ខេត្តបាត់ដំបង ៖ ជាងជួសជុលម៉ូតូម្នាក់ ទំនងរកចំណូលបានតិចតួចពេក ក៏មានមហិច្ចតាលោភលន់ ងាកទៅចាប់យកមុខជំនួញគ្រឿងញៀនបន្ថែមទៀត តែត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត តាមដាន រហូតត្រូវឃាត់ខ្លួនបាន និងដកហូតវត្ថុតាងគ្រឿងញៀនបានចំនួនជាង៣០គីឡូក្រាម រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត កាលពីរសៀលថ្ងៃទី១៩ មិថុនា នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យក្នុងបទល្មើសគ្រឿងញៀននេះ ឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ។ ជននេះ ត្រូវបានឃាត់ខ្លួនដំបូង ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង នៅចំណុចភូមិ-សង្កាត់ខាងលើ ។
នៅក្នុងកិច្ចប្រតិបត្តិការជាក់ស្ដែងនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់នេះ និង ដកហូតបានវត្ថុតាងគ្រឿងញៀនរាប់សិបគីឡូក្រាម ដែលជននេះរក្សាទុកជាប់ខ្លួន និងលាក់ទុកនៅ
ក្នុងបន្ទប់ជួលស្នាក់នៅ ។ កម្លាំងជំនាញដកហូតវត្ថុតាងបានពេលជនសង្ស័យកំពុងប្រព្រឹត្តជាក់ស្ដែងលើកទី១ នៅភូមិកាប់គោថ្មី សង្កាត់អូរចា រឹបអូសបានថ្នាំជាង០១គីឡូក្រាម រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ក្រោយសួរនាំ មន្ត្រីជំនាញបានចុះទៅដកហូតលើកទី២ ដែលជននេះលាក់ទុកនៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចំការប្ញស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានគ្រឿងញៀនជាង៣០គីឡូក្រាមទៀត ។
បើតាមរបាយការណ៍ការិយាល័យជំនាញបានឲ្យដឹងថា វត្ថុតាងដែលដកហូតពេលជនសង្ស័យកំពុងធ្វើការដោះដូរជាក់ស្ដែងនៅភូមិកាប់គោថ្មី រួមមាន៖ ១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ឬ ម៉ាទឹកកក) ចំនួន០៦កញ្ចប់ធំ មានទម្ងន់១៣៣៨,៨៤ក្រាម ២-ជញ្ជិងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ៣-ទូរស័ព្ទដៃចំនួន០២គ្រឿង ៤-ប្រាត់ថៃចំនួន១,២០០បាត ៥-ប្រាក់ដុល្លាចំនួន១០០ដុល្លារ ៦-ប្រាក់ខ្មែរចំនួន៤លានរៀល និងស្លាកលេខម៉ូតូចំនួន០២ ។
បន្ទាប់ពីនាំខ្លួនយកទៅសួរនាំ ជននេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួននៅមានគ្រឿងញៀនប្រភេទ ICE នេះ មួយចំនួនធំទៀត ជារបស់មេខ្លោងដែលប្រគល់ឲ្យខ្លួនរក្សាទុកនៅក្នុងបន្ទប់ជួល តែជននេះមិនបាននិយាយពីឈ្មោះមេខ្លោងប្រាប់សមត្ថកិច្ចនាពេលនោះទេ ។ ក្រោយពីទទូលបានចម្លើយសារភាពកម្លាំងការិយាល័យជំនាញ ក៏បានចុះទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យខាងលើនេះ រហូតរកឃើញ និង ដកបានគ្រឿងញៀនប្រភេទ ICE នេះចំនួនជាង៣០គីឡូក្រាមបន្ថែមទៀត ។
របាយការណ៍បឋម ដែលកោះសន្តិភាពទទួលបានបានឲ្យដឹងថា វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យឈ្មោះ ថោង សូស៊ីវិន ទាំង០២លើកមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE ឬ ម៉ាទឹកកក) សរុបចំនួន៤៧កញ្ចប់ធំ មានទម្ងន់សរុប ៣១៧១៣,៣៤ក្រាម និង មានវត្ថុតាងពាក់ព័ន្ធដូចខាងលើមួយចំនួនទៀត ។ បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ជនសង្ស័យរូបនេះ មានមុខរបរពិតប្រាកដ គឺជា «ជាងជួសជុលម៉ូតូ» តែមួយរយៈកន្លងមកនេះ ស្រាប់តែជាងម្នាក់នេះ បែរជាងាកទៅចាប់យកមុខរបរបន្ថែមដ៏មហិមាមួយទៀត គឺ «ប្រព្រឹត្តបទល្មើសជូញដូរគ្រឿងញៀន» ក្នុងទ្រង់ទ្រាយយ៉ាងធំដុំ តាមមហិច្ចតាលោភលន់របស់ខ្លួន ។
មន្ត្រីដដែលបានបញ្ជាក់បន្ថែមថា ក្រោយពីកំណត់បានថា ជាងម៉ូតូម្នាក់នេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំដុំបែបនេះ ទើបមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ហែម វុទ្ធី ចេញបញ្ជាឲ្យកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ និងតាមដានពីសកម្មភាពជាងជួសជុលម៉ូតូម្នាក់នេះជាប្រចាំរហូតឈានដល់ការបង្ក្រាបបានតែម្ដង ជាមួយនឹងវត្ថុតាងដ៏ច្រើនសម្បើម ។ នៅចំពោះមុខសមត្ថកិច្ចនិងវត្ថុតាង ដ៏ច្រើនគរដូចភ្នំបែបនេះ ថោង សូស៊ីវិន បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសជូញដូរគ្រឿងញៀងដ៏មហាសម្បើមនេះមែន ហើយក៏ទទូលស្គាល់ថា គ្រឿងញៀន និងវត្ថុតាងដទៃទៀតដែលសមត្ថកិច្ចបានដកហូតនោះ ក៏ជារបស់ខ្លួនដែរ ។
ប៉ុន្តែជននេះ ហាក់រារែកក្នុងការនិយាយពីប្រវត្តិជូញដូរគ្រឿងញៀនរបស់ខ្លួន និងព្យាយាមលាក់បាំងពីសាវតាមេខ្លោងរបស់ខ្លួនទៀត ដែលជាអ្នកផ្ដល់គ្រឿងញៀនជាង៣១គីឡូក្រាម ទុកឲ្យខ្លួនលក់ដូរ ។ ប៉ុន្តែកម្លាំងជំនាញបានិងកំពុងស្រាវជ្រាវ អំពីសាវតាមេខ្លោងជូញដូរគ្រឿងញៀនដ៏ធំសម្បើមនេះហើយ។ ទោះយ៉ាងណា មន្ត្រីជំនាញបានប្រាប់ថា ក្រោយបញ្ចប់ការសួរនាំ ពេលនេះលោកមេបញ្ជាការខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ទៅកាន់សាលាដំបូងខេត្តហើយ៕






ចែករំលែកព័តមាននេះ