ខេត្តសៀមរាប ៖ ភ្ញៀវបើករថយន្តមកឱ្យលាង ត្រូវបានបុគ្គលិកម្នាក់ឡើងបើកដើម្បីរ៉ឺយ៉ែថយក្រោយឱ្យជូត ស្រាប់តែមិនជាន់ប្រាំង បែរជាជាន់ហ្គែរជ្រុកទៅបុកស្ត្រីជាបុគ្គលិកអ្នកជូតឡានបណ្ដាលឱ្យរងរបួសធ្ងន់ ហើយក៏បន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋទៀត ដែលដែលហេតុការណ៍៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១០ និង៣០នាទីព្រឹកនៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុច ក្នុងកន្លែងលាងឡាន យីហោ«កក្រាញ់លាងឡាន នឹងម៉ូតូ»ជាប់ផ្លូវលេខ៦៣ ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

បើតាមលោកវរសេនីយ៍ទោ សោម វីរ: នាយការិយាល័យនគរបាលចរាចរណ៍ខេត្តសៀមរាបបានប្រាប់នៅព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ ករណីគ្រោះថ្នាក់រវាងរថយន្តបុកមនុស្សឈរនឹងបុករបងផ្ទះគឺរថយន្តម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AJ- 3990 បើកបរដោយឈ្មោះ នេន និត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងទិសដៅពីត្បូងទៅជើង ។

ពេលនេះ ស្រាប់តែជ្រុលចង្កូតបុកអ្នកឈរមានឈ្មោះ សូរ រស្មី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប និងបុករបងផ្ទះឈ្មោះ ណៃ ហួយ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។

លោកបានបញ្ជាក់ទៀតថា ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញ បានចុះធ្វើការវាស់វែង បុងត្រួតពិនិត្យកន្លែងកើតហេតុ រួចយកវត្ថុតាងរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធី។

បច្ចុប្បន្ន ជនបង្កនិងជនរងគ្រោះ ព្រមទាំងម្ចាស់រថយន្ត ត្រូវបានដោះស្រាយគ្នាបញ្ចប់សំណងនៅកន្លែងលាង រថយន្តរួចរាល់ហើយ ។


ចែករំលែកព័តមាននេះ