ខេត្តបាត់ដំបង ៖ ស្ត្រីបំរើការងារនៅក្នុងហាងផឹកស៊ីម្នាក់ រួមជាមួយនឹងកូនស្រីអាយុ១២ឆ្នាំ ត្រូវក្រុមចោរយ៉ាងតិច២នាក់ជិះម៉ូតូតាមស្ទាក់ «ប្លន់» យកគ្រឿងអលង្ការអស់ពីខ្លួន ខណៈពេលគាត់និងកូនស្រីធ្វើដំណើរចេញពីហាងទៅផ្ទះជួលវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខផ្ទះសំណាក់ «៧៧៧» ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយក្រុមចោរក៏បានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាពទាំងកណ្ដាលយប់តែម្តង។

ជុំវិញអំពើ «ប្លន់» ខាងលើនេះ គិតមកត្រឹមម៉ោងព្រឹកថ្ងៃទី២១ ខែមិថុនា ពុំទាន់មានសមត្ថកិច្ចនៅក្នុងអង្គភាពណាមួយបានជ្រាបអំពីរឿងនេះនៅឡើយទេ ប៉ុន្តែនៅព្រឹកថ្ងៃដដែលនេះ កោះសន្តិភាពបានជួបផ្ទាល់ជាមួយជនរងគ្រោះ ដើម្បីសាកសួរអំពីដំណើររឿង ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ។
ជនរងគ្រោះខាងលើមានឈ្មោះ គីម សុខលី ហៅពៅ ភេទស្រី អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ប៉ុន្តែគាត់បានមកស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើនេះទើបតែបាន៣ថ្ងៃប៉ុណ្ណោះ ជាមួយកូនស្រីម្នាក់ឈ្មោះ គីម លីនដា អាយុ១២ឆ្នាំ ហើយគាត់ធ្វើការបំរើការនៅក្នុងហាងផឹកស៊ីមួយកន្លែង ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងគាត់ស្នាក់នៅនោះឡើយ។

ជួបជាមួយកោះសន្តិភាពនៅកន្លែងកើតហេតុ ស្ត្រីរងគ្រោះជាមួយនឹងកូនស្រី បានរៀបរាប់ប្រាប់ឱ្យដឹងថា នៅយប់កើតហេតុ ពេលចប់ម៉ោងធ្វើការ គាត់និងកូនស្រី រួមជាមួយនារីម្នាក់ទៀតដែលធ្វើការជាមួយគ្នាបានដើរចេញពីហាងទៅបន្ទប់ជួលវិញ ដែលមានចម្ងាយជាង៣០០ម៉ែត្រ។ ពេលដើរដល់ចំណុចផ្លូវបំបែកខាងមុខផ្ទះសំណាក់ «៧៧៧» នារីម្នាក់នោះក៏ជិះកង់ហួសទៅផ្ទះរបស់នាង រីឯគាត់និងកូនស្រីក៏បានដើរទៅកាន់បន្ទប់ជួលដែលនៅខាងមុខនោះប្រហែល៥០ម៉ែត្រប៉ុណ្ណោះ។
ស្ត្រីរងគ្រោះបាននិយាយបន្តថា «នៅពេលខ្ញុំនិងកូនស្រីដើរហួសខាងមុខផ្ទះសំណាក់«៧៧៧» បន្តិច ស្រាប់តែមានមនុស្សប្រុសវ័យក្មេងៗចំនួន២នាក់ ជិះម៉ូតូកញ្ចាស់មកពីមុខ រួចកាក់ខ្ញុំឲ្យឈប់ ពេលនោះមានប្រុសម្នាក់ចុះពីលើម៉ូតូ រួចស្ទុះមករុញខ្ញុំនិងកូនស្រីទៅក្រោមដើមចំប៉ី ជាមួយនឹងដៃកាន់កូនកាំបិ.តភ្ជង់ចង្កេះរបស់ខ្ញុំជាប់»។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា «ជាមួយនឹងការភ្ជង់ ជនម្នាក់នោះក៏បានគំរា.មខ្ញុំមិនឲ្យស្រែក និង គំរា.មឲ្យខ្ញុំប្រគល់កាបូបលុយ តែខ្ញុំប្រាប់ថា «ខ្ញុំគ្មានលុយទេ»។ បន្ទាប់មកជននោះក៏បានស្ទាបកាបូបដឹងថា អត់មានអ្វី វាក៏លូករាវក្នុងអាវខ្ញុំ ច្របាច់ពេញៗដៃ ហើយប៉ះចំកញ្ចប់ថង់ដាក់គ្រឿងអលង្ការដែលគាត់លាក់ទុកក្នុងអាវ វាក៏ទាញយកទៅ រួចរត់ឡើងជិះម៉ូតូចេញទៅទិសខាងលិចបាត់ស្រមោលតែម្ដង»។
ស្ត្រីរងគ្រោះបានប្រាប់បន្តថា «ជនសង្ស័យវ័យក្មេងៗ ជិះម៉ូតូស៊េរីចាស់ តែគាត់អាចស្គាល់មុខម្នាក់បើឃើញ។ ចំណែកគ្រឿងអលង្ការដែលត្រូវក្រុមចោរ២នាក់នេះ «ប្លន់»យកទៅនោះ រួមមាន ៖ កងដៃផ្លាទីនមួយឈុតតម្លៃ១៥,០០០បាត និងចិញ្ចៀន២វង់ដែលទើបនឹងសន្សំប្រាក់ខែទិញបានថ្មីតម្លៃជាង១៥០ដុល្លារ»។

