ពួកបះបោរលីប៊ីបានទទួលកាលពីថ្ងៃទី៥ ឧសភា នូវការសន្យាផ្តល់ជំនួយមួយដែលអាចមានដល់ជាច្រើនពាន់លានដុល្លារ ពីសំណាក់បណ្តាប្រទេសស្ថិតក្នុងក្រុមចម្រុះដែលគាំទ្រការប្រឆាំងរបស់ពួកនេះនឹងកងទ័ពរបស់លោកមូអាម៉ា កាដាហ្វី ។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស២០ ស្ថិតក្នុងក្រុមប្រាស្រ័យទាក់ទងក្នុងនោះមានបារាំង អង់គ្លេស សហរដ្ឋអាមេរិក អ៊ីតាលី រហូតដល់កាតា ព្រមទាំងបណ្តាតំណាងរបស់ អ.ស.ប របស់សម្ព័ន្ធអារ៉ាប់ និងរបស់សហភាពអាហ្វ្រិកបានជួបជុំគ្នានៅទីក្រុងរ៉ូម ខណៈដែលសភាពការណ៍នៅលើទីលានហាក់ដូចជាធ្លាក់ក្នុងភាពទាល់ច្រក ។ ក្រុមប្រទេសនេះបានបង្កើតយន្តការហិរញ្ញវត្ថុមួយដល់ពួកបះបោរលីប៊ី ដែលតាមអ្នកនាំពាក្យរបស់ពួកនេះថា ពួកគេអស់ប្រាក់ហើយនាចុងខែនេះ ហើយនឹងពុំអាចធានាដល់សេចក្តីត្រូវការបន្ទាន់ទាំងឡាយដូចជាការចំណាយលើការផ្តល់ប្រាក់បៀវត្ស ឬការទិញថ្នាំពេទ្យ និងផលិតផលស្បៀងជាមូលដ្ឋានទាំងឡាយ ។
ពួកឧទ្ទាមដែលពុំអាចលក់ប្រេងកាតលីប៊ីក្នុងតំបន់ដែលខ្លួនត្រួតត្រាមកពីទណ្ឌកម្មរបស់ អ.ស.ប ហើយពួកនេះវាយតម្លៃថា ខ្លួនត្រូវការប្រាក់ប្រមាណជា៣ពាន់លានដុល្លារក្នុងបណ្តាខែខាងមុខនេះ ។លោក ALAIN JUPPE រដ្ឋមន្ត្រីការបរទេសបារាំងថ្លែងថា យន្តការផ្តល់ហិរញ្ញវត្ថុបណ្តោះអាសន្ន ពេលនេះត្រូវបានកំណត់ ហើយនឹងអនុវត្តក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ ប្រទេសកាតាសន្យានៅទីក្រុងរ៉ូមថា នឹងជួយផ្តល់ប្រាក់៥០០លានដុល្លារ ហើយប្រទេសកូវ៉ែតសន្យាផ្តល់ប្រាក់១៨០លានដុល្លារ។
ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន វិញ ថ្លែងថា សហរដ្ឋអាមេរិកនឹងអនុម័តច្បាប់ដែលអាចដកយកប្រាក់ប្រមាណជា៣០ពាន់លានដុល្លារជាទ្រព្យសម្បត្តិរបស់លោកកាដាហ្វី និងរបបរបស់លោក ដែលត្រូវផ្អឹបទុក ៕
ចែករំលែកព័តមាននេះ