ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកូរ៉េ២​តោន​កន្លះ​បុក​ម៉ូតូវ៉េវ​បែក​ផ្កាភ្លើង​អូស​ចម្ងាយ​២០​ម៉ែត្រ

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ រថយន្តកូរ៉េពណ៌ខៀវ ចំណុះ២តោនកន្លះពាក់ស្លាកលេខតាកែវ​3A-0060 បានបោះពួយយ៉ាងលឿន​ទៅ​បុកម៉ូតូ​ម៉ាក​វ៉េវ១គ្រឿង នៅលើកំណាត់​ផ្លូវ​ជាតិលេខ៧ លាន់​ដូចរន្ទះ កាលពីវេលាម៉ោង១០និង៣០​នាទី​ព្រឹក ថ្ងៃទី​៥ ឧសភា ២០១១ នៅត្រង់ចំណុច​ហង្ស ស្ថិតនៅ​ក្នុង​ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុក​កំពង់សៀម

ខេត្ត​កំពង់​ចាម ៖ រថយន្តកូរ៉េពណ៌ខៀវ ចំណុះ២តោនកន្លះពាក់ស្លាកលេខតាកែវ​3A-0060 បានបោះពួយយ៉ាងលឿន​ទៅ​បុកម៉ូតូ​ម៉ាក​វ៉េវ១គ្រឿង នៅលើកំណាត់​ផ្លូវ​ជាតិលេខ៧ លាន់​ដូចរន្ទះ កាលពីវេលាម៉ោង១០និង៣០​នាទី​ព្រឹក ថ្ងៃទី​៥ ឧសភា ២០១១ នៅត្រង់ចំណុច​ហង្ស ស្ថិតនៅ​ក្នុង​ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុក​កំពង់សៀម។ ​ឧប្បត្តិ​ហេតុ​នេះ​បាន​បណ្តាលឲ្យ​អ្នកជិះ​ម៉ូតូ​ឈ្មោះ​វ៉ា សុខនី ភេទប្រុស អាយុ៣២​ឆ្នាំ រស់នៅ​ភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ផ្លោង​ខ្ទាតមក​លើទ្រូងថ្នល់​សំណាង​ល្អ​ដោយ​គ្រាន់​តែរង​របួស​ធ្ងន់​មិន​ស្លាប់​ ឯ​ម៉ូតូ​ត្រូវ​រថយន្តអូស​បែក​ផ្កា​ភ្លើង​​ប្រហែល២០ម៉ែត្រ​ទើបឈប់។

តាម​សាក្សី​នៅកន្លែងកើតហេតុ​បានប្រាប់ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុរថយន្តកូរ៉េ​បានបើក​ចេញ​មកពីទិស​ខាងលិចឆ្ពោះមកកើតក្នុងល្បឿន​លឿន ​លុះ​មកដល់ចំណុច​​កើតហេតុ​​​​​ក៏​បាន​បុក​ម៉ូតូ​វ៉េវ​នោះពី​ក្រោយ​យ៉ាងពេញទំហឹងលាន់​ដូច​រន្ទះ​ ហើយរថយន្ត​ក៏​បាន​បុក​ឆត្រដែល​គេ​ដាក់​អែបនឹងចិញ្ចើមថ្នល់ប៉ើងដូចក្រដាស​ទៀត​ផង ។
សាក្សីបានប្រាប់បន្តថា បុរសអ្នកជិះម៉ូតូបាន​ត្រូវ​រថយន្តបុកផ្លោងខ្ទាត​ចេញពី​ម៉ូតូធ្លាក់មក​លើថ្នល់រងរបួសជា​ទម្ងន់​ រីឯម៉ូតូវិញនៅជាប់​ខាង​​ក្រោម​រថយន្ត​អូស​ប្រហែលជា​២០ម៉ែត្រ ទើប​ឈប់។ រំពេចនោះ​អ្នក​បើកបររថយន្តបានបើក​ទ្វារ​រថយន្ត​រត់គេចខ្លួន​ជា​មួយ​ព្រូ​២​-៣​នាក់​ទៀត​បាត់តែម្តង។ ​ដោយ​ឡែក​អ្នក​ជិះ​ម៉ូតូ​រង​គ្រោះ​ត្រូវបានប្រជាពលរដ្ឋ​នៅក្បែរនោះ ​សែងមក​ដាក់​​នៅមុខផ្ទះរបស់អ្នកភូមិ​រួច​នាំគ្នា​​ជួយ​រឹត​ទ្រូង និងបានទូរស័ព្ទហៅរថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ ៧«D» មកដឹកយកទៅសង្គ្រោះ​ភ្លាមៗផងដែរ។

តាមការពិនិត្យ ម៉ូតូ​របស់អ្នក​រង​គ្រោះ​បាន​រងការខូចខាតស្ទើរតែទាំងស្រុង ដោយបាន​កៀប​ជាប់នៅក្រោម​កង់​រថយន្ត​ផ្នែក​ខាង​ក្រោយ ធ្វើឲ្យ​អ្នក​ឃើញ​ហេតុការណ៍​នេះញាក់​សាច់គ្រប់ៗគ្នាដោយ​លាន់មាត់ថា «នេះ​សំណាង​ហើយដែលអ្នកជិះ​ម៉ូតូ​ផ្លោងចេញពីម៉ូតូ បើពុំ​នោះ​ទេ នឹងត្រូវក្ស័យ​ជីវ៉ា​មិនខានឡើយ»។ លោក​ងិន ហេង ប្រធាននគរបាល​ចរា​ចរ​ស្រុកកំពង់សៀម​បានប្រាប់ឲ្យដឹងថា អ្នក​រង​គ្រោះ​បានពាក់មួក​សុវត្ថិភាព តែត្រូវ​បាន​រថយន្ត​បុកយ៉ាងពេញទំហឹង ជាហេតុ​បណ្តាល​ឲ្យដាច់​ជ្រុះមួកសុវត្ថិភាពចេញ​ពីក្បាល ​ទើប​បែក​​ក្បាល ដោយសារតែបោកផ្ទប់​ទៅ​នឹង​កញ្ចក់រថយន្ត។ រថយន្ត និងម៉ូតូត្រូវ​បាននាំ​យក​ទៅ​រក្សាទុកនៅ​អធិ​ការ​ដ្ឋាននគរបាល​ស្រុក​កំពង់សៀម ដើម្បី​ដោះ​ស្រាយ​ទៅតាម​ច្បាប់​៕