រដ្ឋមន្ត្រីយុត្តិធម៌អេហ្ស៊ីប ថ្លែងថា អតីតប្រធានាធិបតី លោកហូស្នី មូបារ៉ាក់ អាចត្រូវកាត់ទោសប្រហារជីវិត ប្រសិនបើលោកត្រូវបានកាត់ឱ្យជាប់ទោសពីបទបញ្ជាឱ្យបាញ់សម្លាប់បាតុករប្រឆាំងលោក ។ រដ្ឋមន្ត្រីយុត្តិធម៌អេហ្ស៊ីបរូបនេះលោក Mohamed Abdelaziz al-Juindy ថ្លែងទៀតថា ការចោទប្រកាន់មួយក្នុងចំណោមការចោទប្រកាន់នានា ដែលលោកមូបារ៉ាក់ ត្រូវប្រឈមមុខនោះគឺការបញ្ជាឱ្យសម្លាប់អ្នកដែលប្រឆាំងលោកដែលនោះជាទោសកំហុសធ្ងន់ធ្ងរមួយត្រូវតែប្រហារជីវិត ។
ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែងរដ្ឋមន្ត្រីយុត្តិធម៌មក លោក Mohamed ថ្លែងកាលពីសប្តាហ៍មុនថា តុលាការអេហ្ស៊ីបនឹងមិនខ្លាចកាត់ទោសប្រហារជីវិតលោកមូបារ៉ាក់ទេ ប្រសិនបើលោកត្រូវបានរកឃើញថា មានទោសកំហុសដូចតាមការចោទប្រកាន់មែននោះ ។ លោក Mohamed ថ្លែងទៀតថា ប្រសិនបើបទឧក្រិដ្ឋត្រូវបានលាតត្រដាង តុលាការនឹងមិនស្ទាក់ស្ទើរក្នុងការចេញការកាត់ទោសប្រហារជីវិតលោកមូបារ៉ាក់ឡើយ។
លោកហូស្នី មូបារ៉ាក់ បានយល់ព្រមលាលែងចេញពីតំណែងក្រោយពីមានបាតុកម្មប្រឆាំងលោកយ៉ាងខ្លាំងក្លាកាលពីខែកុម្ភៈកន្លងមកក្រោយពីកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំមក ។ បច្ចុប្បន្នលោកកំពុងមានបញ្ហាសុខភាព ហើយរស់នៅតំបន់រមណីយដ្ឋាន Sharm el Sheikh ភាគខាងត្បូងប្រទេស ។ ប៉ុន្តែទោះបីជាបែបណា លោក Mohamed ថ្លែងថា លោកមូបារ៉ាក់ មានសុខភាពល្អធម្មតាអាចប្រឈមមុខនឹងការកាត់ទោសបាន ហើយលោកនឹងត្រូវតម្រូវឱ្យបង្ហាញខ្លួនក្នុងតុលាការ ប្រសិនបើពេលមកដល់។ លោក Mohamed ថ្លែងទៀតថា ប្រសិនបើលោកមូបារ៉ាក់ ឈឺធ្ងន់ រដ្ឋអាជ្ញានឹងទៅសួរសុខទុក្ខលោក ព្រោះនេះជានីតិវិធីមួយសម្រាប់ជនសង្ស័យ ដែលមានជំងឺ ។
ជាមួយគ្នានេះ លោកមូបារ៉ាក់ ក៏ប្រឈមមុខនឹងការស៊ើបអង្កេតពីបទចោទប្រកាន់ពុករលួយ និងពីបទប្រើប្រាស់ថវិការដ្ឋមិនត្រឹមត្រូវដែរ។
លោក Mohamed ថ្លែងថា ការកាត់ទោសលោកមូបារ៉ាក់ នឹងបង្ហាញថា នីតិរដ្ឋគឺមានសារសំខាន់បំផុតរបស់ប្រទេស ហើយពលរដ្ឋគ្រប់រូបត្រូវតែគោរពច្បាប់មិនថា អ្នកណាឡើយ ៕
ចែករំលែកព័តមាននេះ