ខេត្តបាត់ដំបង ៖ បាត់មុខបីថ្ងៃមិនឃើញជនជាតិបារាំងម្នាក់ចេញក្រៅបន្ទប់ ស្រាប់តែអ្នកបរើការបានប្រទះឃើញជនបរទេសរូបនេះ ដេកស្លាប់ក្នុងស្ថានភាពហើបស្អុយទៅហើយ នៅក្នុងបន្ទប់«រីសត»មួយកន្លែង ដែលបានជូលស្នាក់នៅជាប្រចាំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី១៨ មិថុនា ហើយម្ចាស់ «រីសត»នេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗដែរ ដើម្បីជួយអន្តរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពដែលគេប្រទះឃើញដេកស្លាប់នោះ ឈ្មោះ David Frederic Joseph ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិបារាំង ។ ជនបរទេសរូបនេះ ដេកស្លាប់នៅក្នុងបន្ទប់លេខ១១៥ ជាទីតាំងសម្រាប់ជនបរទេសជូលស្នាក់នៅ មានយីហោ« ដឹ សាំង ជូរី វីឡា» ដែលគេសម្គាល់ថា ជា«រីសត»។ បើតាមប្រភពព័ត៌មាន ជនបរទេសរូបនេះ បានជួលបន្ទប់ស្នាក់នៅក្នុង«រីសត» ខាងលើប្រហែលជិត០៣ឆ្នាំកន្លងមកហើយ។

ប្រភពបានប្រាប់ថា ជនរងគ្រោះតែងចេញចូលស្នាក់នៅជាធម្មតា តែប្រហែលបីថ្ងៃមុនកើតហេតុ គេមិនបានឃើញបុរសនេះចេញពីបន្ទប់សោះ។ លុះនៅវេលាម៉ោងជិតពាក់កណ្ដាលយប់ថ្ងៃទី ១៨ មិថុនា ដោយមានការសង្ស័យអ្នកបំរើការម្នាក់បានដើរទៅមើល និងគាស់ទ្វារបន្ទប់មិនឮឆ្លើយ ទើបដឹងថា ជនបរទេសរូបនេះដេកស្លាប់ ដោយចាក់គន្លឹះទ្វារជាប់ពីខាងក្នុងផង ទើបមានការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចមូលដ្ឋានបានចងខ្សែហ៊ុមព័ទ្ធបន្ទប់កើតហេតុទាំងយប់ ក្រោយហេតុការណ៏នេះកើតឡើង ដើម្បីរង់ចាំមន្ត្រីបច្ចេកទេសចុះពិនិត្យសាកសព នៅព្រឹកថ្ងៃទី ១៩ មិថុនា។ គេឃើញមន្ត្រីជំនាញបច្ចេកទេស គ្រូពេទ្យ និងមានតំណាងអយ្យការអមសាលាដំបូងខេត្តផង បានចុះទៅពិនិត្យសាកសពនៅព្រឹកថ្ងៃបន្ទាប់ ។ ប៉ុន្តែពុំមានអ្នកសារព័ត៌មានណាម្នាក់ ត្រូវបានគេអនុញាតឲ្យចូលទៅយកព័ត៏មាននៅខាងក្នុង នៃកន្លែងកើតហេតុទេ ព្រោះចៀសវាងកុំឲ្យរញ៉េរញ៉ៃកន្លែងកើតហេតុ។ ឆ្មាំទ្វារ រីសត បានទាញទ្វារបិទជិតឈឹងតែម្ដង។ បើពិនិត្យលើស្ថានភាពនៅកន្លែងកើតហេតុ ហាក់មានការតឹងតែងខ្លាំងណាស់។

សមត្ថកិច្ចមូលដ្ឋានបានយកខ្សែចងហ៊ុមព័ទ្ធទីតាំងកើតហេតុទាំងយប់ តាមលក្ខណៈបច្ចេកទេស ដើម្បីរារាំងមិនឲ្យអ្នកគ្មានជំនាញទៅក្បែរ ។ ឆ្មាំទ្វារបានទាញទ្វារបិទជិតឈឹង មានតែសមត្ថកិច្ចទេ ដែលមានវត្តមាននៅកន្លែងកើតហេតុនោះ ខណៈក្រុមអ្នកសារព័ត៏មាន រង់ចាំដំណឹងពីសមត្ថកិច្ចយ៉ាងប្រសេកប្រសាចនៅខាងក្រៅរបង ។ ប៉ុន្តែបែរជាគេឃើញមានមន្ត្រីមួយក្រុមដឹកនាំដោយលោកចៅហ្វាយក្រុងបាត់ដំបង បាននាំគ្នាចុះទៅបើកខ្សែបំរាមចូលលុកលុយពេញកន្លែងកើតហេតុទាំងកណ្ដាលយប់ ហើយលោកអភិបាលក្រុង ថែមទាំងបានថតរូបសាកសពនិងសកម្មភាពនានា បង្ហោះហ្វេសប៊ុកផ្អើលទាំងកណ្ដាលយប់ទៀតផង។

