ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​នៅ​តំបន់​ទន្លេសាប​គ្មាន​សញ្ញា​​ថយ​ចុះ​ទេ​

11 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជន​ទុច្ចរិត បាន​ដាក់​ពង្រាយ​ស្ទាក់​ចាប់​យក​ត្រី ពាសពេញ​ផ្ទៃ​បឹង​ទន្លេសាប​យ៉ាង​អនាធិប​តេយ្យ​​នា​សព្វ​ថ្ងៃនេះ គេ​មិនឃើញ​មាន​សញ្ញា​ថមថយ​ឡើយ ។ នេះ​បើ​យោង​លើ​របាយការណ៍​និង​វត្ថុ​តាង​នានា​ដែល​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប និង​រឹបអូស​បាន​ពី​ទីតាំង​ប្រព្រឹត្ត​បទល្មើស​នៅ​តំបន់​ទន្លេ​សាប​នា​ពេល​កន្លង​មក…

ខេត្តបាត់ដំបង ៖ ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជន​ទុច្ចរិត បាន​ដាក់​ពង្រាយ​ស្ទាក់​ចាប់​យក​ត្រី ពាសពេញ​ផ្ទៃ​បឹង​ទន្លេសាប​យ៉ាង​អនាធិប​តេយ្យ​​នា​សព្វ​ថ្ងៃនេះ គេ​មិនឃើញ​មាន​សញ្ញា​ថមថយ​ឡើយ ។ នេះ​បើ​យោង​លើ​របាយការណ៍​និង​វត្ថុ​តាង​នានា​ដែល​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប និង​រឹបអូស​បាន​ពី​ទីតាំង​ប្រព្រឹត្ត​បទល្មើស​នៅ​តំបន់​ទន្លេ​សាប​នា​ពេល​កន្លង​មក ។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​០៤ មិថុនា មន្ត្រី​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ទាល់ នៅ​ស្រុក​ឯក​ភ្នំបាន​ដឹកនាំ​កម្លាំង​ក្នុង​សហគមន៍​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជា​ច្រើន​កន្លែង នៅ​ក្នុង​តំបន់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ដែល​បាន​រឹបអូស​វត្ថុ​តាង​ជា​ច្រើន ដែល​សុទ្ធតែ​ជា​ឧបករណ៍​នេសាទ​ខុសច្បាប់ តែ​ពុំ​បាន​ឃាត់ខ្លួន​ជនល្មើស​ណា​ម្នាក់ សូ​ម្បី​តែ​ឈ្មោះ​ម្ចាស់​បទល្មើស​ក៏​គេ​មិន​ស្កាល់​ដែរ ។

បើ​តាម​សេចក្ដីរាយការណ៍​កម្លាំង​សហគមន៍​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល​ព្រែក​ទាល់ ខាងលើ​នេះ បាន​ចុះ​ទៅ​បង្ក្រាប​លើ​ទីតាំង​០៣​កន្លែង នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯកភ្នំ ។ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទ​នេសាទ​ខាងលើ​នេះ មន្ត្រី​ជំនាញ​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់ (​សាច់​អួន និង​ឧបករណ៍​ដទៃ​ទៀត​)​បាន​រាប់​ពាន់​ម៉ែត្រ​ជា​វត្ថុ​តាង ។បើ​តាម​របាយការណ៍​វត្ថុ​តាង​ដែល​រឹបអូស​បាន​ពី​ទីតាំង​បទល្មើស​ទាំង​០៣​កន្លែង​នោះ​រួម​មាន ១-​របាំង​សាច់​អួន​ប្រវែង​សរុប ១,៣០០​ម៉ ២-​បង្គោល​ឈើ​ចំនួន​៦០០​ដើម និង ៣-​ឡុ​ក​ចាប់​ត្រី​ចំនួន​១២​ឡុ​ក ។

