ខេត្តបាត់ដំបង៖ ដីព្រៃលិចទឹកនៅក្នុង«តំបន់៣» ដែលស្ថិតក្នុងភូមិសាស្ត្រក្នុងស្រុកឯកភ្នំ រាប់រយហិកតានៅតែរងការកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជនពីសំណាក់ជនខិលខូចមួយចំនួន បើទោះជារាជរដ្ឋាភិបាលបានព្រមានខ្លាំងៗ ពីចំណាត់ការតាមផ្លូវច្បាប់ក្ដី។ នេះបើតាមរបាយការណ៍របស់មន្ត្រីជំនាញ ដែលចុះធ្វើការស្រាវជ្រាវរកឃើញបទល្មើសថ្មីៗនេះ កាលពីជាងមួយសប្ដាហ៍មុន តែអាជ្ញាធរស្រុកជាប់បឹងទន្លេសាបមួយនេះអះអាងថា ថ្នាក់លើបានចេញបញ្ជាឲ្យតាមឃ្លាំមើល និងតាមចាប់ខ្លួនជនប្រព្រឹត្តហើយ។

អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានប្រាប់កោះសន្តិភាព អំពីរឿងនេះ នៅព្រឹកថ្ងៃទី ១៦ មិថុនា ថា ពិតជាមានការឈូសឆាយថ្មីៗលើដី «តំបន់៣» មែន តែបើតាមការពិនិត្យជាក់ស្ដែង ដីតំបន់នោះ ខកខានធ្វើស្រែពីរឆ្នាំកន្លងមកហើយ។ លោកបាននិយាយថា ដោយសារមិនបានធ្វើស្រែពីរឆ្នាំ ធ្វើឲ្យកូនឈើលូតលាស់ឡើងវិញ ហើយត្រូវជនខិលខូចយកគ្រឿងចក្រទៅឈូសឆាយជាថ្មី តាមពិតជាកន្លែងចាស់ដែលគេធ្លាប់ធ្វើស្រែកន្លងមក។

ប៉ុន្តែយ៉ាងណា ត្រង់ចំណុចខ្លះស្ថិតនៅក្នុង«តំបន់៣» ដែលត្រូវហាមឃាត់ដោយច្បាប់។ កាលពីជាងមួយសប្ដាហ៍មុននេះ កម្លាំងចម្រុះ ដែលដឹកនាំដោយមន្ត្រីជលផល បានចុះពិនិត្យនិងធ្វើការស្រាវជ្រាវរកមើលបទល្មើសកាប់ទន្ទ្រានយកដីនៅតំបន់ព្រៃលិចទឹក នៅក្នុង«តំបន់៣» ក្នុងភូមិសាស្ត្រលើឃុំចំនួន០៣ ក្នុងស្រុកឯកភ្នំ គឺឃុំព្រៃចាស់ ឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង ។

បើតាមរបាយការណ៍ស្រាវជ្រាវបឋមរបស់មន្ត្រីជំនាញ ដែលកោះសន្តិភាពទទួលបាន គឺដីក្នុង«តំបន់៣» ដែលស្ថិតនៅក្នងភូមិសាស្ត្រ ឃុំព្រៃចាស់ ត្រង់ចំណុច«កៀនស្បូវ» ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ កម្លាំងចម្រុះបានរកឃើញស្លាកស្នាម ជនល្មើសបានប្រើត្រាក់ទ័រឈូសឆាយ និង ទើបភ្ជួររួចថ្មីៗ ប្រហែលជិត៥០ហិកតា ក្នុងនោះ មានកន្លែងខ្លះស្រូវដុះខៀវស្រងាត់ទៅហើយ និង រឹបអូសបានសម្ភារមួយចំនួនផង។

ដោយឡែក បើនិយាយពីបទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុង«តំបន់៣» ដែលទើបកើតឡើង
ថ្មីៗនៅក្នុងភូមិសាស្ត្រ ឃុំព្រែកនរិន្ទ ឯណោះវិញ បើយោងលើរបាយការណ៍ គេរកឃើញមានការ កាប់ទន្ទ្រានឈូសឆាយយកដីព្រៃលិចទឹកនៅ«តំបន់៣» ភាគច្រើននៅចំណុចខាងជើង«បឹងធំ» ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រែកនរិន្ទ។ មន្ត្រីជំនាញ បានរកឃើញផ្ទៃដីយ៉ាងតិចជាង១០០ហិកតា ត្រូវបានជនល្មើសកាប់ទន្ទ្រានយក។ មិនត្រឹមតែកាប់ទន្ទ្រានព្រៃយកដីប៉ុណ្ណោះទេ បើតាមប្រភពព័ត៌មានថា ក្រុមជនល្មើសថែមទាំងបានប្រើប្រាស់គ្រឿងចក្រ កាយដីធ្វើជាព្រំប្រទល់ខ្វែងខ្វាត់ពេញតំបន់ហាមឃាត់។

