ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! Ronaldo មក​ចាយ​សម្រស់​នៅ​សិង្ហ​បុរី ដើម្បី​ការងារ​ដ៏​សំខាន់​មួយ

2 ឆ្នាំ មុន

សិង្ហ​បុរី ៖ កំពូល​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​យក​ពេល​សម្រាក​ក្រោយ​បញ្ចប់​យុទ្ធនាការ​បាល់ទាត់​នៃ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​រដូវ​កាល ២០២២-២៣ (Saudi Pro League) ដើម្បី​ចំណាយពេល​ជួបជុំ​យ៉ាង​ពិសេស​រយៈពេល ២​ថ្ងៃ​ជាមួយ​អ្នកគាំទ្រ​ក្នុង​ប្រ​ទេ​សិង្ហ​បុរី ពោល​នៅ​ពី​ថ្ងៃ​ទី​០៣-០៤ ខែមិថុនា កន្លង​ទៅ​។

កំពូល​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo បាន​បញ្ចប់​យុទ្ធនាការ​បាល់ទាត់​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​រដូវ​កាល ២០២២-២៣ ជាមួយនឹង​ក្រុម Al-Nassr នៅ​ក្នុង​ជ័យជម្នះ​លទ្ធផល ៣-០ លើ​ក្រុម Al Fateh កាលពី​ថ្ងៃ​៣១ ខែមិថុនា កន្លង​ទៅ​។ Al-Nassr ក្រោម​ការ​ដឹកនាំ​របស់​លោក Dinko Jelicic មិន​អាច​ដណ្ដើម​ជើងឯក​ពានរង្វាន់ Saudi Pro League បាន​ឡើយ ដោយ​ពួក​គេ​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​លេខ​២ តាម​ពីក្រោយ​ក្រុម​ម្ចាស់​ជើងឯក Al-Ittihad ចំនួន ៥​ពិន្ទុ​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ Ronaldo បាន​បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើល ដើម្បី​បង្ហាញ​សមត្ថភាព​លេង​កីឡា​ប៉ា​ឌែ​ល​តេ​ស្នី (Padel Tennis) យ៉ាង​ស្ទាត់ជំនាញ​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​។

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន​កីឡា Goal.com បានឱ្យ​ដឹង​ថា ការ​ធ្វើ​ទស្សនកិច្ច​យ៉ាង​ពិសេស​របស់​ខ្សែប្រយុទ្ធ​វ័យ ៣៨​ឆ្នាំ​រូប​នេះ ទៅ​កាន់​ប្រទេស​សិង្ហ​បុរី គឺ​ដើម្បី​ផ្សព្វផ្សាយ​គំនិត​ផ្តួចផ្តើម​សប្បុរសធម៌ រួម​ជាមួយ​មិត្ត​របស់​គេ​គឺ លោក Peter Lim ដែល​ជា​មហាសេដ្ឋី​ធុរកិច្ច​ដ៏​ល្បី​របស់​ប្រទេស​សិង្ហ​បុរី​។

នៅ​ទីនោះ Ronaldo បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​ទៅ​កាន់​អ្នកគាំទ្រ ហើយ​ថែម​ទាំង​បាន​ជជែក​អំពី​កីឡាបាល់ទាត់ ប៉ា​ឌែ​ល​តេ​ស្នី និង​បាល់ទះ ទៅ​កាន់​ក្មេង​ៗ​ផង​ដែរ​។

សូម​ជម្រាប​ថា Cristiano Ronaldo បាន​ខកចិត្ត​សម្រាប់​យុទ្ធនាការ​រដូវ​កាល​នេះ បន្ទាប់​ពី​ក្រុម Al-Nassr ខកខាន​ការ​ឈ្នះ​ពានរង្វាន់ Saudi Pro League ប៉ុន្តែ​ម្ចាស់​ពាន Ballon d’Or ៥​សម័យកាល​រូប​នេះ បាន​ទទូច​ថា រូបគេ​នឹង​បន្ត​ជាមួយ Al-Nassr ហើយ​មិន​មាន​គម្រោង​ត្រឡប់​ទៅ​លេង​នៅ​អឺរ៉ុប​វិញ​ទេ បើ​ទោះបីជា​មានការ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ក្រុម Bayern Munich យ៉ាងណា​ក៏​ដោយ​។

ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី Ronaldo នឹង​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្រុម Al-Nassr វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយ​ក្រុម​មួយ​នេះ គ្រោង​នឹង​ជួប​ក្រុម Al-Shabab, PSG និង Inter Milan ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ថ្មី​៕