ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​​ជន​ដែល​អះ​អាង​ថា​ជា​អ្នក​កាសែត​​បង្ក​គ្រោះថ្នាក់​​ចរាចរណ៍​​រួច​គេច​ខ្លួន​

14 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​មន្ត្រី​នគរបាល​នៃ​អធិការ​​ដ្ឋាន​ស្រុក​ស្នួល កំពុងតែកសាងសំណុំរឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​បង្ក​ឱ្យ​មនុស្សរងរបួសធ្ងន់ និង​ស្រាល ហើយរថយន្ត​បាន​រង​ការ​ខូចខាត​អស់​ជាច្រើនគ្រឿង រីឯជន​បង្ក​​ដែល​​អះ​អាង​ថា​ជា​ក្រុមអ្នក​កាសែត​នោះ​ បានរត់គេចខ្លួនបាត់។ រហូតមកទល់នឹងពេលនេះមានរយះពេល​មួយសប្តាហ៍​​ហើយ

ខេត្ត​ក្រចេះ ៖ ​មន្ត្រី​នគរបាល​នៃ​អធិការ​​ដ្ឋាន​ស្រុក​ស្នួល កំពុងតែកសាងសំណុំរឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​បង្ក​ឱ្យ​មនុស្សរងរបួសធ្ងន់ និង​ស្រាល ហើយរថយន្ត​បាន​រង​ការ​ខូចខាត​អស់​ជាច្រើនគ្រឿង រីឯជន​បង្ក​​ដែល​​អះ​អាង​ថា​ជា​ក្រុមអ្នក​កាសែត​នោះ​ បានរត់គេចខ្លួនបាត់។ រហូតមកទល់នឹងពេលនេះមានរយះពេល​មួយសប្តាហ៍​​ហើយ ដែលនគរបាលនៃ​អធិ​ការ​ដ្ឋានស្រុកស្នួល បាន​និង​កំពុងកសាង​សំណុំរឿង​​បញ្ជូន​ទៅកាន់​សាលា​ដំបូង​ខេត្ត​ និងស្វែង​រកចាប់​ខ្លួន​ជនបង្ក​ដែល​អាច​ជាអ្នកកាសែត​ជជុះ​ដែល​បានធ្វើ​សកម្ម​ភាពដេញប៉ផាប់​ចាប់​​ពភីង​ទៅ​លើ​រថយន្ត​​ដឹកជន្លុងម្រេច បណ្តាលឱ្យ​ជួបគ្រោះ​ថ្នាក់​ចរា​ចរណ៍​លើដងផ្លូវជាតិ ខូច​ខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ​និង​រង​របួស​មនុស្ស​​ផង​ដែរ។

