ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​សុនខ​ដ៏​ស្មោះ​ត្រង់​មួយ​ក្បា.ល​​សុខ​ចិត្ត​រង់​ចាំ​ម្ចាស់របស់​វា​​​រយៈ​ពេល​៤​ឆ្នាំមិន​ព្រម​ទៅ​ណា

1 ឆ្នាំ មុន

សត្វ​សុនខ​មាន​លក្ខណៈ​​​​ពិសេស​១​ដែល​សត្វ​​​ដទៃ​ទៀត​​មិន​អាច​ធ្វើ​ដូច​​​​។ នោះ​គឺ​​ភាព​ស្មោះ​ត្រង់​ចំពោះ​​ម្ចាស់​​ដោយ​​ឥត​​ងាក​រេ​ និង​​​គ្មាន​​​​ពុត​ត្បុត​​សូម្បី​តែ​បន្តិច​។ នៅ​ទូទាំង​ពិភពលោក​,​ ​គេ​ចាត់​ទុក​សត្វ​​សុនខ​ជា​មិត្ត​ដ៏​​ល្អ​​បំផុត​របស់​មនុស្ស​។ ត​ទៅ​នេះ​ជា​ប្រវត្តិ​រឿង​រ៉ាវ​របស់​សត្វ​សុនខ​​​​​ឈ្មោះ​លីអូ (Leo)​ នៅ​ប្រទេស​ថៃ​ដែល​បាន​រង់​ចាំ​ម្ចាស់​របស់​វា​​​​តាម​ចិញ្ចើម​ផ្លូវ​​រយៈ​ពេល​ដ៏​យូរ​។​​​ ​សំណុំ​រឿង​​នេះ​ត្រូវ​គេ​ចែក​ចាយ​ពេញ​​បណ្ដាញ​សង្គម​។ តាម​រយៈ​រូប​ថត…

សត្វ​សុនខ​មាន​លក្ខណៈ​​​​ពិសេស​១​ដែល​សត្វ​​​ដទៃ​ទៀត​​មិន​អាច​ធ្វើ​ដូច​​​​។ នោះ​គឺ​​ភាព​ស្មោះ​ត្រង់​ចំពោះ​​ម្ចាស់​​ដោយ​​ឥត​​ងាក​រេ​ និង​​​គ្មាន​​​​ពុត​ត្បុត​​សូម្បី​តែ​បន្តិច​។ នៅ​ទូទាំង​ពិភពលោក​,​ ​គេ​ចាត់​ទុក​សត្វ​​សុនខ​ជា​មិត្ត​ដ៏​​ល្អ​​បំផុត​របស់​មនុស្ស​។ ត​ទៅ​នេះ​ជា​ប្រវត្តិ​រឿង​រ៉ាវ​របស់​សត្វ​សុនខ​​​​​ឈ្មោះ​លីអូ (Leo)​ នៅ​ប្រទេស​ថៃ​ដែល​បាន​រង់​ចាំ​ម្ចាស់​របស់​វា​​​​តាម​ចិញ្ចើម​ផ្លូវ​​រយៈ​ពេល​ដ៏​យូរ​។​​​

​សំណុំ​រឿង​​នេះ​ត្រូវ​គេ​ចែក​ចាយ​ពេញ​​បណ្ដាញ​សង្គម​។ តាម​រយៈ​រូប​ថត និង​វីឌីអូ​ឃ្លីប​, គេ​ឃើញ​សត្វ​សុនខ​ឈ្មោះ​លីអូ​ឈរ​នៅ​រង់​ចាំ​នៅ​មាត់​ផ្លូវ​ ប្រៀប​បាន​នឹង​សត្វ​សុនខ​​អនាថា​១​ក្បាល​។ ក្រោយ​មក​, គេ​ឃើញ​នារី​ម្នាក់​ដើរ​កាត់​​ទី​​នោះ ហើយយក​ចំណី​ទៅ​ឱ្យ​វា​ស៊ី​។ បន្ទាប់​ពី​សាក​សួរ​អ្នក​ដឹង​​រឿង​នេះ, គេ​ប្រាប់​ថា​សុនខ​ឈ្មោះ​លីអូ​បាន​រង់​ចាំ​នៅ​ទី​នោះ​អស់​រយៈ​ពេល​​៤​ឆ្នាំ​។

