រាជធានីភ្នំពេញ ៖ រថយន្តនីស្សាន់មួយបាំងកន្លះមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ៦៦៤១ ភព២ បានបោះពួយបុកបង្គោលភ្លើង និងរបាំងថ្មពុះចែកទ្រូងផ្លូវទាំងថ្ងៃ ដោយសារតែបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរថយន្តត្រូវរងការខូចខាត រីឯបង្គោលភ្លើងវៀច និងធ្លាក់អំពូលមកដីបែកខ្ទេចថែមទៀតផង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣ ឧសភា ឆ្នាំ២០១១ នៅលើដងផ្លូវលេខ២០០៤ ទល់មុខសាលាអន្តរជាតិ CIA ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមមន្ត្រីប៉ូលិសចរាចរដែលចុះទៅកន្លែងកើតហេតុបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងបណ្តាលមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន ហើយវ៉ាគេឯងក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងនៅលើទ្រូងថ្នល់ជាមួយនឹងរបាំងថ្ម ។ ទោះបីជាយ៉ាងណា គ្រោះថ្នាក់នេះពុំបង្កឱ្យនរណាម្នាក់រងរបួស ឬស្លាប់បាត់ជីវិតនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ ។
មន្ត្រីប៉ូលិសចរាចរដដែលបានបន្តថា អ្នកបើកបររថយន្តបង្កហេតុឈ្មោះឡៅ គឹមសុង ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២២៦E1 ក្រុមទី៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ចំពោះការខូចខាតទ្រព្យសម្បត្តិសាធារណៈខាងលើ ត្រូវបានម្ចាស់រថយន្តចាត់ចែងទូទាត់សងសមត្ថកិច្ចនៅនឹងកន្លែងកើតហេតុ ដោយមិនឱ្យអូសរថយន្តយកទៅរក្សាទុកនោះទេ៕
ចែករំលែកព័តមាននេះ