គួរ​រំលឹកថា កាលពីវេលាម៉ោង១១​និង​៥០​នាទីយប់ ថ្ងៃទី៣០ មេសា ​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​លើផ្លូវជាតិលេខ៧ ចំណុច​ទួលថ្មពួក ភូមិឃ្សឹម​ក្រៅ ឃុំឃ្សឹម ស្រុកស្នួល មានករណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយដែលបង្ក​ឡើង​ដោយរថយន្ត​ម៉ាក​កាមរីពណ៌ទឹកសមុទ្រ ពាក់​ស្លាកលេខភ្នំពេញ 2M-0392 បើកបរដោយ​ឈ្មោះ​យ៉ាន បរិសុទ្ធ ភេទប្រុស ដែលអះអាងថា​ខ្លួនជាចាងហ្វាង​សារ​ព័ត៌មានវិមានឯករាជ្យ​បានធ្វើសកម្មភាពបើក​រថយន្ត​ដេញស្ទាក់​រថយន្ត​ទួ​រីស​ដឹក​ជន្លុង​ម្រេច ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-0967 ពណ៌ខៀវ បើកបរដោយឈ្មោះ​ធី កាណាល់ ភេទ​ប្រុស អាយុ​១៨ឆ្នាំ បណ្តាលឲ្យ​រថយន្ត​​ធ្លាក់​​ជង្ហុក​​ក្រឡាប់​ជា​ច្រើន​​ត្រឡប់​​ ហើយ​អ្នក​បើក​បរ​រងរបួស​ជា​ទម្ងន់​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ​យប់ថ្ងៃកើតហេតុ​រថយន្តទួរីស​មួយ​គ្រឿងនេះមានដឹកឈើជន្លុងម្រេចជាច្រើនដើម​ចេញពីចំណុចភូមិឃ្សឹម ហើយរថយន្ត​​​ក្រុម​ជន​ដែល​​អះ​អាង​ថា​ជា​អ្នកកាសែត​​មាន​​គ្នា​ច្រើន​នាក់​ដែល​​ចតជាបណ្តុំកុងត្រូលជជុះនៅ​ចំណុច​ទួល​ពន្លឺ ឃុំឃ្សឹម ស្រុកស្នួល មានចំនួនបីគ្រឿង បាន​​​បើក​ដេញតាមស្ទាក់ទារលុយពីរថយន្តដឹក​ជន្លុងម្រេច​នោះ ។ លុះមកដល់ចំណុច​កើតហេតុ​ខាង​លើ​ក៏​បាន​កៀររថយន្តទួរីស​ដឹកជន្លុង​ម្រេច​នេះ​​ធ្លាក់​ចូល​ជង្ហុកផ្លូវក្រឡាប់ជាច្រើន​​ត្រឡប់ បណ្តាលឲ្យ​បុរសជាអ្នកបើករថយន្តរង​របួស​ធ្ងន់​សន្លប់នៅ​នឹងកន្លែង។ រីឯរថយន្ត​ក្រុម​ជន​ដែល​អះ​អាង​ថា​ជា​អ្នកកាសែតទាំង​បីគ្រឿង មួយគ្រឿង ម៉ាក​​កាមរី​ពណ៌ទឹកសមុទ្រគូទស្វិត ពាក់ស្លាក​លេខ​ភ្នំពេញ 2M-0392 បើកបរ​ដោយឈ្មោះ​យ៉ាន បរិសុទ្ធ បានជ្រុលទៅបុករថយន្តម៉ាក​កាមរី​ឆ្លាម ពណ៌ប្រផេះ ​របស់​ឈ្មោះ​នូ សុផល ខណៈ​​ពេល​ម្ចាស់រថយន្ត​នោះ​កំពុង​តែឈរពិនិត្យ​មើល​រថយន្ត​ខូច​របស់ខ្លួន​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​រងរបួសធ្ងន់សន្លប់នៅនឹងកន្លែង។ ឯរថយន្ត​មួយគ្រឿងទៀតបានរេ​ចង្កូត​ទៅ​បុក​ម៉ូតូអ្នកធ្វើ​ដំណើរ បណ្តាល​ឲ្យ​​អ្នក​បើក​​ម៉ូតូ​នោះ​រងរបួស​ដូច​គ្នា។   

បន្ទាប់ពីបង្កហេតុរួច រថយ​ន្ត​ក្រុម​ជន​ដែល​គេ​ស្គាល់​តាម​ការ​អះអាង​ថា ជាក្រុមអ្នកកាសែត​ជជុះ​មានចំនួនពីរគ្រឿងទៀតបាន​​បើក​រត់​គេច​ខ្លួន​បាត់ តែទោះបីជាយ៉ាងណាក៏​សមត្ថកិច្ចកំពុង​តែ​តាម​ស្រាវជ្រាវផងដែរ។ លោក​ម៉ែន ប៊ុនធឿន អធិការរងស្តី​ទី​នៃ​អធិ​ការដ្ឋាននគរបាលស្រុកស្នួល បានមាន​ប្រសាសន៍​​ឲ្យដឹងកាលពីថ្ងៃទី៦ ​ឧសភា ថា បន្ទាប់ពីធ្វើការវាស់វែងនៅកន្លែងកើតហេតុ​រួច​សម្ភារ និង​រថយន្តទាំងអស់ត្រូវបានយក​មក​រក្សា​ទុកនៅក្នុងអធិការដ្ឋាន ។ ដោយ​ឡែក​​ក្រុមជន​បង្ក​ដែល​បាននាំគ្នារត់គេច​ខ្លួនបន្ទាប់ពីបង្ក​គ្រោះ​ថ្នាក់នៅតាម​ដងផ្លូវនោះ ក៏​ត្រូវបានសមត្ថ​កិច្ច​ជំនាញកសាងសំណុំរឿង​បញ្ជូនទៅ​​សាលាដំបូង ​ខេត្ត ​ដើម្បីសុំដីកា​នាំខ្លួន​មក​​វិនិ​ច្ឆ័យ​​ទោស​ ទោះ​បី​ជា​ពេល​នេះ​​ពួក​គេ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ​ក្តី ៕