ជាមួយនឹងការស្លាប់របស់អូសាម៉ាប៊ីនឡាដេន អាមេរិកបានកំចាត់សត្រូវលេខមួយរបស់ខ្លួន។ ក៏ប៉ុន្តែអាមេរិកនៅសល់មនុស្សជាច្រើនទៀតដែលនឹងប្រឆាំងខ្លួនក្នុងប៉ុន្មានខែខាងមុខនេះជំនួសប៊ីនឡាដេន។ ជនឈ្មោះអាល់ ហ្សាវ៉ាហ៊ីរី ជនលេខ២អាល់កៃដា ពិតណាស់ត្រូវឡើងជំនួសប៊ីនឡាដេន។ ប្រាក់រង្វាន់សំរាប់រាល់ព័ត៌មានដែលអាចនាំទៅដល់ការចាប់ខ្លួនប៊ីនឡាដេន គឺ២៧លានដុល្លារ។ និយាយរួមមកបណ្តាមនុស្សដែលសហរដ្ឋអាមេរិកចំណាយប្រាក់សំរាប់ការតាមចាប់ខ្លួនពួកគេសុទ្ធតែជាពួកភេរវករ។ នៅក្នុងបញ្ជីឈ្មោះពួកភេរវករសំខាន់ៗបង្កើតឡើងកាលពីឆ្នាំ២០០១ ក្រោយការវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមានឈ្មោះមនុស្ស២៨នាក់។ សូមបញ្ជាក់ថា ទោះបីជា FBI ជាអ្នករៀបចំបញ្ជីឈ្មោះនេះ តែពុំមែនទីភ្នាក់ងារនោះទេ ជាអ្នកចេញប្រាក់ គឺក្រសួងការបរទេសតាមរយៈកម្មវិធីពិសេសរបស់ខ្លួនឈ្មោះថា «ប្រាក់រង្វាន់ដើម្បីយុត្តិធម៌»។ ប្រាក់រង្វាន់នេះមានដូចជាសំរាប់ការចាប់ខ្លួនអាល់ហ្សាវ៉ាហីុរី គឺ ២៥លានដុល្លារ។ ជនលេខ២អាល់កៃដានេះដែលតាមផ្លូវការត្រូវឡើងជំនួសប៊ីនឡាដេន ទទួលការចោទប្រកាន់ពីកាសែតអារ៉ាប៊ី សាអូឌីត មួយថា បានក្បត់នឹងប៊ីនឡាដេន ហើយជួយអាមេរិកក្នុងការចាប់ខ្លួនប៊ីនឡាដេន។ សំរាប់ប្រាក់រង្វាន់ក្នុងការចាប់ខ្លួនមនុស្សដែលគេតាមរកបំផុតដទៃៗទៀតមានក្នុងរង្វង់៥លានដុល្លារ ឬតិចជាងនេះ ៕
ចែករំលែកព័តមាននេះ