ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ស-ព-​មនុស្សប្លុង​នៅ​ទី​នេះ ទើប​ហ្វូង​សត្វ​ពពែ​​ផ្អើល​រត់​ត្រឡប់​​ក្រោយ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សាកសព​បុរស​ម្នាក់​ដែល​មាន​ស្នាម​វាយដំ​ស្ទើរ​ផុង​លលាដ៍ក្បាល​ផង ត្រូវ​បាន​អ្នក​គង្វាល​ពពែ​ម្នាក់​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៣ មិថុនា នៅ​លើ​ទូល​កណ្ដាល​វាលស្រែ​មួយ​កន្លែង នៅ​ក្នុងភូមិ​ន​រា​២ ឃុំ​ន​រា…


ខេត្តបាត់ដំបង ៖ សាកសព​បុរស​ម្នាក់​ដែល​មាន​ស្នាម​វាយដំ​ស្ទើរ​ផុង​លលាដ៍ក្បាល​ផង ត្រូវ​បាន​អ្នក​គង្វាល​ពពែ​ម្នាក់​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៣ មិថុនា នៅ​លើ​ទូល​កណ្ដាល​វាលស្រែ​មួយ​កន្លែង នៅ​ក្នុងភូមិ​ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ដែល​គេ​សង្ស័យ​ជា​អំពើ​ឃាតកម្ម ដែល​ត្រូវ​ជន​ដៃដល់​សម្លាប់​នៅ​កន្លែង​ផ្សេង រួច​ដឹក​តាម​ម៉ូតូ​យក​ទៅ​ប្លុង​ចោល​នៅ​ទី
នោះ ។

មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាលន​រា​បាន​និយាយ​ថា សាកសព​បុរស​នោះ ត្រូវ​អ្នក​គង្វាល​ពពែ​ម្នាក់ ឈ្មោះ​សើ ហ្វី​លី​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​អ្នក​ប្រទះ​ឃើញ​ដំបូង​គេ នៅ​ពេល​គាត់​ដេញ​ហ្វូង​ពពែ​យក​ទៅ​ឃ្វាល​នៅ​ទីនោះ ហើយ​គាត់​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា សាក​សព​បុរស​នោះ ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ ទក ប៊ុ​ន​ធឿ​ន អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង​ក្នុង ស្រុក​ឯកភ្នំ ។

បើ​តាម​ប្រភព​នានា​នៅ​កន្លែង​កើតហេតុ​រាប់​ទាំង​មន្ត្រី​មូលដ្ឋាន​ផង​បាន​ប្រាប់​កោះសន្តិភាព​ថា ជន​រង​គ្រោះជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ។ មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ ដោយសារ​មាន​បញ្ហា​សុខភាព ក្រុម​គ្រួសារ​ក៏​បាន​នាំ​គាត់​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក ឃុំ​រកា ដើម្បី​ព្យាបាល​ជំងឺ​ប្រចាំ​កាយ ។ ប៉ុន្តែ​ក្រោយមក គាត់​ក៏​បាន​រត់​ចេញពី​ពេទ្យ ហើយ​បាត់​ដំណឹង​រហូត លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ មិថុនា ក៏​ស្រាប់តែ​ត្រូវ​គេ​ប្រទះ​ឃើញ​សាកសព​គាត់​នៅ​លើ​ទូល​កណ្ដាល​វាលស្រែ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។​សាកសព​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​លើ​ស្មៅ​គ្មាន​ខោអាវ តែ​ស្លៀក​ខោខ្លី ។

អ្នក​គង្វាល​ពពែ​ឈ្មោះ សើ ហ្វី​លី​ន បាន​ប្រាប់​កោះសន្ដិភាព នៅ​កន្លែង​កើតហេតុ​ថា គាត់​តែង​ដេញ​ហ្វូង​ពពែ​គាត់​ទៅ​ឃ្វាល​នៅ​ទីនោះ​រាល់ថ្ងៃ ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ពេល​គាត់​ដេញ​ហ្វូង​ទៅ​ទីនោះ ស្រាប់​ហ្វូង​ពពែ​គាត់​វា​ផ្អើល​រត់​ត្រឡប់​ក្រោយ ។ គាត់​បាន​បញ្ជាក់​ថា ពេល​នោះ​គាត់​ឆ្ងល់​ពេល​ឃើញ​ពពែ​ផ្អើល​បែប​នេះ ហើយ​គាត់​ក៏​ដើរទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ច្រ​ង៉ាង​លើ​ស្មៅ ។