ស្ត្រីរងគ្រោះបានបញ្ជាក់ទៀតថា «ពេលនេះ គាត់អស់ទ្រព្យពីខ្លួនហើយ សូម្បីតែប្រាក់១សេនសម្រាប់ទិញបាយឲ្យកូនស្រីហូបក៏គ្មានដែរ ហើយក៏ពុំមានប្រាក់សម្រាប់ឲ្យកូនរៀនដែរ ព្រោះគាត់ជាស្ត្រីមេម៉ាយ ស្នាក់នៅតែបន្ទប់ជួលជាមួយកូនស្រីម្នាក់អាយុ១២ឆ្នាំ ធ្វើការងារតាមហាង លាងចាន និងបោសសំអាត បានប្រាក់ខែបន្តិចបន្តួចសម្រាប់តែបង់ថ្លៃបន្ទប់ជួលផង សម្រាប់កូនស្រីរៀនផង និងសម្រាប់ទិញបាយហូបផង តែពេលនេះគាត់គ្មានសល់អ្វីទេ»។

ជុំវិញករណីចោរជិះម៉ូតូតាមស្ទាក់ «ប្លន់» ស្ត្រីបម្រើការក្នុងហាងទាំងកណ្ដាលអធ្រាត្រខាងលើនេះដែរ បើនិយាយពីសមត្ថកិច្ចវិញ លោក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ក៏ដូចលោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌដែរ គិតត្រឹមម៉ោង១០និង២២នាទីព្រឹក ថ្ងៃទី២១ ខែមិថុនានេះ មេដឹកនាំកម្លាំងជំនាញទាំងពីរូបនេះ បានឆ្លើយយ៉ាងខ្លីប្រហាក់ប្រហែលគ្នាថា «អត់បានដឹងទេ»។ ប៉ុន្តែលោក លឹម ពុទ្ធីឡា បានបញ្ជាក់បន្ថែមថា «លោកមិនបានដឹងរឿងនេះទេ ព្រោះគ្មានអ្នករាយការណ៍»។

យ៉ាងណាក៏ដោយ បើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ករណី «ប្លន់» នេះ កុំថាឡើយកម្លាំងការិយាល័យជំនាញ ឬលោកស្នងការរងដឹង សូម្បីសមត្ថកិច្ចមូលដ្ឋាន ជាពិសេសលោកអធិការក្រុង ក៏មិនបានជ្រាបដែរ តែមានអ្នករត់ម៉ូតូឌុបមួយចំនួនបានដឹងរឿងនេះ ពេលកើតហេតុភ្លាមៗ។

យ៉ាងណាក្ដី ក្រោយស្ត្រីរងគ្រោះ និងកូនស្រីបានបញ្ចប់ការផ្ដល់ព័ត៌មានដល់កោះសន្តិភាពភ្លាមមក គេឃើញមន្ត្រីជំនាញ អធិការក្រុងបាត់ដំបងម្នាក់បានមកដល់កន្លែងកើតហេតុ រួចសួរនាំព័ត៌មានបឋមពីជនរងគ្រោះ ហើយក៏បានដឹកស្ត្រីរងគ្រោះទៅកាន់អធិការក្រុង ដើម្បីសាកសួរពីដំណើររឿង «ប្លន់» នេះលំអិត។ ហើយគេមិនទាន់ដឹងថា ក្រោយស្ដាប់ការបំភ្លឺពីជនរងគ្រោះ តើសមត្ថកិច្ចមានតម្រុយខ្លះៗដែរឬយ៉ាងណាទេ ពីមុខសញ្ញាជនសង្ស័យ? តែយ៉ាងណា ពេលនេះមន្ត្រីជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវហើយ៕
ចែករំលែកព័តមាននេះ