ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិដ្ឋាន​ដាំ​ម្ទេស​ស្តង់ដារ​ជប៉ុន គ្រោងបើក​នៅ​ស្រុក​អង្គរធំ ខេត្ត​សៀមរាប​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​​កាលពី​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣ ម្សិលមិញ​​នេះ លោក សោម សម​ស័ក្ក នាយក​ទី

ខេត្ត​សៀម​រា​ប ៖ ​​កាលពី​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣ ម្សិលមិញ​​នេះ លោក សោម សម​ស័ក្ក នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលាខេត្ត​សៀមរាប និង​ក្រុមការងារ​បាន​នាំ​អ្នក​វិនិយោគ​ជនជាតិជប៉ុន លោក NABESHIMA KATSUHITO ប្រធាន​កសិដ្ឋាន​ដាំ​បន្លែ​ស្តង់ដារ​ជប៉ុន ចុះ​ទៅ​ពិនិត្យ​ទីតាំង​គ្រោង​បើក​កសិដ្ឋាន​ដាំ​ម្ទេស​ស្តង់ដារ​ជប៉ុន លើ​ផ្ទៃដី​ចំនួន​៧២​ហិ​កតា​ជំហាន​ទី​០១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទូក ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប ។

តាម​ប្រសាសន៍​របស់​លោក NABESHIMA KATSUHITO​ ប្រធាន​កសិដ្ឋាន​ដាំ​បន្លែ​ស្តង់ដារ​ជប៉ុន បាន​ឲ្យ​ដឹង​ថា​ ​កសិដ្ឋាន​នេះ គឺជា​បច្ចេកទេស​ថ្មី​ហើយ និង​បាន​ផល​ច្រើន និង​ជា​គំរូ​មួយ​សម្រាប់​កសិកម្ម​នៅ​ក្នុងស្រុក​ផង​ដែរ ។ លោក​ក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​អ្នកបញ្ជា​ទិញ ក្នុង​មួយ​ខែ​រហូត​ដល់​៥០០​តោន ជា​រៀង​រាល់​ខែ ហើយ​ផែនការ​នេះ​មិនមែន​លក់​នៅ​ក្នុងស្រុក​នោះ​ទេ គឺ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ ក្នុង​នោះ​ដែរ​ លោក​ក៏​ត្រូវ​ការ​បុគ្គលិក​បង្គោល ដើម្បី​មើលថែ​ដំណាំ​ម្ទេស​ដែល​មានគុណ​ភាព​និង​ស្តង់ដា​នាំ ចេញ ព្រមទាំង​ត្រូវការ​កម្លាំង​កម្មករ​ជា ច្រើន​នាក់ ក្នុង​ការ​ប្រមូល​ផល កសិដ្ឋាន​នេះ​និង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗ​នេះ មានការ​ងារ​ធ្វើ​ជា​រៀងរាល់ថ្ងៃ ។

កសិដ្ឋាន​នឹង​បង្រៀន​អំពី​បច្ចេកទេស​នៃ​ការ​ដាំ​ម្ទេស​ឲ្យ​ត្រូវ​នឹង​ស្តង់ដារ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ដល់​ប្រជា​កសិករ​ទៀត​ផង ។ ចំពោះ​ពលរដ្ឋ​ដែល​មាន​ដី សម្រាប់​ដាំ​ដំណាំ​ម្ទេស លោក​បាន​សន្យា​បង្រៀន​ទាំង​ផ្នែក​បច្ចេកទេស ផ្តល់​ពូជ​និង​ទទួល​ទិញ​នៅ​ផលដំណាំ​របស់​ប្រជា​កសិករ​ផង​ដែរ ។​ 

​លោក​បាន​សង្ឃឹមថា​  កសិដ្ឋាន​នេះ​និង​ក្លាយជា​គំរូ​មួយ ដើម្បី​ឲ្យ​ប្រជា​កសិករ​កម្ពុជា ដែល​ចង់​ដាំ​ម្ទេស​អាច​ទៅ​សិក្សា​ស្រាវ​និង​រៀនសូត្រ​ពី​កសិដ្ឋាន​បាន ។​  ម្យ៉ាងទៀត​ក្រុមហ៊ុន​លោក​នឹង​ធ្វើ​មួយ​ជំហាន​ម្ដង​ៗ ធ្វើ​លើ​ផ្ទៃដី​៧២​ហិ​កតា ជា​ជំហាន​ដំបូង​និង​ធ្វើ​ជំហាន​បន្តបន្ទាប់​ទៀត ដើម្បី​តម្រូវ​ទីផ្សារ​នៅ​ក្រៅប្រទេស ។ លោក​ជឿជាក់​ថា​ពេល​ដែល​កសិដ្ឋាន​នេះ​បាន​ដំណើរការ​យើង​នឹង​មាន​អ្នក​កុម្ម​ង់​ទិញ​ផ្សេង​ៗ​ទៀត​កាន់តែ​ច្រើន​ថែម​ទៀត ។​ 

លោក​បញ្ជាក់​ថា តម្រូវការ ៥០០​តោន ក្នុង​មួយ​ខែ​គឺ​យើង​ត្រូវការ​ទំហំ​ផ្ទៃដី ២០០ ហិ​កតា ទើប​គ្រប់គ្រាន់​សម្រាប់​ផលិត​អោយ​បាន ៥០០​តោន​ក្នុង​មួយ​ខែ ដើម្បី​ឱ្យ ផលដំណាំ​វិល​ជុំ​បាន ហើយ​យើង​ត្រូវ ការ​ចូលរួម​ពី​ប្រជាជន​នៅ​ជុំវិញ​ទីនោះ​ផង​ដែរ ។

