ខេត្តតាកែវ ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្ត កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយប៉ូលិសក្រុងដូនកែវ បង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះសំណាក់បឹងតាកែវ បន្ទប់លេខ២០៥ នៅភូមិ៣ សង្កាត់គោកធ្លក ក្រុងដូនកែវ កាលពីថ្ងៃទី៣ ឧសភា វេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ខណៈពេលក្រុមជនសង្ស័យនាំគ្នាប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
លោកវរសេនីយ៍ឯក សួន ផុន ស្នងការរងទទួលផែនយុត្តិធម៌ឱ្យដឹងថា បទបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានតម្រូវដាច់ខាតឱ្យបង្ក្រាបការប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងញៀន ដូច្នេះលោកឧត្តមសេនីយ៍ អ៊ុក សំណាង ស្នងការនគរបាលខេត្ត យកចិត្តទុកដាក់បញ្ជាដល់កម្លាំងជំនាញ រួមសហការជាមួយប៉ូលិសក្រុងដូនកែវ បន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកំណត់មុខសញ្ញាយ៉ាងច្បាស់ ហើយកម្លាំងរបស់យើងបានទៅបង្ក្រាបមុខសញ្ញាប្រើប្រាស់ជាក់ស្តែងចំនួន២នាក់ ក្នុងចំណោមបក្សពួក៣នាក់។
លោកស្នងការរងបន្តទៀតថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះញ៉ែម ស៊ីម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ និងម្នាក់ទៀតឈ្មោះម៉ែន សុខា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ រួមជាមួយវត្ថុតាងម៉ាទឹកកក៧កញ្ចប់ ក្នុងនោះធំ៤កញ្ចប់ និងតូច៣កញ្ចប់ ប្រដាប់ជក់មួយសម្រាប់ ដែកកេះ៣ ក្រដាសទឹកប្រាក់៣សន្លឹក ថង់ប្លាស្ទិកតូចសម្រាប់ដាក់ម៉ាទឹកកកចំនួន៦០ ប្រដាប់ជក់១ ប្រាក់១លាន១សែនរៀល និង៤១ដុល្លារអាមេរិក សៀវភៅកត់លេខទូរស័ព្ទ១ និងសម្ភារមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះញ៉ែម ស៊ីម សារភាពថា រូបគេជាអ្នកចែកចាយផង និងប្រើប្រាស់ផង ឯបក្សពួកគេម្នាក់ទៀតជាអ្នកប្រើប្រាស់ មិនបានចែកចាយឡើយ។ រូបគេធ្លាប់ជាប់គុករយៈពេល៥ឆ្នាំពីបទប្លន់កាលពីឆ្នាំ២០០៥ ហើយចេញពីគុកនៅខែមេសា ឆ្នាំ២០១០។ តាំងពីពេលនោះមករូបគេប្រើប្រាស់ និងចែកចាយគ្រឿងញៀនរយៈពេល៣ទៅ៤ខែមកហើយ ទើបប៉ូលិសចាប់ខ្លួនបាន។ លោកចក់ សុន នាយការិយាល័យគ្រឿងញៀនឱ្យដឹងថា ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៤ ឧសភា៕
ចែករំលែកព័តមាននេះ