រាជធានីភ្នំពេញ ៖ បន្ទាប់មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តមួយចំនួន ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នថា នៅសប្តាហ៍ខាងមុខនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម លាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រា ក់ ។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹក នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។
ក្រសួងបានលើកឡើងថា លក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំណែកតំបន់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាមានពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៣-៣៥អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-៣៣ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ក្រសួងបានលើកឡើងថា អាស្រ័យដូចព័ត៌មានបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕



ចែករំលែកព័តមាននេះ