រាជធានីភ្នំពេញ ៖ នៅទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី៥ ឧសភា មានរៀបចំកិច្ចប្រជុំប្រចាំខែដើម្បីពិនិត្យសកម្មភាពការងាររាល់ខែរបស់ទូរគមនាគមន៍កម្ពុជា ក្រោមអធិបតី ភាពលោកឡៅ សារឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ។ របៀបវារៈដែលត្រូវលើកយកមកដាក់ក្នុងកិច្ចប្រជុំនោះមាន១-ពិនិត្យឡើងវិញ និងវាយតម្លៃលើសកម្មភាពការងារខែមេសា កន្លងមក ២-លើកវិធានការសម្រាប់ខែឧសភា ឆ្នាំ២០១១ ៣-វាយតម្លៃសមិទ្ធផលការងាររយៈពេល៣ឆ្នាំ និងបញ្ហាផ្សេងៗ ព្រមទាំងស្តាប់របាយការណ៍របស់តំណាងនិយោជិតទូរគមនាគមន៍កម្ពុជា ។
លោកឡៅ សារឿន អគ្គនាយកទូរគមនាគមន៍កម្ពុជា បានធ្វើការណែនាំនៅក្នុងកិច្ចប្រជុំនោះថា ការងារដែលមិនទាន់បានអនុវត្តត្រូវបញ្ជាក់អំពីមូលហេតុឱ្យបានច្បាស់លាស់ ដើម្បីរកវិធានការដោះស្រាយ ។ ត្រួតពិនិត្យឡើងវិញនូវការងារ៣ឆ្នាំកន្លងមក ដើម្បីកែសម្រួលការងារមិនទាន់អនុវត្តបាន និងលើកទិសដៅបន្ត ។ គ្រប់គ្រងឱ្យបានល្អនូវធនធានរូបវន្ត ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ។ គ្រប់នាយកដ្ឋានត្រូវប្រជុំប្រចាំសប្តាហ៍ កន្លះខែ និងប្រចាំខែរួចផ្ញើរបាយការណ៍ប្រជុំមកនាយកដ្ឋានរដ្ឋបាលដើម្បីរៀបចំដាក់ជូនឯកឧត្តមអគ្គនាយក និងត្រូវចៀសវាងការលើកផែនការដដែលៗ ។ ជំរុញការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងអង្គភាព និងខាងក្រៅ ។ ចំពោះ Job description របស់និយោជិត ត្រូវសរសេរឱ្យចំការងារជាក់ស្តែង ។ គ្រប់នាយកដ្ឋានត្រូវអប់រំនិយោជិតឱ្យមានវិន័យ និងសណ្តាប់ធ្នាប់ក្នុងការងារ ។ ផ្ទៃក្នុងនាយកដ្ឋាន បើមានបញ្ហាដោះស្រាយមិនចេញ ត្រូវពិភាក្សាជាមួយអគ្គនាយករង ។
អង្គប្រជុំបានដាក់ចេញនូវវិធានការសម្រាប់អនុវត្តបន្តក្នុងខែឧសភា ឆ្នាំ២០១១ មានដូចខាងក្រោម៖១-ជំរុញថែទាំ និងជួសជុលកាប្លិ៍អុបទិកក្រោមដី និងកាប្លិ៍អាកាស, ២-បន្តជំរុញការទារបំណុលតាមអង្គភាព ស្ថាប័នរដ្ឋ ឯកជន និងខេត្ត-ក្រុង, ៣-បន្តជំរុញការលក់ និងសិក្សាទីផ្សារ, ៤-បន្តអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្ត-ក្រុង, ៥-បន្តកាត់បន្ថយការិយាធិបតេយ្យ, ៦-បន្តបម្រើអតិថិជនដោយឥតលក្ខខណ្ឌ, ៧-បន្តកែប្រែឥរិយាបថពីអ្នកគ្រប់គ្រង មកជា «អ្នកផ្តល់សេវា», ៨-បន្តរិះរកសេវាថ្មីៗ ដែលមានក្នុងគម្រោងឆ្នាំ២០១១, ៩-បន្តបណ្តុះបណ្តាលនិយោជិត តាមមុខជំនាញ ១០-បន្តគោរពវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អជាប្រចាំ និង១១-បន្តពង្រីកឧបករណ៍សម្រាប់បម្រើសេវាកម្មតាមអង្គភាព ៕
ចែករំលែកព័តមាននេះ