ស្ត្រី​ដែល​​មាន​សន្ដាន​ចិត្ត​ល្អ យក​​ចំណី​​អាហារ​ឱ្យ​សុនខ​នេះ​ស៊ី​រាល់​ថ្ងៃ​គឺ​​​អ្នក​ស្រី​ភីននូឆាវេត (Pnnuchawet)។ អ្នក​ស្រី​​​​ធ្លាប់​ព្យាយាម​​យក​លីអូ​ទៅ​ផ្ទះ​របស់​អ្នក​ស្រី​ បន្ទាប់​ពី​ឃើញ​​វា​​​ធ្លាក់​ខ្លួន​ស្គម​ស្គាំង​​​ និង​មាន​ជំងឺ​តម្កាត់​​ថែម​ទៀត​​។ ប៉ុន្តែ​យក​វា​ទៅ​​នៅ​បាន​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​។ ក្រោយ​មក,​ លីអូ​ក៏​​ចាក​ចេញ​ពី​ទីនោះ​ និង​សុខ​ចិត្ត​ទៅ​រង់​ចាំ​ម្ចាស់​របស់​វា​នៅ​កន្លែង​ដដែល​វិញ​។​​

​​​ដូច្នេះ​​ អ្វី​ដែល​​អ្នកស្រី​អាច​ធ្វើ​បាន​ គឺ​​ផ្ដល់​ចំណី​​​ឱ្យ​វា​ស៊ី​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​​។ អ្នក​លេង​បណ្ដាញ​សង្គម​បាន​ចែក​រំលែក​​ដំណឹង​នេះ​ត​ៗ​គ្នា​ ដោយ​សង្ឃឹម​ថា​​ម្ចាស់​របស់​វា​នឹង​ដឹង​រឿង​នេះ​​​​​។ ​មិន​យូរ​ប៉ុន្មាន​, ​​​គ្រួសារ​១​​ក៏​ទាក់​ទង​ទៅ​អ្នក​ដែល​បង្ហោះ​​ដំណឹង​នេះ​។ ពួកគេ​ប្រាប់​ថា​សុនខ​​លីអូ​​​មាន​មុខ​មាត់​ដូច​សុនខ​​ឈ្មោះ​បូនបូន (BonBon)​ដែល​បាន​បាត់​កាល​ពី​៤​ឆ្នាំ​មុន​។​

ម្ចាស់ដើម​របស់​​សុនខ​លីអូ​ឈ្មោះ​​ណយ​(Noi)​បាន​និយាយ​រម្លឹកថា​​ «កាល​នោះ, ​ខ្លួន​​​ជិះ​ឡាន​ទៅ​លេង​សាច់​ញាតិ​ និង​​នាំ​ទាំង​​សុនខ​​១​ក្បាល​នេះ​ទៅ​ជា​មួយ​ផង​។​​ ​​មិន​ដឹង​ថា​​វា​ហក់​ចុះ​ពី​លើ​ឡាន​តាំង​ពី​អង្កាល់។​ រហូត​ដល់​ពេល​​​បើក​ឡាន​ទៅ​ឈប់​ចាក់​សាំង​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​១​កន្លែង​ ទើប​ពួក​គេ​​ដឹង​ថា​បាត់​សុនខ​​​។​​»។ ណយ​គិត​ថា​បូនបូន​ទំនង​ជា​លោត​ចុះ​ពី​លើ​ឡាន​ដោយ​សារ​វា​មើល​ឃើញ​អ្វី​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​។ គាត់​ខំ​បើក​ឡាន​រក​មើល​តាម​ផ្លូវ​។ ប៉ុន្តែ​បាត់​​​សុនខ​នេះ​ជា​រៀង​រហូត​​។​

​​គាត់​គិត​ថា​បូនបូន​ប្រហែល​ជា​ស្លាប់​បាត់​​ហើយ​មើល​ទៅ​​។ ​ដល់​ពេល​ឃើញ​វា​នៅ​រស់​បែប​នេះ​ធ្វើ​ឱ្យ​គាត់​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​​​។ ចម្លែក​ដែរ​នៅ​​​ពេល​ឃើញ​ម្ចាស់​,​ វា​គ្រាន់​តែ​បក់​កន្ទុយ​​​ ប៉ុន្តែ​​​មិន​ព្រម​វិល​ទៅ​នៅ​ជា​មួយ​​ម្ចាស់​ដើម​វិញ​ទេ​​​។ បន្ទាប់​ពី​​ពិគ្រោះ​គ្នា​រួច​​​, ណយ និង​អ្នក​ស្រី​ភីននូឆាវេត​ ក៏​សម្រេច​គ្នាថា​សុខ​ចិត្ត​ប្រគល់​សុនខ​នេះ​ទៅ​ឱ្យ​អ្នក​ស្រី​ភីននូឆាវេត​ជា​អ្នក​ថែ​រក្សា​​។ ​​ណយ​​​នឹង​​​​ទៅ​លេង​​សុនខ​របស់​ខ្លួន​​​​ម្ដង​ម្កាល ព្រោះវា​​ជា​សត្វ​​ដែល​ធ្លាប់​រស់​នៅ​កម្សត់​កម្រ​ជា​មួយ​គ្នា​ជា​យូរ​មក​ហើយ​។​

