ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ

10 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា…

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ។

គួររំលឹក​ថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ស្ពានបេតុង ខ្សែកាបឆ្លងទន្លេសាបនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប មានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើង មានទទឹង ១,២៥ម៉ែត្រ សងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាប ធៀបនឹង​កម្រាលស្ពាន៣៤ម៉ែត្រ។ សរសរ សម្រាប់ព្យួរ ខ្សែកាប មានសរសរចំនួន៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើ​ចរាចរ ២ខ្សែទៅ និង២ខ្សែ មក, កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវ​វស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់​ស្លាក​សញ្ញាចរាចរ។

ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ ក្រោយការស្ថាបនារួច ស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ។

ដោយឡែក សម្រាប់ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ស្ពាននេះ មានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយ ផ្លូវជាតិលេខ៥ នៅចន្លោះស្ពាន​បេតុង​ឆ្លង​កាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៥ខែ។

គេហទំព័រ facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) នៅម៉ោង 7:00 ព្រឹក៕