ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកត្រាក់ទ័រពីក្រោយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ ថ្ងៃទី៤ ឧសភា លើផ្លូវជាតិលេខ៥ ចម្ងាយពីស្ពានទឹកថ្លាប្រវែង៥០ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
តាមព័ត៌មានពីមន្ត្រីប៉ូលិសចរាចរខេត្តបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍នេះគឺមកពីត្រាក់ទ័របានបត់ឆ្វេងមិនប្រយ័ត្ន ស្របពេលនោះម៉ូតូកំពុងបើកបរមកតាមក្រោយបានបុកផាលត្រាក់ទ័រភ្ជួរដីបណ្តាលឱ្យរងរបួសធ្ងន់បាក់ដៃឆ្វេង២កំណាត់ និងបាក់ឆ្អឹងជំនីរ។ ជនរងគ្រោះនោះឈ្មោះសំ សែន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា ធុន C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ក-១៨៣៦ បន្ទាយមានជ័យ បើកបរពីកើតទៅលិច ស្របទិសគ្នាជាមួយត្រាក់ទ័រ។ ឯអ្នកបើកត្រាក់ទ័រឈ្មោះសាន់ អូស្មាន់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិចំការក្រូច សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
លោកអនុសេនីយ៍ឯកសួន នីប៉ូរ បានឱ្យដឹងថា បន្ទាប់ពីកើតហេតុ អ្នកបើកបរត្រាក់ទ័របានព្យាយាមបើករត់គេចខ្លួន ហើយត្រូវបានកម្លាំងនគរបាលជំនាញដេញតាមចាប់ឃាត់បាននៅចំណុចទំនប់កណ្តាលក្នុងភូមិសាស្ត្រភូមិបាណយ សង្កាត់ទឹកថ្លា រួចនាំយកមកកាន់ការិយាល័យចរាចរណ៍ខេត្ត។ រីឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុននៅស្រុកមង្គលបុរី ៕
ចែករំលែកព័តមាននេះ