ខេត្តបាត់ដំបង ៖ រឿងរ៉ាវ«ស្នេហាត្រីកោណ» រវាងឈ្មួញរកស៊ីទិញលក់គោជាមួយគ្នា រហូតឈានដល់ការណាត់ប្រយុទ្ធបង្ហូរឈា.មគ្នា ដោយប្រើប្រាស់កាំបិ.តខ្វែវ បណ្ដាលឲ្យភាគីទាំងពីររងរបួសដូចគ្នា ហើយត្រូវសមត្ថកិច្ចបញ្ជូនជាមួយគ្នាទៅកាន់មន្ទីរពេទ្យភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចវាលស្រែបឹងចក ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ដែលភាគីទាំងពីរនេះ អាចប្រឈមនឹងផ្លូវច្បាប់ជាមួយគ្នា ព្រោះតែគ្មានភាគី «រងគ្រោះ» នោះទេ។ នេះបើតាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ច។

បើតាមលោក សេង លុច អធិការស្រុកថ្មគោល បានប្រាប់ឱ្យដឹងថា នៅក្នុងសំណុំរឿង «ស្នេហាត្រីកោណ» របស់ក្រុមឈ្មួញទិញលក់គោខាងលើនេះ គឺមានតួអង្គប្រុសសំខាន់២នាក់ ប៉ុន្តែក៏មានយុវជនម្នាក់ទៀតដែលស្ថិតនៅជាមួយភាគីម្ខាង ក៏ត្រូវជាប់ផុងក្នុងរឿងនេះដែរ ព្រោះតែយុវជននោះ បានហក់ចូលរួមប្រយុទ្ធផ្ទាល់នៅពេលគូរជម្លោះបើកឆាកច្បាំងគ្នាដោយកាំបិ.ត។

នៅក្នុងរបាយការណ៍បឋមរបស់អធិការស្រុកថ្មគោល បានឲ្យដឹងថា ភាគីទី១ ដែលគេចាត់ទុកថា ជាភាគីនាំបង្ករឿងមុនមានឈ្មោះ ច្រិម ភារុណ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់។ រីឯភាគីទី២ មានឈ្មោះ អន សម្ផស្ស ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរលក់សាច់គោនៅផ្សារថ្មគោល រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល។ ដោយឡែកយុវជនម្នាក់ទៀតដែលស្ថិតជាមួយភាគីទី២នេះ ហើយក៏កំពុងប្រឈមនឹងផ្លូវច្បាប់ដែរ ព្រោះតែចូលរួមធ្វើសង្គ្រាម «ស្នេហាត្រីកោណ» នេះផ្ទាល់ នៅថ្ងៃកើតហេតុនោះ មានឈ្មោះ សម្បត្តិ ដាឡែន អាយុ២២ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។

