រាជធានីភ្នំពេញ ៖ មានមនុស្សម្នាជាច្រើនតែងតែស្តាយក្រោយជានិច្ច នៅពេលដែលពួកគាត់ជួបរឿងនឹកស្មានមិនដល់ ឬក៏ធ្វើអ្វីមួយខុសនោះនៅក្នុងជីវិត ។ រហូតមានពាក្យចាស់លោកពោលថា «ពេលវេលាជាមាសប្រាក់» ហើយពេលវេលាមិនរង់ចាំយើងឡើយ ។
ជាក់ស្តែង លោកគ្រូ សាន សុជា បានបង្ហោះវីដេអូមួយដែលមានរយៈពេលជាង៧នាទី នាព្រឹកថ្ងៃទី២១ ខែមិថុនានេះថា «មិនចេះហួសពេល ព្រោះអ្នកនៅមានថ្ងៃនេះ» ដោយលោកគ្រូ បានបញ្ជាក់ថា ៖ ហួសពេលត្រូវបានប្រើតែពេលទៅលើមនុស្សដែលមិនស្គាល់តម្លៃនៃពេលវេលាដែលកំពុងតែប្រាកដក្នុងពេលនេះឯង ។ លោកគ្រូ សាន សុជា បានបន្តថា ដូចថ្ងៃមុនខ្ញុំបានបង្ហោះពាក្យថា បើម្សិលមិញមានរឿងរ៉ាវធ្វើឲ្យអ្នកមិនសប្បាយចិត្ត ចូរអ្នករីករាយចំពោះអ្វីដែលកំពុងប្រាកដក្នុងពេលបច្ចុប្បន្ននេះ ។

លោកម្ចាស់គ្រូ សាន សុជា បានបន្ថែមទៀតថា ពាក្យថា រឿងទាំងឡាយត្រូវបានផ្សាំផ្គុំឡើងដោយចិត្ត ដូច្នេះទើបព្រះបរមគ្រូ ព្រះអង្គទ្រង់ ប្រៀបធៀបនូវចិត្តហ្នឹង ដូចជាកលមាយាបូកផ្សំលិច កើត ជើងត្បូងទៅជារឿង ។ តើអ្នកទាំងឡាយមានសង្កេតឃើញទេ? មានយប់ខ្លះដែលអ្នកសម្រាន្តមិនលក់ គេងមិនលក់ តើរូបអ្នកជាអ្នកធ្វើការ ឬចិត្តអ្នកជាអ្នកធ្វើការ ? គឺចិត្តជាអ្នកធ្វើការ វាគិតរឿងនេះ រឿងនោះ ហើយចិត្តនោះមិនសូវនៅមួយក្រវ៉ល់រាងកាយយើងនោះទេ គឺវាតែងតែហោះហើរទៅកាន់អារម្មណ៍ឆ្ងាយៗ ។ ដូច្នេះហើយទើបព្រះបរមគ្រូ ទ្រង់កំណត់សញ្ញាផ្លូវរបស់ចិត្ត ដែលយើងហៅថា វិថីចិត្តមាន៦ច្រក គឺទ្វារភ្នែក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្តាត ទ្វារកាយ និងទ្វារចិត្ត ។ ហើយទ្វារទាំងអស់នេះ មិននៅទីណា ក្រៅពីនៅជាមួយអ្នកទាំងអស់គ្នាទេ ។

ជាមួយគ្នានោះដែរ លោកគ្រូ សាន សុជា ក៏បានបន្តទៀតថា ឃើញទេ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងធម៌ៗហ្នឹង គឺធម៌នៅក្នុងអ្នកទាំងអស់គ្នាហ្នឹងឯង មិនមែនធម៌នៅក្នុងព្រះត្រៃបិដក មិនមែនធម៌នៅទីណាមួយនៃពិភពលោកនេះ ក្រៅពីធម៌នៅក្នុងខ្លួនយើងទាំងអស់គ្នានោះទេ ។ ដូច្នេះពាក្យថា សិក្សាព្រះធម៌ ស្តាប់ព្រះធម៌ ប្រតិបត្តព្រះធម៌ គឺអនុវត្តសង្កេតតាមដាន នូវអ្វីដែលកំពុងប្រាកដ នៅក្នុងខ្លួនយើងម្នាក់ៗ ។ ដូច្នេះ រឿងប្រសិនបើយើងបណ្តោយចិត្តឲ្យគិត វាមានច្រើនប្រភេទ ច្រើនរឿង ហើយធំៗទៀតផង រហូតដល់មានបងប្អូនមួយចំនួនទទួលយកលែងបាន គិតថា បើមិនមានជីវិតប្រហែលអាចជារួចខ្លួនពីរឿងទាំងអស់នោះ ។
លោកគ្រូ សាន សុជា ថា ប៉ុន្តែឥឡូវ សាកល្បងទាញចិត្តទាញគំនិតមកមើលជុំវិញខ្លួនយើងបន្តិចមើល៎ ដូចជាខ្ញុំកំពុងតែអង្គុយក្នុងបន្ទប់នេះ ហើយផ្តោតទៅលើកាមេរា ឃើញទេ នៅពេលដែលខ្ញុំកំពុងតែផ្តោតលើការមេរា កំពុងគិតទៅលើអ្វីដែលខ្ញុំចង់និយាយទៅអ្នកទាំងឡាយ រឿងទាំងអស់អត់បានគ្របចិត្តខ្ញុំទេ មិនមែនខ្ញុំអត់រឿងទេ មាន ។ ប៉ុន្តែនៅពេលដែលខ្ញុំផ្តោតទៅលើកាមេរានៅពេលនេះ អ្វីៗនៅជុំវិញខ្ញុំពេលនេះ ចិត្តនេះត្រូវបានកាត់បន្ថយពីរឿងរ៉ាវដែលខ្ញុំអង្គុយគិតមិញ ។ អ៊ីចឹងកាលណាគិតនៅក្នុងរឿងនៅជិតៗយើងហើយជាពិសេសចំពោះអ្វីដែលកំពុងប្រាកដនេះមានកម្លាំងជាងចិត្តដែលគិតប្រមើល៎ស្រមៃ ។ ព្រោះពេលដែលចិត្តគិតស្រមើលស្រមៃ ចិត្តមិនបានផ្តោតទៅលើរឿងអ្វីឲ្យច្បាស់លាស់នោះទេ ហើយវាចេះតែហោះទៅ វាចេះតែគិតទៅរហូតឲ្យយើងមានអារម្មណ៍ថា អស់កម្លាំងនូវពេលដែលយើងសម្រាន្ត ក៏លក់មិនស៊ប់ ស្រមើលស្រមៃរហូតដល់ទៅយល់សប្តិច្រើន ភ្ញាក់ឡើងក៏នៅតែអស់កម្លាំង ។

