រាជធានីភ្នំពេញ ៖ ជនជាតិចិនដីគោកម្នាក់ត្រូវសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញឃាត់ខ្លួន កាលពីវេលាម៉ោង១១យប់ថ្ងៃទី១ ឧសភា ក្នុងកាស៊ីណូ ខណៈដែលគេកំពុងយកគ្រឿងញៀនទៅលក់ដូរនៅទីនោះ ។
បុរសនោះឈ្មោះឈិន មីង អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១៦២ ផ្លូវលេខ៦៣ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជាមួយនឹងការឃាត់ខ្លួនឈ្មោះឈិនមីង សមត្ថកិច្ចដកហូតថ្នាំញៀនគ្រាប់ ពណ៌លឿង លាយផ្ទៃមេឃ មានសញ្ញា MS 60គ្រាប់ ថ្នាំពណ៌ក្រហមលាយទឹកក្រូច២គ្រាប់ ថ្នាំពណ៌បៃតងសញ្ញាផ្កាយ២០គ្រាប់ ថ្នាំពណ៌ផ្ទៃមេឃ ១ចំហៀងគ្រាប់ ថ្នាំបន្ទះពណ៌ក្រហមលាយទឹកប្រាក់១១គ្រាប់ ថ្នាំក្រាមពណ៌សថ្លា៥ថង់តូចស្មើទំងន់៦,៨៧ក្រាម និងថ្នាំក្រាមពណ៌ស៦ថង់តូច ស្មើទំងន់៤,៨៧ក្រាម ។ ក្រៅពីនេះដកហូតប្រាក់ចំនួន៥ដុល្លារ និងកាបូបស្ពាយពណ៌ខ្មៅ ព្រមទាំងទូរស័ព្ទម៉ាកណូគៀចំនួន២គ្រឿង ។
ជនជាប់សង្ស័យឆ្លើយសារភាពនៅអង្គភាពនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញថា គ្រឿងញៀនដែលគេយកទៅជួញដូរនោះបានទិញពីឈ្មោះវូ ស៊ិនហ៊ុង ជនជាតិវៀតណាមដោយទាក់ទងគ្នាតាមរយយៈទូរស័ព្ទ ។ ភាគច្រើនថ្នាំញៀនដែលគេទិញយកទៅលក់នោះ គឺប្រភេទថ្នាំហិត ធ្វើឱ្យស្រវឹង មានកម្លាំងសប្បាយគ្រវីក្បាល និងងងុយដេក ។ គេធ្លាប់នាំយកថ្នាំញៀនទៅលក់ចំនួន៥លើកមកហើយ ដោយក្នុង១លើកៗនាំចូលពី២ជីទៅ៣ជីប្រភេទម៉ាទឹកកក ។ ចំពោះតម្លៃរបស់វាទិញចូល១ជី៩០ដុល្លារ និងលក់ចេញទៅវិញបានពី១០០ ទៅ១១០ដុល្លារ ។
ឈ្មោះឈិន មីង សារភាពប្រាប់នគរបាលទៀតថា គេធ្លាប់នាំយកថ្នាំគ្រវីហៅថាយ៉ាម៉ា ឬយ៉ាបា និងម៉ាទឹកកក ចូលទៅលក់ក្នុងសណ្ឋាគារ កាស៊ីណូ នោះចំនួន៤ ទៅ៥លើកដោយទិញពីថៅកែចិនម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល៣៥ឆ្នាំ ។ ថ្នាំគ្រវីក្បាលទិញម្តង១០០គ្រាប់ ១ក្នុងគ្រាប់៦ដុល្លារលក់ចេញទៅវិញបាន៨ ឬ១០ដុល្លារ ចំណែកម៉ាទឹកកកទិញ២លើកក្នុង១លើកកន្លះខាំ មានតម្លៃ២៥០០ដុល្លារ ។ មនុស្សភាគច្រើនដែលគេយកថ្នាំញៀនទៅលក់ឱ្យនៅកន្លែងលេងល្បែងស៊ីសងនោះ ជាជនជាតិចិនដូចគ្នា ។ វត្ថុតាងដែលបានដកហូត រួមទាំងជនសង្ស័យឈ្មោះឈិន មីង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