តាមរយៈការណ៍ដដែលនេះ សមត្ថកិច្ចបានលាតត្រដាងប្រវត្តិខ្លះៗនៃភាគីទាំងពីរនេះថា បើតាមផ្ដល់ចម្លើយបឋមពីភាគីទាំងពីរ សង្គ្រាម «ស្នេហាត្រីកោណ» នេះ បានចាប់ផ្ដើមចេញពីភាគីទី១ ឈ្មោះ ច្រិម ភារុណ ដែលប្រច័ណ្ឌប្រពន្ធទៅលើភាគីទី២។ ហើយឈ្មោះ ច្រិម ភារុណ នេះ បានចោទប្រកាន់ទៅលើភាគីទី២ ឈ្មោះ អន សម្ផស្ស ថា បានលួចទំនាក់ទំនងស្នេហាជាមួយប្រពន្ធខ្លួន ក្នុងអំឡុងពេលកំពុងមានទំនាក់ទំនងមុខរបរទិញលក់គោជាមួយគ្នាទៅវិញទៅមក។ ប្រភពដដែលបន្តថា រឿងរ៉ាវនេះ គេនៅមិនទាន់បានដឹងឲ្យស៊ីជម្រៅជាងនេះថា តើភាគីទាំងពីរ ធ្លាប់ឈ្លោះប្រកែកគ្នា ឬធ្លាប់ណាត់សម្របសម្រួលគ្នាប៉ុន្មានលើកកន្លងមកហើយទេ មុនពេលណាត់ជួបបង្ហូរឈា.មគ្នាបែបនេះ?។
ប៉ុន្តែបើតាមចម្លើយបំភ្លឺពីភាគីទី២ ឈ្មោះ អន សម្ផស្ស ដែលមន្ត្រីជំនាញបានស្រង់សម្ដីសរសេរក្នុងរបាយការណ៍ថា នៅមុនពេលកើតហេតុ គឺឈ្មោះ ច្រិម ភារុណ បានទូរស័ព្ទហៅខ្លួន (អន សម្ផស្ស) ឲ្យទៅជួប ដោយកុហកថា មានគេលក់គោ (នៅចំណុចកើតហេតុ)។ នៅពេលនោះខ្លួនក៏ជិះម៉ូតូជាមួយឈ្មោះ សម្បត្តិ ដាឡែន ទៅកន្លែងណាត់ជួបខាងលើនេះ ភ្លាមៗផងដែរ។

សមត្ថកិច្ចដែលសួរនាំរឿងនេះ បាននិយាយថា នៅពេលភាគីទាំងពីរបានជួបគ្នា ពួកគេមិននិយាយពីរឿងលក់គោនោះទេ តែបែរជាឈ្មោះ ច្រិម ភារុណ ផ្ដើមសួរដេញដោលឈ្មោះ អន សម្ផស្ស ពីរឿងលួចទាក់ទងប្រពន្ធខ្លួនទៅវិញ។ ភាគីទាំងពីរសួរដេញដោលគ្នាយ៉ាងតឹងសរសៃ.ក រហូតបង្កក្លាយទៅជាជម្លោះពេញទំហឹង ដែលផ្ដើមចេញពីសំណុំរឿង «ស្នេហាត្រីកោណ» គ្មានភាពច្បាស់លាស់នេះ។
សមត្ថកិច្ចបានសរសេរក្នុងរបាយការណ៍បន្តថា ស្របពេលតួអង្គទាំងពីរ កំពុងតែតឹងតែងដាក់គ្នាកាន់តែខ្លាំងឡើង ស្រាប់តែជនទី៣ ឈ្មោះ សម្បត្តិ ដាឡែន ដែលស្ថិតនៅខាងភាគីទី២ បានស្ទុះទៅដាល់កញ្ចប់មាត់ភាគីទី១ ឈ្មោះ ច្រិម ភារុណ មួយដៃ ទើបធ្វើឲ្យជននេះខឹង ក៏ស្ទុះទៅទាញកាំបិ.តខ្វែវដែលយកតាមខ្លួនកា.ប់ទៅលើឈ្មោះ ដាឡែន ត្រូវមួយកាំបិតតែរបួសស្រាល និងដេញកា.ប់ទៅលើឈ្មោះ អន សម្ផស្ស ទៀត បណ្ដាលឲ្យត្រូវរបួសក្បាលធ្ងន់តែម្តង។