ថ្មីៗ​នេះ​​​នៅ​ប្រទេស​ថៃ​ដដែល​​​ ​​មាន​ករណី​សត្វ​សុនខ​រង់​ចាំ​ម្ចាស់​​​វា​​​រយៈ​ពេល​២​ខែ​​​មក​ហើយ​​។ គណនី​ហ្វេស​​ប៊ុក១​បាន​បង្ហោះ​​​អក្សរ និង​រូប​ភាព​​ដើម្បី​ស្វែង​រក​ម្ចាស់​សុនខ​​​១​ក្បាល​​​នៅ​ខេត្ត​ឧទ័យធានី​ (Uthai Thani)​​។ សារព័ត៌មាន​ខាវសត់​ (Khaosod​)​ បាន​បញ្ជូន​​បុគ្គលិក​របស់​ខ្លួន​​​ទៅ​កន្លែង​កើត​ហេតុ​ ស្ថិត​នៅ​​​ផ្លូវ​លំ​នៃ​​ស្រុក​ឡាន​សាក់ (Lan Sak) ខេត្ត​ឧទ័យ​ធានី​។ ទៅ​ដល់​ឃើញ​​​អ្នក​ស្រី​​ណាំ​ខាង​ (Namkhang) អាយុ​៥៦​ឆ្នាំ​ ជា​ម្ចាស់​គណនី​ហ្វេស​ប៊ុក​ដែល​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​រក​ម្ចាស់​សុនខ​​។​

​​គេ​​ឃើញ​​​សុនខ​ញី​១​ក្បាល​មាន​ចង​ប្រឡៅ​ក​។ វា​ឈរ​ក្រឡេក​មើល​ចុះ​ឡើង​ៗ​​​ ហាក់​ដូច​ជា​កំពុង​សម្លឹង​រក​មើល​ម្ចាស់​របស់​វា​មក​ទទួល​វា​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ រហូត​មក​ដល់​ពេល​នេះ, គេ​គ្មាន​ដំណឹង​ ឬ​តម្រុយ​សូម្បី​តែ​បន្តិច​ថា​ម្ចាស់​របស់វា​​​ជា​នរណា​។​ ​វា​​នៅ​រក្សា​ភក្ដី​ភាព​ចំពោះ​ម្ចាស់​​​ជា​និច្ច​។ ​ទោះ​បី​អ្នក​ស្រី​ណាំខាង​​​​​យកវា​ទៅ​ផ្ទះ​របស់​គាត់​ ប៉ុន្តែ​វា​មិន​ព្រម​ទៅ​តាម​ជា​ដាច់​ខាត​​​។

​ដូច្នេះ អ្នក​ស្រី​គ្មាន​ជម្រើស​ផ្សេង​ទេ​។ មាន​តែ​​យក​ចំណី​អាហារ​ទៅ​ឱ្យ​វា​ស៊ី​ដើម្បី​​​ចម្អែត​ក្រពះ និង​​បន្ត​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​​។​ ​សុនខ​នេះ​​ឧស្សាហ៍​រត់​តាម​ឡាន​ដែល​បើក​តាម​ផ្លូវ​ ព្រោះ​​វា​ស្មាន​ថា​ជា​ឡាន​របស់​ម្ចាស់​វា​។ រួច​ហើយ​ វា​​ត្រឡប់​ទៅ​កន្លែង​រង់​ចាំ​វិញ​។ អ្នក​​ស្រី​ណាំខាង​​​បារម្ភ​ថា​បើ​បណ្ដោយ​​បែប​នេះ​ត​ទៅ​​ទៀត​​​មិន​កើត​ទេ​។​ សុនខ​នេះ​អាច​នឹង​​ជួប​​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​៕​​

ប្រភព៖ Asia One, Khaosod
https://www.asiaone.com/asia/lost-dog-waits-4-years-road-thailand-hes-reunited-owner  
https://www.khaosodenglish.com/news/2023/06/06/an-abandoned-dog-has-been-waiting-for-her-owner-for-2-months/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