សមត្ថកិច្ចជំនាញមួយចំនួនបានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពក្រុមការងារលោកចៅហ្វាយក្រុងខាងលើនេះ ដែលនាំគ្នាបើកខ្សែបំរាមលូនចូលទៅយ៉ាងកៀកនឹងបន្ទប់កើតហេតុអើតមើលសាកសពទាំងក្រុមលោកគ្មានជំនាញបន្តិចសោះ។ អ្នករិះគន់បានលើកឡើងថា បើតាមនីតិវិធី នៃការពិនិត្យកន្លែងកើតហេតុ មានតែមន្ត្រីជំនាញទេ ដែលមានសិទ្ធចូលទៅទីនោះ តែនេះមន្ត្រីជំនាញមិនទាន់បានចុះទៅផង ស្រាប់តែលោកចៅហ្វាយក្រុង ដឹកនាំកម្លាំងចុះទៅលុកលុយពេញកន្លែងកើតហេតុទាំងកណ្ដាលអាធ្រាត្រខ្ទិចខ្ទីអស់ទៅហើយ។ មិនយល់ពីការងារជំនាញរបស់សមត្ថកិច្ចបន្តិចសោះ បើទោះជាសមត្ថកិច្ចបានចងខ្សែហ៊ុមព័ទ្ធជាសញ្ញាមិនអនុញាតឲ្យចូលក្ដី។

នៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន គេឃើញលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលលោកបានពិព័ណ៌នាអំពីសកម្មភាពរបស់លោក ដឹកនាំមន្ត្រីក្រោមឪវ៉ាទចុះពិនិត្យសាកសពជនរបទេសនោះទាំងកណ្ដាលយប់។ នៅក្នុងរូបភាពប៉ុន្មានសន្លឹកនោះ គេឃើញមានអ្នកទាញលើកខ្សែបំរាមពណ៌លឿងហ៊ុមព័ទ្ធទីតាំងកើតហេតុ ឲ្យលោក លាង វាសនា នាំកម្លាំងចូលយ៉ាងកៀកទ្វារនៃបន្ទប់ ដើម្បីពិនិត្យនិងថតរូបសាកសព ដែលមានអ្នកបញ្ចាំងពិលបំភ្លឺទៀតផង។

មន្ត្រីជំនាញបានចាត់ទុកសកម្មភាពនេះថា ជាកំហុសយ៉ាងធ្ងន់ធ្ងរ ដែលលោកអភិបាលក្រុងរូបនេះ ដឹកនាំមន្ត្រីរបស់ខ្លួនចូលទៅលុកលុយកន្លែងកើតហេតុ ក្នុងនាមក្រុមរបស់លោកគ្មានជំនាញសោះ។ មន្ត្រីម្នាក់បានលើកឡើងថា គេបានចងខ្សែពណ៌លឿងហ៊ុមព័ទ្ធការពារកន្លែងកើតហេតុ ដើម្បីរង់ចាំមន្ត្រីបច្ចេកទេសចុះពិនិត្យនៅព្រឹកថ្ងៃបន្ទាប់។ ព្រោះគ្មាននិតិវិធីណា ចុះពិនិត្យសពពេលយប់ទេ តែបែរជាលោកចៅហ្វាយក្រុង នាំមន្ត្រីរបស់ខ្លួន ចុះលុកលុយកន្លែងកើតហេតុ ធ្វើឲ្យមន្ត្រីជំនាញជួបការលំបាក ក្នុងការត្រូវពិនិត្យស្លាកស្នាមនៅកន្លែងកើតហេតុ។

នេះមិនមែនលើកទី១ ទេដែលលោកអភិបាលក្រុង បង្ហាញនូវសកម្មភាពបែនេះ តែពុំមានមន្ត្រីណាប្រតិកម្ម។ លោកអភិបាលក្រុង គួតែយល់ពីកិច្ចការរបស់សមត្ថកិច្ចផង។ នេះជាការប្រតិកម្មពីសំណាក់មន្ត្រីជំនាញមួយចំនួនដែលទើសភ្នែក ចំពោះសកម្មភាពក្រុមការងារលោកអភិបាលក្រុង ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចការរបស់មន្ត្រីជំនាញបច្ចេកទេស ។

យ៉ាងណាក្ដី ពាក់ព័ន្ធនឹងការស្លាប់របស់ជនបរទេសខាងលើនេះវិញ បើតាមប្រភពក្រៅរបងរីសត បានឲ្យដឹងថា យោងតាមការបំភ្លឺនានា ពីអ្នកបំរើការនៅទីនោះ និង យោងលើវត្ថុតាងខ្លះៗ ដែលសមត្ថកិច្ចប្រទះឃើញនៅក្នុងបន្ទប់ជនរងគ្រោះខាងលើនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនបរទេសរូបនេះអាចដេកស្លាប់ដោយសារ«ជំងឺរ៉ាំរៃ» ប្រចាំកាយ។ សាកសពបុរសបរទេសរូបនេះ ស្ថិតក្នុងស្ថានភាពហើមស្អុយទៅហើយ ដែលអាចដេកស្លាប់យ៉ាងតិចចន្លោះពីពីរទៅបីថ្ងៃមុនពេលគេប្រទះឃើញសាកសព៕

ចែករំលែកព័តមាននេះ