ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អោយ​ប្រជាពលរដ្ឋ​ទន្ទ្រាន​ដី​រដ្ឋ​រាប់រយ​រាប់​ពាន់​ហិកតា រួច​ប្រមូល​ទិញ​ជា​ក្រោយ

10 ខែ មុន
  • ស្ទឹងត្រែង

ផ្ទៃដី​រដ្ឋ​ល្បី​ថា រាប់រយ​រាប់​ពាន់​ហិ​កតា ស្ថិត​នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ត្រូវ​បាន​ទន្ទ្រាន​ចាប់​យក​តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​ប្រជាពលរដ្ឋ រួច​ប្រមូល​ទិញ​ដោយ​អ្នកមាន​លុយ​មហាសាល​ម្នាក់

ខេត្តស្ទឹងត្រែង ៖ ផ្ទៃដី​រដ្ឋ​ល្បី​ថា រាប់រយ​រាប់​ពាន់​ហិ​កតា ស្ថិត​នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ត្រូវ​បាន​ទន្ទ្រាន​ចាប់​យក​តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​ប្រជាពលរដ្ឋ រួច​ប្រមូល​ទិញ​ដោយ​អ្នកមាន​លុយ​មហាសាល​ម្នាក់​។

តាម​ប្រភព​ព័ត៌មាន បានអោយ​ដឹង​ថា ផ្ទៃដី​រដ្ឋ ខ្លះ​ថា​រាប់រយ ខ្លះ​ថា​រាប់​ពាន់​ហិ​កតា​នោះ គឺ​ត្រូវ​ប្រជាពលរដ្ឋ​កា​.​ប់​ទន្ទ្រាន​លក់​ទៅ​អោយឈ្មោះ ភារៈ ដោយ​មិនដឹង​ថា តើ ភារៈ នោះ​ធ្វើ​ការងារ​អ្វី​ទេ? តែ​មាន​លុយ​ប្រមូល​ទិញ​ដី​រដ្ឋ រាប់រយ​រាប់​ពាន់​ហិ​កតា កាយ​ប្រ​វ៉ា​ត់​ព្រំ​ដី ជីក​ស្រះ ធ្វើ​ផ្ទះ​លំហែ ជា​ហូរហែ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា នា​ពេល​ថ្មី​ៗ​មុន​នេះ​បន្តិច ដោយ​បន្ត​ផែនការ​សម្អាត​ផ្ទៃដី ដែល​បាន​ទិញ​រួច ម្ចាស់​ដី​ក៏​បាន​ជួល​គ្រឿងចក្រ (​អា​អ៊ិ​ច​) ទៅ​គាស់​កាយ​លើ​ផ្ទៃដី​នោះ ស្រាប់តែ​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ទៅ​បង្ក្រាប នាំ​យក​គ្រឿងចក្រ​ទៅ​រក្សា​ទុក​នៅ​កន្លែង​មេព្រៃ​ផង​ដែរ ចំណែក​ម្ចាស់​គ្រឿងចក្រ​ដាក់​មេ​ប្រូច​បាត់​។

ទាក់ទិន​នឹង​ការ​អោយ​ប្រជាពលរដ្ឋ​កា​.​ប់រាន​ទន្ទ្រាន​ដី​រដ្ឋ ហើយ​ប្រមូល​ទិញ​ជា​ក្រោយ​នោះ គេ​មិន​ទាន់​ដឹង​ថា តើ​មាន​ឯកសារ​ពាក់ព័ន្ធ​មួយ​ណា​ដែល​ត្រូវ​នឹង​ច្បាប់ទម្លាប់​នោះ​ដែរ? ព្រោះ​ពុំ​ទាន់​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​បង្ហាញ​អំពី​អត្តសញ្ញាណ​ម្ចាស់​ដី​នោះ​នៅឡើយ​ដែរ ពោល​គឺ​ហាក់បីដូច មាន​អាថ៌​កំបាំង​អ្វី​នៅ​ពីក្រោយ​ផ្ទៃដី​រដ្ឋ នៅ​ចំណុច​ភូមិ ឃុំ ស្រុក​ខាងលើ​នេះ ព្រោះ​ផ្ទៃដី​រដ្ឋ​រាប់រយ​រាប់​ពាន់​ហិ​កតា មិនមែន​អ្នកមាន​លុយ​តិចតួចស្តួចស្តើង​អាច​ធ្វើ​ទៅ​បាន​នោះ​ឡើយ គ្រាន់តែ​មាន​ពាក្យ​ថា​ឈ្មោះ ភារៈ​។

ពាក់ព័ន្ធ​ករណី​បង្ក្រាប​គ្រឿងចក្រ​នៅ​លើ​ផ្ទៃដី​រដ្ឋ​ខាងលើ​នេះ កោះសន្តិភាព​កំពុង​រង់ចាំ​ស្តាប់​មើល​ថា ដំណើរការ​នីតិវិធី​ស្រាវជ្រាវ ម្ចាស់​ដី​រាប់រយ​រាប់​ពាន់​ហិ​កតា​នោះ តើ​ជាន​ណា​អោយ​ប្រាកដ​នៅឡើយ​ទេ?។ ប៉ុន្តែ​មាន​អ្នក​បង្ហើប​ថា ឈ្មោះ​ភារៈ​នេះ ជា​បុគ្គល​កំពុង​តែ​មាន​អំណាច​ក្រាស់​នៅ​លើ​ស្មា កំពុង​អួត​ពី​ខ្នង​ក្រាស់ ទើប​អាច​ឈូស​ឆាយដី​រដ្ឋ​រាប់រយ​រាប់​ពាន់​ហិ​កតា​ដោយ​រលូន​យ៉ាងនេះ​។

ព័ត៌មាន​ពិស្ដារ​នឹង​មាន​ផ្សាយ​បន្ត ក្រោយ​ពី​មាន​ប្រតិកម្ម​ណាមួយ ដែល​កន្លង​មក​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