ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទៅ​សួរ​រក​ទិញ​ខោ បែរជា​​លួច​ទូរស័ព្ទ​អ្នក​លក់ បន្សល់​រូបលោក​ចោរ​ក្នុង​កាមេរ៉ា​សុវត្ថិភាព

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​វ័យក្មេង​ៗ​ចំនួន​០៣​នាក់ បាន​ជិះ​ម៉ូតូ​ចូល​ទៅ​រក​ទិញ​ខោអាវ នៅ​ក្នុង​ផ្សារ​«​ស្នឹង​» ដែល​ស្ថិត​ក្នុង​ឃុំ​ស្នឹង ស្រុក​បាណ​ន់ តែ​នៅ​ពេល​ប្រទះ​ឃើញ​ទូរស័ព្ទ​ម្ចាស់​តូប​ទុក​ប្រហែស ក៏​បន្លំ​លួច​យក​ទូរស័ព្ទ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​វ័យក្មេង​ៗ​ចំនួន​០៣​នាក់ បាន​ជិះ​ម៉ូតូ​ចូល​ទៅ​រក​ទិញ​ខោអាវ នៅ​ក្នុង​ផ្សារ​«​ស្នឹង​» ដែល​ស្ថិត​ក្នុង​ឃុំ​ស្នឹង ស្រុក​បាណ​ន់ តែ​នៅ​ពេល​ប្រទះ​ឃើញ​ទូរស័ព្ទ​ម្ចាស់​តូប​ទុក​ប្រហែស ក៏​បន្លំ​លួច​យក​ទូរស័ព្ទ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ មិថុនា បន្សល់​ទុក​តែ​សកម្មភាព​លោក​ចោរ​សក់​ក្រហម​ទាំង​០៣​នាក់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ច្បាស់​ដូច​ថ្ងៃ ។

ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​ចូល​បន្លំ​លួច​យក​ទូរស័ព្ទ ឈ្មោះ វង្ស ស្រី​ណា​ក់ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណ​ន់ និង​ជា​អាជីវករ​លក់​សម្លៀក​បំពាក់​នៅ​ក្នុង​ផ្សារ «​ស្នឹង​»​។ បើ​តាម​អ្នកស្រី វង្ស ស្រី​ណា​ក់ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មិថុនា ថា នៅ​ថ្ងៃ​កើតហេតុ ពេល​អ្នកស្រី​កំពុង​លក់ដូរ ស្រាប់តែ​មាន​មនុស្ស​០២​នាក់​ដើរ​ចូល​ទៅ​តូប​គាត់​សួរ​រក​ទិញ​ខោ​។

គាត់​និយាយ​ថា ជន​ម្នាក់​បាន​សួរនាំ​គាត់​ឲ្យ​រក​លេខ​ខោ​តម្រូវ​ចង្កេះ​ខ្លួន តែ​នៅ​ពេល​គាត់​កំពុង​រក​មើល ស្រាប់តែ​ជន​ម្នាក់​ទៀត​មើលឃើញ​ទូរស័ព្ទ​គាត់​ទុក​លើ​កាបូប​លុយ​ក្បែរ​នោះ ក៏​បន្លំ​យក​ទូរស័ព្ទ​នោះ រួច​ដើរ​ចេញ​ទៅ​បាត់ ហើយ​បាន​ស្រែកហៅ​គ្នា​វា​ម្នាក់​ដែល​កំពុង​រក​ទិញ​ខោ ខណៈ​គាត់​មិន​បាន​ចាប់​អារ​ម្ម​ណ៏​បន្តិច​សោះ ។

ពេល​នោះ​គ្នា​វា​ក៏​ដើរ​ចេញ​ទៅ​ដោយ​មិន​បាន​មើល​ខោ​ទេ ធ្វើ​ឲ្យ​គាត់​ស្រឡាំងកាំង​និង​ឆ្ងល់ ក៏​ដើរ​ទៅ​យក​កាបូប​លុយ​និង​ទូរស័ព្ទ​ដែល​ទុក​ក្បែរ​នោះ ស្រាប់តែ​បាត់​ទូរស័ព្ទ​សល់​តែ​កាបូប​លុយ ទើប​មានការ​ភ្ញាក់ផ្អើល ព្រោះ​ដឹង​ថា ជន​ពីរ​នាក់​ដែល​ចូល​ទិញ​ខោ គឺជា​ក្រុម​ចោរលួច​បន្លំ​លួច​យក​ទូរស័ព្ទ​ខ្លួន ។