បើតាមព័ត៌មានក្រៅផ្លូវការ ដែលល្បីតៗគ្នាថា ពេលនេះ ក្រុមជនល្មើសហាក់កំពុងប្រឹងប្រែងឈូសឆាយវាទយកដីព្រៃ«តំបន់៣» ត្រង់ចំណុចខាងលើខ្លាំងដៃណាស់ ព្រោះគេល្បីថា មានអ្នកមានលុយ និងមានអំណាចត្រៀមចាំទិញបន្ត ដោយសារមានអ្នកផ្ដល់សញ្ញាធានា ជួយរត់ការស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសុំកាត់ឆ្វៀល។ មិនខុសគ្នាពីការទន្ទ្រានយកដីព្រៃលិចទឹកនៅ«តំបន់៣» នៅក្នុងឃុំទាំងពីរខាងលើនេះទេ នៅក្នុងទឹកដី ឃុំព្រែកហ្លូង ក៏មានរបាយការណ៏លាតត្រដាងអំពីជនល្មើសលួចកាប់ទន្ទ្រានយកដីព្រៃ «តំបន់៣» ថ្មីៗអស់ជាច្រើនហិកតាដែរ។

បើតាមរបាយការណ៍បានបង្ហាញថា ដីព្រៃលិចទឹកដែលត្រូវក្រុមជនល្មើសលួចកាប់ទន្ទ្រានយក នៅក្នុង«តំបន់៣» ក្នុងឃុំព្រែកហ្លួងនេះ ភាគច្រើនស្ថិតក្នុងភូមិសាស្ត្រ ភូមិបាក់រទេះ។ បើតាមមន្ត្រីជំនាញដែលចុះពិនិត្យស្រាវជ្រាវ បទល្មើសកាប់ទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់ទន្លេសាបខាងលើនេះ បានឲ្យដឹងថា ដើមរុក្ខជាតិជាច្រើនប្រភេទ ដែលជាជម្រកសម្រាប់ត្រីពងកូន ត្រូវបានគេកាប់ និង ដុតបំផ្លាញ។ ដូចជា ដើមកូនរាំង ដើមភ្នំភ្នៀង ដើមអញ្ចាញ និង ដើមខ្នាយមាន់ ។ល។និង។ល។ ប៉ុន្តេត្រង់ចំណុច លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានបញ្ជាក់ថា ដើមរុក្ខជាតិទាំងនោះ ភាគច្រើនទើបលូតលាស់ថ្មី ក្រោយពីខកខានធ្វើស្រែពីរឆ្នាំកន្លងមកនេះ។

ពាក់ព័ន្ធនឹងការរកឃើញបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹកជាថ្មីខាងលើនេះ បើតាមលោក ម៉ិល សុផល បានពន្យល់ថា លោកបានទទូលបានរបាយការណ៍នេះដែរ តែលោកមិនទាន់ហ៊ានសន្និដ្ឋានថា ជាបទល្មើសថ្មី ឬជាទីតាំងចាស់នោះទេ។ ពីព្រោះមានកន្លែងខ្លះត្រូវបានរាជរដ្ឋាភិបាលចេញគោលការណ៍«កាត់ឆ្វៀល»ជូនប្រជាពលរដ្ឋហើយ។

ដូច្នេះ ទាល់តែមន្ត្រីភូមិបាល ចុះពិនិត្យទីតាំងផ្ទាល់ទើបបានដឹងច្បាស់។ ចំពោះដីនៅ«តំបន់៣» ជាប់ព្រំប្រទល់ទល់ខេត្តបន្ទាយមានជ័យ ត្រង់ចំណុច«កៀនស្បូវ» ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ដែលក្រុមជនល្មើស បានបើត្រាក់ទ័រភ្ជួរ និង ព្រោះស្រូវដុះខៀវស្រងាត់ខ្លះៗ ប្រមាណជិត៥០ហិកតានោះ បើតាមលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានបញ្ជាក់ថា ក្រុមអ្នកកាន់កាប់ដីនៅតំបន់នោះ ធ្លាប់ធ្វើលិខិតស្នើសុំទៅលោកអភិបាលខេត្តបាត់ដំបង ដើម្បីសុំកាន់កាប់ដីនោះស្របច្បាប់ តែលោកអភិបាលខេត្ត បានបដិសេធតាំងពីដំបូងមក។ ប៉ុន្តែពេលនេះស្រាប់តែមានការលួចចូលទន្ទ្រានឈូសឆាយ កាន់កាប់ជាថ្មីទៀត តែលោកបានធ្វើរាយការណ៍ជូនលោកអភិបាលខេត្តហើយ ដើម្បីសុំគោលការណ៍។

លោកអភិបាលស្រុកបានបញ្ជាក់ថា ឥឡូវលោកអភិបាលខេត្តបានចេញបញ្ជាហើយ ឲ្យសមត្ថកិច្ចតាមឃ្លាំមើលពីសកម្មភាពក្រុមជនល្មើសដែលលួចឈូសឆាយដី«តំបន់៣» ក្នងទឹកដីឃុំព្រៃចាស់ ខាងលើនេះ ត្រូវចាប់ខ្លួនតែម្ដង បើពួកគេនៅតែបន្តធ្វើសកម្មភាពលើដីនៅតំបន់នោះ៕
ចែករំលែកព័តមាននេះ