លោក NABESHIMA KATSUHITO លើក​ឡើង​ថា កសិដ្ឋាន​មួយ​នេះ​អាច​ដំណើរការ​ទៅ​បាន អាស្រ័យ​ទៅ​លើ​ការ​ចូលរួម​ពី​អាជ្ញាធរ និង​ប្រជា ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ចូលរួម ទើប​អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន និង ទៅ​ថ្ងៃ​អនាគត​វា​នឹង​បង្ហាញ​ឱ្យ​ពិភពលោក​ដឹង​ថា ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ ពិភពលោក​និង​ទទួលស្គាល់​ផ​លិ​ផល​របស់​កម្ពុជា​ដែល​ដាំ​តាម​ស្តង់ដារ​បច្ចេកទេស​ ។​ ពេល​ចាប់ផ្ដើម​ផលិត​បាន​យើង​ក៏​ចាប់ផ្ដើម​កែ​ច្នៃ​ខ្នាត​តូច​មួយទៀត​ទៅ​ជា​គ្រឿងទេស​(​ទឹកម្ទេស​) នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​តំបន់​អាស៊ាន គឺ​ចូល​ចិត្ត​ញ៉ាំ​ស៊ុប ដូច្នេះ​ពួក​យើង​នឹង​កែ​ច្នៃ​ទឹកម្ទេស​មួយ​ដែល​ជា​ប្រភេទ​ម្ទេស​កសិកម្ម​ដាំ​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប មាន​ន័យ​ថា យើង​នឹង​មាន​ទឹកម្ទេស​កម្ពុជា​ដែល​ឆ្ងាញ់​មាន​រស់ជាតិ​។

ការ​ផលិត​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ទាញ​ទីផ្សារ​ពិភពលោក​ឱ្យ​បានឃើញ ប្រទេស​កម្ពុជា​ដែល​អាច​ផលិត​បាន​នៅ​ផលិតផល​ដែល​មាន​ស្តង់ ដារ និង ទាក់ទាញ​នៅ​ភ្ញៀវ​ទេស ចរណ៍​និង​អ្នក​វិនិយោគ​ធំ​ៗ​មក​វិនិយោគ​នៅ​ក្នុង​ខេត្តសៀមរាប​កាន់តែ​ច្រើន​។ យើង​ត្រូវ​ផលិត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ឱ្យ​បាន​ទាន់​ពេលវេលា​ហើយ​និង​មាន​ជា​រៀង​រាល់​ខែ បើ​គេ​ត្រូវការ​រាល​ស​ប្តា​ហ៍​យើង​ផ្គត់ផ្គង់​រាល់​ស​ប្តា​ហ៍​គេ​ត្រូវការ​រាល់​ខែ​យើង​ផ្គត់ផ្គង់​រាល់​ខែ​ពេល​នោះ​នាក់​បញ្ជា​ទិញ​និង​មក​បន្ថែម​ទៀត​ជាក់​ជា​មិន​ខាន ។

លោក NABESHIMA KATSUHITO ក្នុង​នាម​ជា​អ្នកជំនាញ​មួយ​រូប​លោក​ដឹង​ថា បច្ចុប្បន្ន​ជី​កំពុង​តែ​ឡើងថ្លៃ ដូច្នេះ​យើង​អាច​កែ​ច្នៃ​វត្ថុធាតុដើម​នៅ​ក្នុង​មូលដ្ឋាន ឱ្យទៅ​ជា​ជី ដើម្បី​ប្រើ​នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់​ដោយ​មិនបាច់​នាំ​ជី​ចូល​ពី​ក្រៅប្រទេស វា​នឹង កាត់​បន្ថយ​ថ្លៃដើម​ក្នុង​ការ​ផលិត ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាលស្រុក​អង្គរធំ ក៏​ថ្លែង​បាន​កោតសរសើរ​ចំពោះ លោក សោម សម​ស័ក្ក ដែល​បាន​នាំ​អ្នក​វិនិយោគ​ផ្នែក​កសិកម្ម ឱ្យ មក​វិនិយោគ​ក្នុង​មូលដ្ឋាន​របស់​លោក និង ថ្លែងអំណរគុណ​ដល់​លោក NABESHIMA KATSUHITO ប្រធាន​កសិដ្ឋាន​ដាំ​បន្លែ​ស្តង់ដារ​ជប៉ុន ដែល បាន​មក​វិនិយោគ​នៅ​ក្នុងស្រុក​អង្គរធំ​ខេត្ត​សៀម​​រាប ។

លោក​សង្ឃឹមថា កសិដ្ឋាន​នេះ និង ជួយ​បណ្តុះបណ្តាល​ដល់​ប្រជា​កសិករ ឱ្យ មាន​ជំនាញ​តាម​បច្ចេក​ទេស និង ប​ង្កើ​ម​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ក្នុងស្រុក​អង្គរធំ បាន​កាន់តែ​ច្រើន​ថែម​ទៀត ក្នុង​ការ​កាត់​​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