អ្នកស្រី វង្ស ស្រី​ណា​ក់ បាន​ប្រាប់​ថា បើ​តាម​អ្នកស្រី​ដឹង​ក្រោយ​ពេល​កើតហេតុ គឺ​ជនល្មើស​មាន​គ្នា​០៣​នាក់ មាន​ម្នាក់​ចាំ​លើ​ម៉ូតូ និង​ពីរ​នាក់​ចូល​ធ្វើ​សកម្មភាព​ព្រោះ​ពេល​ក្រុម​នេះ​ជិះ​ចេញ​ផុត គាត់​បាន​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​គេ​បំពាក់​នៅ​ក្បែរ​នោះ ឃើញ​ក្រុម​ចោរ​មាន​គ្នា​០៣​នាក់ ។ ទូរស័ព្ទ​ដែល​ត្រូវ​ក្រុម​ចោរ​សក់​ក្រហម​លួច​នោះ​ម៉ាក iPnone 12 Pro Max ពណ៌​.​ស ។

បើ​តាម​ពិនិត្យ​លើ​រូបភាព​នៃ​ភិនភាគ​ក្រុម​ចោរ​ទាំង​០៣​នាក់ ក្រុម​នេះ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​ពណ៌​.​ស​គ្មាន​ស្លាក​លេខ ។ ពិតមែនតែ​ជន​ទាំង​០៣​នាក់​នេះ ពាក់​ម៉ាស់​មុខ និង​មាន​ម្នាក់​ពាក់មួក​សុវត្ថិភាព តែ​ក្រុម​នេះ​ហាក់​បង្ហាញ​មុខមាត់ និង​រាង​រ៉ូ​វ​យ៉ាង​ច្បាស់ ដែល​ផ្ដល់​ភាព​ងាយ​ស្រូល​បំផុត សម្រាប់​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាណ​ក្រុម​ចោរ​សក់​ក្រហម​ខាងលើ​នេះ ។ អ្នកស្រី វង្ស ស្រី​ណា​ក់ បាន​ប្រាប់​ថា ក្រោយ​កើតហេតុ អ្នកស្រី​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​ស្ដី​រដ្ឋបាល​ស្នឹង ភ្លាម​ៗ​ដែរ ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​តាម​ចាប់ខ្លួន​ក្រុម​ចោរ​ទាំង​០៣​នាក់​នោះ ។

បើ​តាម​អ្នកស្រី​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មិថុនា ថា អ្នកស្រី​បាន​ទ​ទូល​ដំណឹង​ពី​សាក្សី​ថា គេ​បាន​ប្រទះ​ឃើញ​ភិនភាគ​ក្រុម​ចោរ​ទាំង​០៣​នាក់​នោះ​ជិះ​ម៉ូតូឌុប​គ្នា កាន់​ទូរស័ព្ទ​ដូច​ភិនភាគ​របស់​អ្នកស្រី​យក​ទៅ​លក់​នៅ​ហាង​ទូរស័ព្ទ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ មិថុនា តែ​អ្នកស្រី​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​បានដឹង និង​បាន​ចាត់ការ​បែប​ណា​ហើយ​ទេ ព្រោះ​អ្នកស្រី​បាន​ផ្ដល់​ព័​ត៏​មាន​នេះ​ឲ្យ​សមត្ថកិច្ច​ដឹង​អស់ហើយ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ពេល​នេះ គេ​បាន​កំណត់​អត្តសញ្ញាណ​ក្រុម​ចោរ​ដ៏​ព្រហើន​ទាំង​០៣​នាក់​នោះ​ហើយ និង​កំពុង​តាម​ក្របួច​ក ហើយ​ក៏​កំពុង​ស៊ើបអង្កេត​អំពី​ទីតាំង​ដែល​ក្រុម​ចោរ​យក​ទូរស័ព្ទ​ទៅ​លក់​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