ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ជា​ជាង​៦០០​លាន​នាក់​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ទីផ្សារ​ម៉ូតូ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​នៅ​ពេល​នេះ ទីផ្សារ​ម៉ូតូ​ដែល​កំពុង​តែ​មាន​សក្តានុពល​ខ្លាំង​

អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ជា​ជាង​៦០០​លាន​នាក់​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ទីផ្សារ​ម៉ូតូ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​នៅ​ពេល​នេះ ទីផ្សារ​ម៉ូតូ​ដែល​កំពុង​តែ​មាន​សក្តានុពល​ខ្លាំង​បំផុត គឺ​ឥណ្ឌូ​នេ​ស៊ី និង វៀតណាម ។

នៅ​ពេល​នេះ ស្ថិតិ​បាន​បង្ហាញ​ថា គ្រាន់តែ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​តែ​មួយ គឺ​មាន​ម៉ូតូ​សរុប ប្រមាណ​ជា ១២៥ លាន​គ្រឿង ហើយ​ប្រជាជាតិ​មួយ​នេះ ត្រូវ​បាន​គេ​អះអាង​ថា គឺជា​ទីផ្សារ​ម៉ូតូ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ខណៈ​ពេល​ដែល​ប្រជាជន​នៅ​ក្នុង​ប្រទេស មាន​ចំនួន​ប្រជាពលរដ្ឋ​សរុប ជាង ២០០ លាន​នាក់ បាន​ចាត់​ទុក​ម៉ូតូ គឺជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម​បំផុត​។

សម្រាប់​វៀតណាម​ឯណោះ​វិញ​ក៏​មិន​អន់​ដែរ ដោយសារ​តែ​ទីនោះ ថ្វី​ត្បិត​តែ​មាន​ប្រជាជន​តិច ជាង​ឥណ្ឌូ​នេ​ស៊ី ប៉ុន្តែ​ភាគរយ​នៃ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ម៉ូតូ​ក៏​មាន​ភាគរយ​មិនធម្មតា ពោល​គឺ ធំ​ជាង​ឥណ្ឌូ​នេ​ស៊ី​ផង ប្រសិនបើ​គេ​យក​តួលេខ​ម៉ូតូ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​។

សមាគម​ក្រុមហ៊ុន​ផលិត​ម៉ូតូ​វៀតណាម ដែល​ដកស្រង់​ដោយ​កាសែត Vietnam News បានឱ្យ​ដឹង​ថា ទីផ្សារ​ម៉ូតូ​នៅ​ប្រទេស​នេះ បាន​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ដែល​មាន​កំណើន​លឿន​បំផុត​លើ​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។

ប្រភព​ដដែល​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​មាន​ប្រជាពលរដ្ឋ ប្រមាណ​ជា ១០០ លាន​នាក់ មាន​ម៉ូតូ​ចុះបញ្ជី​ជាង​៧០​លាន​គ្រឿង ជាមួយនឹង​តួលេខ​ដែល ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង​កាន់តែ​ច្រើន​នា​ពេល​អនាគត ហើយ​ក្នុង​រយៈពេល​៤​ខែ ដំបូង​នៃ​ឆ្នាំ​២០២៣ ប្រទេស​នេះ​បាន​ផលិត​ម៉ូតូ​ថ្មី​ជាង​មួយ​លាន​គ្រឿង​។

ក្រុមហ៊ុន​ផលិត​ធំ​ៗ​ចំនួន​៥ ដូច​ជា ៖ ហុងដា​, យ៉ា​ម៉ា​ហា​, ស៊ុ​យ​ហ្សូ​គី​, ភៀ​ហ្គោ និង​ស៊ី​ម ( SYM) ជាដើម គឺ​សុទ្ធតែ​បាន​អះអាង​អំពី​ការ​ជំរុញ​ផលិតកម្ម​ម៉ូតូ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​នេះ​។

ប្រភព​ដដែល​បាន​អះអាង​ថា បច្ចុប្បន្ន ក្រុមហ៊ុន​ហុងដា នៅ​ប្រទេស​វៀតណាម ដែល​កំពុង ដំណើរការ​រោងចក្រ​ចំនួន​៣​ក្នុង​ប្រទេស មាន​សមត្ថភាព​ផលិត​ម៉ូតូ​រហូត​ដល់​២,៥ លាន​គ្រឿង ក្នុង​មួយ​ឆ្នាំ រីឯ​ក្រុមហ៊ុន យ៉ា​ម៉ា​ហា និង​ក្រុមហ៊ុន​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​នេះ ក៏​បាន​កំពុង ដំណើរការ​រោងចក្រ​ចំនួន​២ ដែល​កំពុង​តែ​ជំរុញ​ផលិតកម្ម​ម៉ូតូ​រាប់​ម៉ឺន​គ្រឿង​បន្ថែម​ទៀត ។

សម្រាប់​ប្រទេស​ថៃ​វិញ ទីផ្សារ​ម៉ូតូ​អាច​មាន​ច្រើន​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​តូច​ជាង​វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី​ទេ ។

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា ប្រទេស​នេះ​មាន​ម៉ូតូ​ដែល​ចុះបញ្ជី​សរុប ប្រមាណ​ជា ២២ លាន​គ្រឿង ។ ទីផ្សារ​ម៉ូតូ​នៅ​ថៃ មាន​ស្ថាន​ភាពល្អ​ដែរ ប៉ុន្តែ​ដោយសារ​តែ គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ម៉ូតូ​ខ្ពស់​ពេក ជា​ទូទៅ​ម៉ូតូ​មិន​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ឡើយ​។

ដោយឡែក​បើ​យោង​តាម​សារព័ត៌មាន the Straits Times បាន​ឲ្យ​ដឹង​ថា នៅ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី ក៏​មាន​យានយន្ត​សរុប ២៣ លាន​គ្រឿង នៅ​ក្នុង​នោះ ៤៧​ភាគរយ គឺជា​ម៉ូតូ ដូចនេះ ចំនួន​ម៉ូតូ​នៅ​ក្នុង​ប្រទេស​នេះ អាច​មាន​ប្រមាណ​ជា​ជាង ១០ លាន​គ្រឿង​ដែរ ។

កម្ពុជា​វិញ ថ្វី​ត្បិត​តែ​ជាទី​ផ្សារ​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​ត្រឹមតែ​ប្រមាណ​ជា ១៧ លាន​នាក់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ តួលេខ​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា​មាន​ម៉ូតូ​ដែល​ចុះបញ្ជី​ប្រមាណ​ជា​ជាង ៦ លាន​គ្រឿង​។

សម្រាប់​ប្រទេស​ឡាវ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧​លាន​នាក់ គឺ​មាន​ម៉ូតូ​ប្រមាណ​ជា ១,៨​លាន​គ្រឿង នៅ​ក្នុង​នោះ​គេ​ដឹង​ថា ម៉ូតូ​ច្រើន​គេ គឺ​ប្រមាណ​ជា ៧០០.០០០ គ្រឿង គឺ​ចុះបញ្ជី​នៅ​ទីក្រុង​វៀង​ច័ន្ទ ។ ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