គាត់​ភ័យរន្ធត់​យ៉ាង​ខ្លាំង ពេល​ប្រទះ​ឃើញ​សព​បែប​នេះ ហើយ​គាត់​ក៏​បាន​ទាក់ទង​ទៅ​អ្នក​ភូមិ ឲ្យ​ជួយ​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។ នៅ​កន្លែង​កើតហេតុ គេ​មិន​ប្រទះ​ឃើញ​វត្តមាន​មន្ត្រី​នគរបាល​ក​រិ​យា​ល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​ចុះ​ទៅ​សួរនាំ ឬ ពិនិត្យ​កន្លែង​កើតហេតុ​ទេ តែ​គេ​ឃើញ​មាន​វត្តមាន មន្ត្រី​ការិយាល័យ​បច្ចេកទេស និង មន្ត្រី​មូលដ្ឋាន ចុះ​ពិនិត្យ​សាកសព ក្រោម​ការ​ចោមរោម​ពី​ប្រជាពលរដ្ឋ​រាប់រយ​នាក់​។

លោក កោ ស៊ុន​កាំ​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ប្រាប់​ថា លោក​មិន​បានដឹង​ថា ការ​ប្រទះ​ឃើញ​មនុស្ស​ស្លាប់​ខាងលើ​នេះ ជា​រឿង​អ្វី​ទេ ហើយ​កម្លាំង​ការិយាល័យ​របស់​លោក​ក៏​ពុំ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ដែរ តែ​មាន​មន្ត្រី​ការិយាល័យ​បច្ចេកទេស​បាន​ចុះ​ទៅ​ពី​និត្យ​សាកសព​ហើយ​។ លោក កោ ស៊ុន​កាំ​ង បាន​បញ្ជាក់​ថា «​ទាល់តែ​ខាង​បញ្ចេ​ក​ទេស​ធ្វើការ​សន្និដ្ឋាន ទើប​យើង​អាច​វាយតំលៃ​បាន​»​។ បើ​តាម​សមត្ថកិច្ច​ដែល​ស្ថិត​នៅ​កន្លែង​សាកសព បាន​ផ្ដល់​ព័​ត៏​មាន​បឋម​ថា នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មាន​«​ដាន​កង់​ម៉ូតូ​» ជិះ​ចូល និង បត់​ចេញ​វិញ ។

ដោយឡែក នៅ​លើ​ខ្លួន​សាកសព មាន​ស្លាកស្នាម​របួស តែ​ធ្ងន់ធ្ងរ​ត្រង់​លលាដ៍ក្បាល ដែល​មាន​ស្នាម​វាយដំ​ច្រើន​កន្លែង​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​ពិនិត្យ​ចំណុច​កើតហេតុ គ្មាន​ស្លាកស្នាម​គួរ​ឲ្យ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ត្រូវ​គេ​សម្លាប់​នៅ​ទីនោះ​ទេ ។ គេ​សង្ស័យ​ជន​រង​គ្រោះ​អាច​ត្រូវ​ឃាតក​ដែល​មាន​គ្នា​លើស​ពី​ម្នាក់​វាយ​សម្លាប់​នៅ​កន្លែង​ផ្សេង រួច​ដឹក​តាម​ម៉ូតូ​យក​ទៅ​បោះចោល​នៅ​ចំណុច​ខាងលើ ដែល​កើតឡើង​នៅ​យប់​ថ្ងៃ​ទី ១២ មិថុនា​។ ប៉ុន្តែ​នៅ​កន្លែង​ពិនិត្យ​សាកសព សមត្ថកិច្ច​ហាក់​គេ​ពុំ​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ជនសង្ស័យ​ក្នុង​ករណី «​ឃាតកម្ម​» នេះ​នៅឡើយ​ទេ​។

ហើយ​ក៏​ពុំ​ទាន់​ដឹង​ថា តើ​ជន​រង​គ្រោះ​មានរឿង​អ្វី ? តើ​ជន​ដៃដល់​ជា​នរណា ? តើ​កើតឡើង​នៅ​កន្លែង​​ណា ទើបត្រូវ​បាន​គេ​ដឹក​សាកសព​ជន​រង​គ្រោះ យក​ទៅ​ផ្លុ​ង​ចោល​នៅ​ចំណុច​ខាងលើ​នេះ ? យ៉ាងណា​ក្ដី សមត្ថកិច្ច​មូលដ្ឋាន​បាន​និង​កំពុង​ពិនិត្យ​កន្លែង​កើតហេតុ កំពុង​សួរនាំ​សាក្សី​នានា និង កំពុងធ្វើការ​ស្រាវជ្រាវ​លើ​អំពើ​«​ឃាតកម្ម​កំបាំង​មុខ​»​នេះ​ហើយ បើ​ទោះជា​គ្មាន​វត្តមាន​មន្ត្រី​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ចូលរួម​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