លើសពីនេះទៅទៀត លោកគ្រូ សាន សុជាក៏បានបញ្ជាក់ថា អ៊ីចឹងបានមាគ៌ាព្រះបរមគ្រូព្រះអង្គទ្រង់បង្រៀន គឺមិនបង្រៀនយើងហួសវិស័យដែលយើងយកមកប្រតិបត្តិទេ ។ អ៊ីចឹងអ្នកឡាយដែលចង់ដើរតាមមាគ៌ាព្រះធម៌ គួរជ្រើសរើសមាគ៌ាព្រះធម៌ដែលអ្នកទាំងឡាយ ពិសោធន៍បាន កុំស្តាប់ធម៌រវើរវាយ កុំស្តាប់ធម៌ដែលមើលមិនឃើញ ឬក៏ពិសោធន៍មិនបាន ។ ថ្វីត្បិតតែពាក់ព័ន្ធនឹងមេរៀនខ្លះវាពាក់ព័ន្ធនឹងចិត្តដែលជាអច្ឆរិយខ្លះ ប៉ុន្តែនោះមិនមែនជាចំណុចស្នូលដែល អ្នកត្រូវតែរត់ទេ ។ ធម៌ដែលអ្នកឡាយត្រូវទៅរក គឺធម៌ដែលកំពុងប្រាកដតាមភ្នែក តាមត្រចៀក តាមច្រមុះ តាមអណ្តាត តាមកាយយើងទាំងមូលហ្នឹង និងចិត្តដែលវាកំពុងគិតហ្នឹងឯង ។
ដូច្នេះ ពាក្យថា ហួសពេលមិនមានទេ សម្រាប់អ្នកដែលយល់នូវសភាវៈដែលកំពុងប្រាកដ ដូចពាក្យដែលព្រះបរមគ្រូ ព្រះអង្គទ្រង់ត្រាស់ថា កិច្ចដែលគួរធ្វើដុសខាត់សម្អាតចិត្ត បុគ្គលគួរតែធ្វើថ្ងៃនេះឯង ។ ហួសពេល បុគ្គលច្រើនតែនិយាយបូកពីពេលមុនមក បានធ្វើអីៗហើយឥឡូវហួសពេល តែតើយើងមានថ្ងៃនេះឬអត់? កំពុងប្រាកដថ្ងៃនេះ ឥឡូវនេះយើងមានឬអត់? មាន អ៊ីចឹងយើងផ្ទៀងផ្ទាត់ ជាមួយពាក្យព្រះសម្មាសម្ពុទ្ធ អម្បាញ់មិញថា កិច្ចដែលគួរធ្វើដុសខាត់សម្អាតចិត្ត ចម្រើនបញ្ញាហ្នឹង បុគ្គលគួរធ្វើក្នុងថ្ងៃនេះឯង មិនមែនថ្ងៃម្សិលមិញទេ គឺថ្ងៃនេះឯង មិនមែនថ្ងៃស្អែកទេ អ៊ីចឹងពាក្យនេះយើងបញ្ជាក់ថា អត់ហួសពេលទេ ព្រោះយើងមានថ្ងៃនេះ ។

ទន្ទឹមនោះដែរ លោកគ្រូ សាន សុជា បានបន្ថែម ព្រះអង្គបញ្ជាក់ទៀតថា នរណាហ្នឹងដឹងថា ស្លា.ប់នូវថ្ងៃស្អែក? យើងជាមនុស្សសាមញ្ញធម្មតាហ្នឹងអត់មានអភិញ្ញា យើងអត់មានដឹងពីអនាគតបាន ប៉ុន្តែស្អីដែលយើងដឹង គឺយើងដឹងកំពុងតែមានថ្ងៃនេះឯង អ៊ីចឹងមិនថាពីម្សិលមិញ ខែមុន ឆ្នាំមុន យើងចំណាយពេលអស់ប៉ុន្មានទេ ឲ្យតែយើងមានថ្ងៃនេះ គឺយើងអាចចាប់ផ្តើមថ្ងៃនេះ គឺយើងអាចធ្វើសេចក្តីល្អថ្ងៃនេះ យើងអាចចម្រើនបញ្ញាថ្ងៃនេះ សូមឲ្យអ្នកទាំងឡាយមានថ្ងៃនេះជាថ្ងៃល្អ ៕


ចែករំលែកព័តមាននេះ