តាមប្រភពព័ត៌មានបរទេសថា ឧក្រិដ្ឋជនសង្គ្រាមរបបណាហ្ស៊ីដែលគេតាមរកចាប់ខ្លួនបំផុតនៅលើពិភពលោកឈ្មោះ Sandor Kepiro អាយុ៩៧ឆ្នាំ កាលពីថ្ងៃទី៥ ឧសភា ទទួលការកាត់ទោសនៅតុលាការក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដោយត្រូវចោទប្រកាន់ពីបទសម្លាប់ជនជាតិជ្វីហ្វ និងស៊ែប៊ី៣៦នាក់ នៅស៊ែប៊ីកាលពីឆ្នាំ១៩៤២ ។
លោកតា Sandor Kepiro ជាអតីតមន្ត្រីយោធាហុងគ្រី នៅតែជាជនលេខ១ ក្នុងបញ្ជីឧក្រិដ្ឋជនសង្គ្រាមរបបណាហ្ស៊ី ដែលគេតាមរកចាប់ខ្លួនបំផុត ។ លោកត្រូវបានចោទប្រកាន់ពីបទមានតួនាទីក្នុងការវាយឆ្មក់ដោយកងកម្លាំងហុងគ្រីទៅលើក្រុង Novi Sud នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ មេសា ឆ្នាំ១៩៤២ ។
តាមមជ្ឈមណ្ឌល Wiesenthal Center ឱ្យដឹងថា ជនស៊ីវិល១.២០០នាក់ បានត្រូវសម្លាប់ក្នុងអំឡុងពេលនៃការវាយឆ្មក់លើទីក្រុងនោះ។ មជ្ឈមណ្ឌលបានចាត់ទុកការកាត់ទោសលោកតា Sandor Kepiro ថា មានសារសំខាន់ជាប្រវត្តិសាស្ត្រ ប៉ុន្តែគេនៅមិនទាន់ដឹងថា សាលក្រមនៃការកាត់ទោសនេះនឹងចេញនៅពេលណានោះទេ។
បើទោះបីជាបានសារភាពថា គាត់មានតួនាទីនៅក្នុងការវាយឆ្មក់នៅក្នុងទីក្រុង Novi Sud ក៏ដោយ ក៏លោកតា Sandor នៅតែអះអាងថា លោកគ្មានទោសកំហុសទេ ។ លោកតា Sandor ត្រូវបានរកឃើញថា មានទោសកំហុសពីបទឧក្រិដ្ឋ២ដងរួចមកហើយនៅឆ្នាំ១៩៤៤ និងនៅឆ្នាំ១៩៤៦។ នៅពេលនោះ លោកត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ ប៉ុន្តែរត់គេចខ្លួនពីទោសជាប់គុកទៅកាន់ប្រទេស អាហ្សង់ទីន ហើយរស់នៅទីនោះរយៈពេលជាង៥០ឆ្នាំមុនពេលវិលត្រឡប់ទៅកាន់ទីក្រុងប៊ុយដាប៉ែសវិញនៅឆ្នាំ១៩៩៦ ៕
ចែករំលែកព័តមាននេះ