រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោកបណ្ឌិតហ ស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៦ ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ទី៨ ឧសភា ឆ្នាំ២០១១ នៅទីក្រុង ហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ។
លោកស្រុី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ឱ្យដឹងថា គណៈប្រតិភូអមដំណើររួមមានលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោករដ្ឋមន្ត្រីអមសម្តេចតេជោនាយករដ្ឋមន្ត្រីមានចំនួន៥រូបគឺលោកហូ សិទ្ធី លោកប្រាក់ សុខុន លោកអូន ព័ន្ធមុនីរ័ត្ន លោកសុខ ចិន្តា និងរូបលោកផ្ទាល់ (ស្រ៊ី ថាមរុង្គ) ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ទីស្តីការគណៈរដ្ឋមន្ត្រី មន្ត្រីខាងព័ត៌មានដែលទៅយកបទពិសោធន៍ ដើម្បីត្រៀមលក្ខណៈរៀបចំធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០១២ខាងមុខប្រមាណ៤០នាក់ ។ ដោយឡែកគណៈ ប្រតិភូមួយចំនួនបានអញ្ជើញទៅដល់ទីក្រុងហ្សាការតារួចហើយ ដោយនៅថ្ងៃទី៦ ឧសភា មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ។
ប្រធានបទនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨នេះ គឺ «សហគមន៍អាស៊ាននៅក្នុងសហគមន៍នៃប្រជាជាតិពិភពលោក» ។ អាស៊ាននៅសល់តែរយៈពេល៤ឆ្នាំទៀតទេ នឹងសម្រេចឱ្យបានការកសាងសហគមន៍អា ស៊ានមួយដែលផ្អែកទៅលើសសរទ្រូងទាំង៣ គឺសហគមន៍សន្តិសុខនយោបាយ សហគមន៍ សេដ្ឋកិច្ច និងសហគមន៍សង្គមវប្បធម៌ ។ ក្រោយពីធម្មនុញ្ញអាស៊ានបានអនុម័តហើយ ប្រទេសទាំងអស់នៅក្នុងអាស៊ានបានខិតខំប្រឹងប្រែងដោយមានការវិវត្តជឿនលឿនច្រើន ដើម្បីខិតខំធ្វើយ៉ាងណាឱ្យសហគមន៍អាស៊ានមួយបានចេញជារូបរាងនៅឆ្នាំ២០១៥ខាងមុខ ។ ទន្ទឹមនឹងនេះគឺចង់ឱ្យអាស៊ានដើរតួនាទីខ្លាំងមួយនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ ជាពិសេសក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច ធំៗខាងក្រៅ ដូចជាជាមួយដៃគូអាស៊ានដែលសព្វថ្ងៃនេះដៃគូអាស៊ានមានការកើនឡើងច្រើន ហើយនៅឆ្នាំនេះដែលមានកិច្ចប្រជុំនៅក្នុងខែវិច្ឆិកាខាងមុខ កិច្ចប្រជុំកំពូលទី១៩ នោះនឹងមានសហរដ្ឋអាេមរិក និងរុស្ស៊ីចូលរួមថែមទៀត។
នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៨ នេះ អាស៊ាននឹងខិតខំធ្វើយ៉ាងណាឱ្យតួនាទីរបស់អាស៊ានស្ថិតនៅជាតួនាទីស្នូលដឹកនាំជម្រុញចលនា ដើម្បីឱ្យមានវិបុលភាព ការរស់នៅដោយសុខដុមរមនារវាងបណ្តាប្រជាជាតិនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពផងដែរ ។ នៅក្នុងកិច្ចប្រជុំកំពូលនេះគឺផ្តោតការពិនិត្យ ទៅលើការអនុវត្តធម្មនុញ្ញអាស៊ានកន្លងមក ហើយនិងការខិតខំប្រឹងប្រែង ការអនុវត្តផែនទី បង្ហាញផ្លូវសម្រាប់បង្កើតសមាគមអាស៊ាននៅឆ្នាំ២០១៥ ខាងមុខនេះ ។ ក្រៅពីនោះនឹងពិនិត្យ មើលក្នុងទំនាក់ទំនងរបស់អាស៊ានជាមួយអន្តរជាតិដែលនៅក្នុងនោះមានកិច្ចប្រជុំអាស៊ីបូព៌ា មានកិច្ចប្រជុំអាស៊ានបូក១ អាស៊ានបូក៣ ជាមួយដៃគូសន្ទនាដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី ណូវែលហ្សេឡង់ និងរុស្ស៊ី សហរដ្ឋអាមេរិក ។
កិច្ចប្រជុំនេះក៏នឹងផ្តោតទៅលើបញ្ហាផ្សេងៗ បញ្ហាផ្លាស់ប្តូរទស្សនៈគ្នានៅក្នុងតំបន់ដែលបច្ចុប្បន្ន នេះសង្កត់ធ្ងន់ទៅលើការវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដែលបង្កឡើងដោយការ ឈ្លានពាន ដោយកងទ័ពភាគីថៃ ។ កម្ពុជានឹងត្រៀមលើកយកបញ្ហានេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨នេះ ដើម្បីឱ្យអន្តរជាតិជាពិសេសឱ្យអាស៊ានបានដឹងឮបានជួយឱ្យមានការបញ្ឈប់ការបាញ់គ្នាជាស្ថាពរ ។ កម្ពុជាមិនមានឈ្លានពានទឹកដីប្រទេសណាទេ គឺគ្រាន់តែការពារបូរណភាពទឹកដីប៉ុណ្ណោះ ។
កិច្ចប្រជុំក៏មានការផ្លាស់ប្តូរមតិគ្នាដែរ ទៅលើបញ្ហាទីម័រខាងកើត ដែលស្នើសុំចូលជាសមាជិកអាស៊ានពេញសិទ្ធិ ។ សម្រាប់ជំហររបស់កម្ពុជាគឺបានគាំទ្រទីម័រខាងកើតនេះ ។ លើសពីនោះក៏មានការពិនិត្យមើលសំណើរបស់ប្រទេសមីយ៉ាន់ម៉ាដែលត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១៤ ។ កិច្ចប្រជុំកំពូលនេះនឹងពិនិត្យការប្តេជ្ញាក្នុងការធ្វើឱ្យសម្រេចនូវការតភ្ជាប់បណ្តាញផ្លូវដែកភ្នំពេញ-ឡុកនិញ (វៀតណាម) ធ្វើឱ្យក្លាយជាការពិតនូវគម្រោងផ្លូវដែក សិង្ហបុរី-គុនមិញ ។
នៅក្នុងកិច្ចប្រជុំនោះមានឯកសារមួយចំនួននឹងត្រូវអនុម័តដែលក្នុងនោះមានសេចក្តីប្រកាសស្តីពីសហគមន៍អាស៊ាននៅក្នុងសហគមន៍នៃប្រជាជាតិពិភពលោក និងអាចមានសេចក្តីប្រកាសមួយស្តីពីគោលបំណងរបស់ប្រមុខរដ្ឋរដ្ឋាភិបាលអាស៊ានស្តីពីការបង្កើតវិទ្យាស្ថាន ដើម្បីសន្តិភាព និងការបង្រួបបង្រួម ដើម្បីនឹងរកវិធីដោះស្រាយទំនាស់វិវាទនៅក្នុងសហគមន៍អាស៊ាន៕
ចែករំលែកព័តមាននេះ