ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​តែ​មួយ​​! Zlatan ប្រកាស​ចូល​និវត្តន៍ ខណៈ Benzema ដើរ​ចេញពី Real Madrid

2 ឆ្នាំ មុន

បរទេស ៖ កំពូល​កីឡាករ​បាល់ទាត់​២​រូប បាន​ប្រកាស​ដំណឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត ដោយ​កំពូល​ខ្សែប្រយុទ្ធ​ស៊ុ​យ​អែ​ត Zlatan Ibrahimovic ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​នៅ​វ័យ ៤១​ឆ្នាំ ស្រប​ពេល​កំពូល​ខ្សែប្រយុទ្ធ​បារាំង Karim Benzema នឹង​ចាក​ចេញពី​ក្រុម​អធិរាជ​ស Real Madrid ក្រោយ​ចំណាយពេល ១៤​ឆ្នាំ​ជាមួយ​គ្នា​។

Zlatan Ibrahimovic ខ្សែប្រយុទ្ធ​ក្រុម​យក្ស AC Milan នៃ​លី​គ​កំពូល​អ៊ី​តា​លី Serie A បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ​។

អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត​រូប​នេះ បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់ នៅ​ក្នុង​កីឡដ្ឋាន San Siro នៅ​ក្រោយ​ការ​ប្រកួត​បិទ​រដូវ​កាល​នេះ យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​និយាយ​លា​បាល់ទាត់ ប៉ុន្តែ​មិនមែន​សម្រាប់​អ្នក​ទេ​។ វា​មាន​អារម្មណ៍​ច្រើន​ពេក​ហើយ​សម្រាប់​ខ្ញុំ​នៅ​ពេល​នេះ​។ លើក​ទី​មួយ​ដែល​ខ្ញុំ​មក​ទី​នេះ អ្នក​ផ្តល់​សុភមង្គល​ដល់​ខ្ញុំ ហើយ​លើក​ទី​ពីរ អ្នក​ផ្តល់​ក្តី​ស្រឡាញ់​ដល់​ខ្ញុំ​។ អ្នក​បាន​ស្វាគមន៍​ខ្ញុំ​ដោយ​បើកចំហរ អ្នក​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ផ្ទះ​ខ្លួនឯង ខ្ញុំ​នឹង​ក្លាយជា​មនុស្ស​របស់ AC Milan (Milanista) ពេញ​មួយ​ជីវិត​របស់ខ្ញុំ​»​។

គួរ​បញ្ជាក់​ថា ពេញ​មួយ​អាជីព​បាល់ទាត់ Zlatan Ibrahimovic បាន​លេង​ឱ្យ​ក្រុម​ចំនួន ៩ ក្នុង​នោះ​រួម​ទាំង Ajax, Juventus, Inter Milan, Barcelona, AC Milan, PSG, Manchester United និង LA Galaxy ដោយ​ស៊ុត​បញ្ចូល​ទី​សរុប ៥១១​គ្រាប់​ពី​ការ​បង្ហាញខ្លួន ៨៦៦​ប្រកួត និង​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ក្នុង​រួម​ទាំង UEFA Europa League, FIFA Club World Cup, UEFA Super Cup, Eredivisie, Serie A, La Liga និង Ligue 1 ផង​ដែរ​។ ជាមួយ​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត Ibrahimovic ត្រូវ​បាន​កោះហៅ​ចូល​ក្នុង​ឈុត​ធំ​ចាប់តាំងពី​ឆ្នាំ ២០០១ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៦២​គ្រាប់​ពី​ការ​បង្ហាញខ្លួន ១២២​ប្រកួត​។

ដោយឡែក ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ កំពូល​ខ្សែប្រយុទ្ធ​បារាំង Karim Benzema នឹង​ចាក​ចេញពី​ក្រុម Real Madrid ក្នុង​នាម​ជា​ភ្នាក់ងារ​គ្មាន​តម្លៃ​ខ្លួន (Free Agent) នៅ​បញ្ចប់​រដូវ​កាល​នេះ បន្ទាប់​ពី​ចំណាយពេល ១៤​ឆ្នាំ លើ​ទឹកដី Santiago Bernabeu ស្រប​ពេល​ដំណឹង​ចុង​ក្រោយ​បង្ហាញ​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០២២ វ័យ​៣៥​ឆ្នាំ​រូប​នេះ ទំនង​នឹង​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម Al Ittihad នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​។

តាម​ពិត​ទៅ Benzema នៅ​សល់​លក្ខខណ្ឌ​ជម្រើស​បន្ត​១​ឆ្នាំ​ទៀត​ជាមួយ Real Madrid ប៉ុន្តែ​រូបគេ​បាន​សម្រេចចិត្ត​លុប​ចោល ខណៈ​ដែល​ខាង​ក្លិប​ក៏​បាន​បញ្ជាក់​ថា ពួក​គេ​គោរព​តាម និង​ទទួលយក​ការ​សម្រេចចិត្ត​អនាគត​របស់​កីឡាករ​រូប​នេះ​។​

ស្ថានីយ៍ទូរទស្សន៍​រដ្ឋ Al Ekhbariya របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រាយការណ៍​ថា Al Ittihad បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ Benzema ក្នុង​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ជាមួយនឹង​មន្ត្រី​ក្លិប​នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ហើយ​តាម​ការ​ផ្តល់​ជូន​ក្លិប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​មួយ​នេះ ដែល​ត្រូវ​បាន​ប៉ាន់ស្មាន​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​មាន​តម្លៃ​ជាង ១០០​លាន​អឺ​រ៉ូ​ឯណោះ​។

គួរ​រំលឹក​ជូន​ថា Karim Benzema បាន​ផ្លាស់​ពី​ក្លិប Lyon មក​ចូលរួម​ជាមួយ Real Madrid នៅ​ក្នុង​ឆ្នាំ ២០០៩ ក្នុង​តម្លៃ ៣៥​លាន​អឺ​រ៉ូ​។ រយៈពេល​១៤​ឆ្នាំ​កន្លង​មកនេះ រូបគេ​បាន​ស៊ុត​បញ្ចូល​ទី ៣៥៤​គ្រាប់​ពី​ការ​បង្ហាញខ្លួន ៦៤៨​ប្រកួត​ជាមួយ Real Madrid ដោយ​ឈ្នះ​ពានរង្វាន់ UEFA Champions League ៥​ដង​, UEFA Super Cup ៤​ដង​, FIFA Club World Cup ៥​ដង​, La Liga ៤​ដង​, Copa del Rey ៣​ដង និង Spanish Super Cup ៣​ដង​៕