បើតាមសមត្ថកិច្ចបានប្រាប់បន្តថា នៅពេលភាគីទី១ ទាញកាំបិ.តខ្វែវដេញកា.ប់ទៅលើភាគីទី២ រហូតមានរបួស ពេលនោះឈ្មោះ អន សម្បតិ្ត បានព្យាយាមចូលដណ្ដើមកាំបិ.តពីឈ្មោះ ភារុណ រហូតដណ្ដើមបាន ហើយឈ្មោះ អន សម្បត្តិ ក៏កា.ប់ទៅលើឈ្មោះ ភារុណ វិញយ៉ាងចាស់ដៃ បណ្ដាលឲ្យឈ្មោះ ភារុណ នេះ រងរបួសយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង។ ក្រោយពីច្បាំងគ្នារហូតមានរបួសរៀងៗខ្លួន ទើបផ្អើលដល់សមត្ថកិច្ច និងក្រុមគ្រួសារ ហើយក្រុមគ្រួសារ និងសមត្ថកិច្ចក៏ជួយបញ្ជូនគូរជម្លោះទាំង៣នាក់ដែលរងរបួសក្នុងសង្គ្រាម «ស្នេហាត្រីកោណ» នេះ ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ជុំវិញអំពើហិ.ង្សាដ៏កំរោលដែលផ្ដើមចេញពីរឿង «ស្នេហាត្រីកោណ» ខាងលើនេះ លោក សេង លុច អធិការស្រុកថ្មគោល បានប្រាប់ថា ក្រោយការស្ដាប់ចម្លើយបឋមពីភាគីជម្លោះទាំងពីរ គឺអំពើហិ.ង្សាដែលបានកើតឡើងដោយសារភ្លើង «ប្រច័ណ្ឌ» ដែលផ្ដើមចេញពីភាគីទី១ ឈ្មោះ ច្រិម ភារុណ ប្រច័ណ្ឌប្រពន្ធខ្លួនទៅលើឈ្មោះ អន សម្បត្តិ។
ប៉ុន្តែបើយោងលើការពិនិត្យជាក់ស្ដែងលើសកម្មភាពនៃការប្រយុទ្ធគ្នា ដោយប្រើប្រាស់កាំបិ.តជាអាវុធ រហូតមានរបួសស្នាមរៀងៗខ្លួនបែបនេះ លោក សេង លុច បានបញ្ជាក់ថា ពុំមានភាគីណាមួយដែលត្រូវបានចាត់ជា «ជនរងគ្រោះ ឬជាដើមបណ្ដឹង» នោះទេ គឺពួកគេបានប្រវា.យប្រតប់ដណ្ដើមកាំបិ.តគ្នា ហើយកា.ប់គ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសធ្ងន់ដូចៗគ្នា។

លោកអធិការបានបញ្ជាក់បន្ថែមថា ដោយស្ថិតក្នុងស្ថានភាពបែបនេះ លោកស្នងការខេត្ត ក៏ដូចលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាអញ្ជើញក្រុមគ្រួសារនៃភាគីទាំងពីរមកធ្វើការធានា រួចយកជនបង្កសង្គ្រាមទាំងអស់ទៅដេកព្យាបាលនៅមន្ទីរពេទ្យសិន។ ហើយក្រោយការតាមដាន និងត្រួតពិនិត្យពីកម្លាំងសមត្ថកិច្ច នឹងត្រូវបញ្ជូនភាគីជម្លោះទាំងអស់នេះទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយពេលពួកគេជាសះស្បើយពីរបួសវិញ។
លោក សេង លុច បានបញ្ជាក់ប្រាប់ចុងក្រោយថា ពេលនេះលោកស្នងការ និងលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យមន្ត្រីជំនាញរបស់លោកចងក្រងតែសំណុំរឿងបញ្ជូនទៅប្រគល់ឲ្យសាលដំបូងជាមុន រីឯជនសង្ស័យទាំង៣នាក់នឹងត្រូវបញ្ជូនទៅតាមក្រោយ បន្ទាប់ពីពួកគេចេញពីមន្ទីរពេទ្យ។ នេះជាលទ្ធផលចុងក្រោយនៃសង្គ្រាមក្នុងរឿង «ស្នេហាត្រីកោណ» របស់ក្រុមឈ្មួញរកស៊ី «ទិញ-លក់គោ» ដែលផ្ដើមចេញពីភ្លើងប្រច័ណ្ឌប្រពន្ធ៕

ចែករំលែកព័តមាននេះ