេក។​ បី​បួន​ថ្ងៃ​ទៀត​ ទើប​អាច​ស្រង់​នាវា​នោះ​ឡើង​មក​លើ​គោក​បាន​។

ដូច្នេះ អ្នក​ស្ថិត​នៅ​ក្នុង​នាវា​នោះ​ស្លាប់​ដដែល​។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​អ្នក​ខ្លះ​ហាក់​​ដូច​ជា​មាន​សង្ឃឹម​បន្តិច​ និង​ហាក់​ដូច​ជា​គ្មាន​​សង្ឃឹម​​បន្តិច​។​ នេះ​មិន​ទាន់​គិត​ទៅ​ដល់​អ្នក​នៅ​ក្នុង​នោះ​មិន​ដឹង​ថា​ពួក​គេ​ដាច់​អាហារ​តាំង​ពី​ពេល​ណា​មក​។ ពួក​គាត់​សុទ្ធ​តែ​ជា​មហា​សេដ្ឋី​ និង​អ្នក​មាន​មុខ​ មាន​មាត់​ ដែល​ធ្លាប់​តែ​បរិភោគ​អាហារ​ឆ្ងាញ់​ៗ។​​ ​ដូច្នេះ​តើ​ពួក​គេ​អាច​ស៊ូទ្រាំ​នឹង​ការ​ដាច់​អាហារ​ជា​ច្រើន​ថ្ងៃ​នេះ​បាន​​ដោយ​របៀប​ណា​​?​

​​ឥឡូវនេះ ​អាមេរិក​បាន​ដាក់​ពង្រាយ​ឧបករណ៍​​១​​ប្រភេទ​ឈ្មោះ​យាន​ប្រតិបត្តិ​ការ​ពី​ចម្ងាយ ឬ​អ័រ​អូវី​ (ROV) ​តាម​រក​ប្រភព​នៃ​សំឡេង​គោះ​នោះ​​​។ ប្រទេស​បារាំង​បាន​​បញ្ជូន​រ៉ូបូត​របស់​​ខ្លួន​​ដែល​អាច​មុជ​ចុះ​ទៅ​ក្រោម​ទឹក​ជម្រៅ​៦​គីឡូម៉ែត្រ​​នឹង​ទៅ​ដល់​នៅ​ថ្ងៃ​ពុធ​។ ប៉ុន្តែ​រ៉ូបូត​នេះ​បើ​ទុក​ជា​អាច​ជួយ​ស្វែង​រក​ឃើញ​នាវា​ទីតាន ក៏​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​​ប៉ុន្មាន​ដែរ​ពាក់​ព័ន្ធ​នឹង​ជីវិត​របស់​អ្នក​ស្ថិត​នៅ​ក្នុង​នាវា​​នោះ​។ មូល​ហេតុ​ដោយ​សារ​​​ខ្យល់​អុកស៊ីហ្សែន​​អាច​នឹង​អស់​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​។​

សូម​រម្លឹក​​ថា​នាវា​​​ទីតាន​បាន​មុជ​ចុះ​ទៅ​បាត​សមុទ្ទ​រយៈ​ពេល​១​ម៉ោង និង​៤៥​នាទី​ ក៏​ស្រាប់​តែ​ដាច់​ការ​ទាក់​ទង​គ្នា​ជា​មួយ​នឹង​នាវា​១​គ្រឿង​របស់​កាណាដា​ដែល​មាន​ភារកិច្ច​ជួយ​សម្រួល​ដល់​ការ​ជ្រមុជ​នាវា​ និង​ការ​ប្រតិបត្តិ​ការ​ដទៃ​ទៀត​។


អ្នក​ដែល​ស្ថិត​នៅ​ក្នុង​នាវា​នោះ​មាន​៖
ទី១- លោក​ហាមីស ហាតឌីង (Hamish Harding) សេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជនជាតិ​អង់គ្លេស​
ទី២- លោក​សា​ហ្សាដា ដាវូត (Shahzada Dawood) ជា​​អ្នក​ជំនួញ​​ជន​ជាតិ​ប៉ាគីស្ថាន​​ រួម​ជា​មួយ​កូន​ប្រុស​អាយុ​១៩​ឆ្នាំ​
ទី៣- លោក​ប៉ូល ហង់រី ណាហ្សូឡេ (Paul-Henri Nargeolet) ជា​អ្នក​ជំនាញ​ខាង​មុជ​ទឹក​ជន​ជាតិ​បារាំង​
ទី៤- លោក​ស្តុក​តុន រ៉ាស់ (Stockton Rush) ជានាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន​អូសេនហ្គេត (OceanGate) ​ដែល​ជា​ម្ចាស់​នាវា​ទីតាន​ផ្ទាល់​តែ​ម្ដង​​​ រួម​ទាំង​មនុស្ស​២​នាក់​ទៀត​

រាប់​ពី​ឆ្វេង​មក​ស្ដាំ​ ១- លោក​ហាមីស ហាតឌីង (Hamish Harding), ២- លោក​សា​ហ្សាដា ដាវូត (Shahzada Dawood), ៣- លោក​ប៉ូល ហង់រី ណាហ្សូឡេ (Paul-Henri Nargeolet) និង​ ៤- លោក​ស្តុក​តុន រ៉ាស់ (Stockton Rush)

សូម​ជម្រាប​ថា​ផ្ទុយ​ពី​នាវា​មុជ​ទឹក​ខ្នាត​តូច​នេះ,​ នាវា​មុជ​ទឹក​យោធា​ខ្នាត​ធំ ដែល​នាវា​ខ្លះ​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​ អាច​មុជ​ទៅ​ក្រោម​ទឹក​រយៈ​ពេល​ពី​២​ទៅ​៣​​​ខែ​។ នាវា​​នោះ​​មាន​ទំហំ​ធំ​ទូលាយ អាច​​​ស្តុក​ទុក​ស្បៀង​អាហារ​សម្រាប់​បរិភោគ​​, ​មាន​​ឧបករណ៍​​​​ផលិត​ទឹក​ស្អាត,​ ​មាន​ប្រព័ន្ធ​ច្រោះ​​កាក​សំណល់​ និង​​មាន​ទាំង​ឧបករណ៍​សម្រាប់​ផលិត​អុក​ស៊ីហ្សែន​ថែម​ទៀត​​៕​

ប្រភព៖ Reuters និង​ប្រភព​ដទៃ​ទៀត​
https://www.reuters.com/world/searchers-detect-undersea-sounds-hunt-missing-titanic-sub-2023-06-21/#:~:text=June%2021%20(Reuters)%20%2D%20Rescue,old%20wreck%20of%20the%20Titanic
https://edition.cnn.com/2023/06/20/us/titanic-shipwreck-vessel-missing-tuesday/index.html

លោកស្តុកតុន រ៉ាស់ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន OceanGate ដែល​ដំណើរ​ការ​នាវា​មុជ​ទឹក​ទីតាន (Titan)។ លោក​ក៏​ធ្វើ​ដំណើរ​នៅ​ក្នុង​នាវា​នេះ​ផង​ដែរ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