ខេត្តតាកែវ ៖ ក្រោយមានកាសែតផ្សព្វផ្សាយយ៉ាងព្រោងព្រាតនូវរឿងរ៉ាវរបស់លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបុរី មិនលក់ពាក្យដេញថ្លៃអោយទៅក្រុមហ៊ុនជាច្រើន ពេលនេះដឹងដល់សភាពាណិជ្ជកម្មខេត្តហើយ។
លោក ជីប ភក្តីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ បានប្រាប់កោះសន្តិភាពថា បើសិនអាជ្ញាធរមិនលក់ពាក្យដេញថ្លៃអោយទៅក្រុមហ៊ុន ដើម្បីប្រកួតប្រជែងគ្នាអោយមានតម្លាភាព គឺអាជ្ញាធរជាអ្នកខុសទាំងស្រុង។

លោកបានបន្តទៀតថា ក្នុងនាមលោកជាប្រធានសភាពាណិជ្ជកម្មខេត្ត លោកនឹងជម្រាបទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ ដើម្បីអោយអាជ្ញាធរស្រុកអង្គរបុរី ធ្វើការបកស្រាយថា មូលហេតុអ្វីបានជាមិនលក់ពាក្យដេញថ្លៃអោយទៅក្រុមហ៊ុន?។
គួររំលឹកថា ក្រុមហ៊ុនជាច្រើនទៅទិញពាក្យដេញថ្លៃ តែអភិបាលស្រុកមិនព្រមលក់ឲ្យដដែល។ ខណៈជិតដល់ថ្ងៃដែលបើកសំណើរដេញថ្លៃធ្វើផ្លូវបេតុងអាមេ ប្រវែងជាង៤រយម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋបាលសាលាស្រុកអង្គរបុរី តែលោកចៅហ្វាយស្រុក នៅតែមិនព្រមលក់ពាក្យឲ្យក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃដដែល។
ជារឿងផ្ទុយស្រឡះ ដែលលោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបុរី ដាក់ប្រកាសលក់ពាក្យដេញថ្លៃជាសាធារណៈក្នុងគម្រោងធ្វើផ្លូវអភិវឌ្ឍក្នុងមូលដ្ឋានខ្លួននោះ គឺមិនលក់ពាក្យឲ្យក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃឲ្យទូលំទូលាយនោះទេ។ ហើយមានក្រុមហ៊ុនជាច្រើនដែលមានបំណងទៅទិញពាក្យបានបញ្ជាក់ថា អ្នកកាន់ពាក្យសម្រាប់លក់ឲ្យក្រុមហ៊ុនមិនព្រមលក់ទេ គឺទាល់តែមានបញ្ជាពីលោក រស់ ប៊ុនធឿន ដែលជាចៅហ្វាយស្រុក ទើបគេព្រមលក់ឲ្យ។ ពួកគេនិយាយថា ប្រហែលជាលោកចៅហ្វាយស្រុក លក់ពាក្យឲ្យក្រុមហ៊ុនណាដែលមានសម្ព័ន្ធភាពស្និទ្ធជាមួយលោកហើយមើលទៅ ព្រោះងាយស្រួលនិយាយគ្នា ពេលដេញថ្លៃបានគម្រោង ដែលសង្ស័យថា ឃុបឃិតគ្នាពុករលួយរវាងអាជ្ញាធរ និងក្រុមហ៊ុន។

ពាក់ព័ន្ធការមិនលក់ពាក្យឲ្យក្រុមហ៊ុននេះ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបុរី មិនអាចសុំការបំភ្លឺបានទេ ដោយហៅទូរស័ព្ទចូលជាច្រើនដង ប៉ុន្តែលោកមិនទទួល។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកអង្គរបុរី បានប្រកាសលក់ពាក្យចូលរួមដេញថ្លៃការងារជុសជុលផ្លូវបេតុងអាមេ ប្រវែង៤៥១ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង០១កន្លែង ប្រចាំឆ្នាំ២០២៣ ស្ថិតនៅភូមិពន្លៃខាងជើង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយលក់ពាក្យចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ និងទទួលពាក្យបើកសំណើរដេញថ្លៃនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទីព្រឹក នៅអង្គភាពលទ្ធកម្មសាលាស្រុកអង្គរបុរី។
ក្នុងនោះដែរ រដ្ឋបាលសាលាស្រុក បានបញ្ជាក់ថា គ្រប់បណ្តាក្រុមហ៊ុន សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អាចចូលរួមដាក់ពាក្យដេញថ្លៃបានជាសារធារណៈបាន ប៉ុន្តែដល់ពេលទៅទិញ អត់មានអ្នកលក់ឱ្យទេ ដូចទៅសុំភ្លើងយក្ស។ ដរាបណាមានព័ត៌មានប្លែក យើងនឹងផ្សាយជូនបន្តទៀត៕


ចែករំលែកព័តមាននេះ