ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវរថយន្តកិនចំក្បាលស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី០៥ មិថុនា នៅលើផ្លូវជាតិលេខ៥៧ ស្ថិតនៅចំណុចភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ក្រោយពីជនរងគ្រោះជិះម៉ូតូបុកសត្វឆ្មា រួចដួលខ្ទាតចូលក្រោមកងរថយន្តយក្សនោះ ។

មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំស្នឹងបានរាយការណ៏ថា ជនរងគ្រោះឈ្មោះ សឿត វណ្ណាត ប្រុសអាយុ៣៦ឆ្នាំ នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល បានធ្វើដំណើរសោយម៉ូតូពីជើងទៅត្បូង ។ ដោយឡែក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-8533 បើកបរដោយឈ្មោះ ហ៊ុន ហេង អាយុ៣៥ឆ្នាំ នៅភូមិថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ។ អ្នកបើកបររូបនេះ បានរត់ចោលរថយន្ត ប្រពន្ធនិងកូនតូចម្នាក់ ក្រោយជួបគ្រោះថ្នាក់ដែលមានមនុស្សស្លាប់ ។

តាមរយៈរបាយការណ៍ដដែលមន្ត្រីប៉ុស្ដិ៍បានឲ្យដឹងថា រថយន្តនិងអ្នកជិះម៉ូតូខាងលើ បានធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាពីជើងទៅត្បូង ។ ពេលធ្វើដំណើរទៅដល់ចំណុចកើតហេតុ ភាគីរងគ្រោះដែលជិះម៉ូតូ ទំនងជិះលឿន ក៏ផ្លាតដួលខ្ទាតចូលក្រោមរថយន្ត ទើបត្រូវរថយន្តកិនទាំងមនុស្ស កិនទាំងម៉ូតូជាប់ក្រោមរថយន្ត ធ្វើឲ្យស្លាប់មនុស្សតែម្ដង។

ជុំវិញករណីនេះ បើតាមសាក្សីនៅទីនោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញជនរងគ្រោះបានជិះម៉ូតូក្នុងល្បឿនលឿនគួរសមដែរមកពីទិសខាងជើងទៅខាងត្បូង ។ ប្រភពដដែលថា ពេលដល់ចំណុចកើតហេតុ ស្របពេលមានរថយន្តដ៏ធំមួយគ្រឿង ធ្វើដំណើរមកពីខាងត្បូង(បញ្ច្រាសទិសគ្នា) ភ្លាមនោះ គេឃើញភាគីជិះម៉ូតូ បានជិះបុកសត្វឆ្មាមួយក្បាល ដែលព្យាយាមរត់ឆ្លងថ្នល់ ធ្វើឲ្យអ្នកជិះម៉ូតូនោះដួលរហូតខ្ទាតចូលក្រោមរថយន្ត ទើបត្រូវរថយន្តកិនចំក្បាលស្លាប់ភ្លាមៗ រីឯម៉ូតូជាប់ក្រោមកង់រថយន្តផ្នែកខាងមុខ ។
ក្រោយកើតហេតុ មន្ត្រីប៉ុស្ដិ៍រដ្ឋបាល បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីរក្សាសណ្ដាប់ធ្នាប់រង់ចាំមន្ត្រីការិយាល័យជំនាញ ចុះទៅពីនិត្យនិងធ្វើការវាស់វែង ។

មន្ត្រីជំនាញ បាននាំយករថយន្តនិងម៉ូតូនៃភាគីទាំងពីរទៅរក្សាទុកដើម្បីរង់ដោះស្រាយ តាមនីតិវិធីច្បាប់ ក្រោយធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ។ នេះជាឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយចៃដន្យ បង្កឡើងដោយសត្វឆ្មារត់ឆ្លងថ្នល់៕
ចែករំលែកព័តមាននេះ