រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន ព្រោះតំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យមលាយឡំ និងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស នៅថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

ក្រសួងបានលើកឡើងថា លក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និង សីតុណ្ហភាពអតិបរមាមានពី៣៤-៣៦ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្ហូរដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។
ចំណែកតំបន់ខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅ មធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ក្រសួងបានលើកឡើងថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕
ចែករំលែកព័តមាននេះ