វត្ថុ​តាង​ទាំងនេះ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល និង​បាន​ប្រលែង​កូន​ត្រី​ចម្រុះ​ចូល​ក្នុង​បឹង​ទន្លេសាប​វិញ​ជិត​១០០​គីឡូក្រាម ។ បើ​តាម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងនេះ ត្រូវ​បាន​ជន​ទុច្ចរិត​នានា ដាក់​ពង្រាយ​នៅ​ពាសពេញ​លំហរ​ផ្ទៃ​បឹង​ទន្លេសាប ។ ទីតាំង​ខ្លះ​ពួក​ជនល្មើស​ដាក់​បង្គោល​ពាក់​ស្បៃ​អួន​លើក​ផុត​ទឹក​ព្រោងព្រាត ដែល​យើង​អាច​ជិះ​កាណូត​មើល​ពី​ចម្ងាយ​ឃើញ តែ​ទីតាំង​ខ្លះ​ពួក​ជនល្មើស​ដាក់​បង្គោល​បំពាក់​ស្បៃ​អួន​ប៉ប្រះ​ផ្ទៃ​ទឹក ដែល​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​បទល្មើស​ទាំងនោះ ដោយសារ​មើល​មិនឃើញ ។ប្រជា​សហគមន៍​ក៏​បាន​និយាយ​ដែរ​ថា សព្វ​ថ្ងៃនេះ​បទល្មើស​នេសាទ​ហាក់​គ្មាន​ការ​ថមថយ​ទេ បើ​ទោះជា​កម្លាំង​សមត្ថកិច្ច ឬ មន្ត្រី​ជលផល​ធ្វើការ​ចុះ​បង្ក្រាប​ជា​ញឹកញាប់​ក្ដី ។

ប្រភព​ដដែល​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​បទល្មើស​នេសាទ​មិន​អាច​ថយ​ចុះ​បែប​នេះ ដោយសារ​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប រឹបអូស​យក​បាន​តែ​ឧបករណ៍​នេសាទ​ខុសច្បាប់ រីឯ​ម្ចាស់​បទល្មើស​មិន​ដែល​ឃើញ​គេ​ចាប់​បាន​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។ ដូច្នេះ​ហើយ​ទើប​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ នៅ​តែ​ប្រព្រឹត្ត​បទល្មើស​ដដែល ហើយ​កាន់តែ​ខ្លាំង​ឡើង​ៗ ស្ទើរ​គ្រប់​ទីកន្លែង​ពាសពេញ​ផ្ទៃ​បឹង​ទន្លេសាប​។

មិនតែប៉ុណ្ណោះ បើ​តាម​ប្រភព​ដដែល​នេះ​បាន​ទម្លាយ​ថា មិន​ត្រឹមតែ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​ទេ ក្រុម​ជនល្មើស​ដែល​មាន​លុយ មាន​ឥទ្ធិពល ថែម​ទាំង​បាន​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​តាម​ស្ថាប័ន​មួយ​ចំនួន​ទៀត ដែល​ប្រចាំការ​នៅ​តំបន់​បឹង​ទន្លេសាប​ប្រព្រឹត្ត​បទល្មើស​នេសាទ​យ៉ាង​អនាធិបតេយ្យ​ពេញ​បឹង​ទន្លេសាប​តែ​ម្ដង​។ នេះ​ជា​មូលហេតុ ដែល​មិន​អាច​ធ្វើ​ឲ្យ​បទល្មើស​នេសាទ​ថមថយ​បាន ។

បើ​ទោះជា​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ប្រឹងប្រែង​ចុះ​បង្ក្រាប​មួយ​ថ្ងៃ​១០​ដង ក៏​បទល្មើស​នៅ​តែ​កើត​មាន​ដដែល​ដរាបណា​ជនល្មើស​នៅ​តែ​នៅ​ក្រៅ​សំណាញ់​ច្បាប់​។ ព្រោះ​ជនល្មើស និង​មន្ត្រី​ជំនាញ​មួយ​ចំនួន​កំពុង​សហការ​គ្នា​យ៉ាងរ​មួ​ត ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស ខណៈ​ដែល​មាន​មន្ត្រី​ជំនាញ​ខ្លះ​ទៀត​ក៏​កំពុង​សម្ងំ​លេប​ប្រាក់​សំណែន ប្រាក់​សំណូក​ប្រចាំខែ ឬ​ប្រចាំ​រដូវ​យ៉ាង​ផ្អែមមាត់ ៕

អត្ថបទសរសេរ ដោយ