បេក្ខជននាយករដ្ឋមន្ត្រីលំដាប់ទី២របស់គណបក្សភឿថៃ លោកស្រឹត្ថា ថាវិស៊ីន (Srettha Thavisin) ច្រានចោលពាក្យចចាមអារ៉ាមដែលនិយាយថា «គណបក្សភឿថៃកំពុងមានរបៀបវារៈសម្ងាត់។ បានសេចក្ដីថាប្រុងលេងល្បែងបៀរបីសន្លឹក ឬក្បត់សម្ព័ន្ធភាព»។ ពាក្យចចាមអារ៉ាមនោះនិយាយថា «គណបក្សភឿថៃកំពុងរៀបផែនការសម្ងាត់ដើម្បីត្រៀមបង្កើតសម្ព័ន្ធភាពថ្មី១ទៀត។ ជាពិសេស, នៅពេលសម្ព័ន្ធភាពដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខមិនអាចគ្រប់សំឡេងអនុម័តពីសភា។
ទោះបីរឿងនេះពិត ឬមិនពិតកម្រិតណានៅមិនទាន់ដឹងទេ។ នៅក្នុងរឿងនយោបាយ អ្វីក៏អាចកើតឡើងដែរនៅពីក្រោយវាំងននខ្មៅ។ ប៉ុន្តែនៅខាងក្រៅឆាក, មន្ត្រីជាន់ខ្ពស់គណបក្សភឿថៃរូបនេះចេញមកបដិសេធយ៉ាងដាច់អហង្ការថាគ្មានរឿងបែបនេះទេ។ អ្នកវិភាគយល់ថារឿងនេះជាបញ្ហារសើប។ នៅក្នុងស្ថានភាពដ៏ផុយស្រួយនេះ, គណបក្សធំៗទាំង២ ឆ្ពោះទៅមុខ និងភឿថៃ អាចនឹកយកលេសដើម្បីនិយាយយកត្រូវរៀងៗខ្លួន ប្រសិនបើសម្ព័ន្ធភាពគណបក្សទាំង៨ត្រូវបែកបាក់គ្នា។
បានសេចក្ដីថាបើភឿថៃធ្វើអ្វីមិនស្រួលនៅក្នុងពេលនេះ មហាជនអាចនឹងវិនិច្ឆ័យថា «មកពីភឿថៃមិនស្មោះត្រង់នឹងដៃគូនយោបាយ ទើបបានជាគណបក្សឆ្ពោះទៅមុខ មិនព្រមប្រគល់តំណែងប្រធានរដ្ឋសភា»។ រឿងនេះកាន់តែបង្កការសង្ស័យបន្ទាប់ពីក្រុមអនាមិកបង្ហោះនៅលើបណ្ដាញទ្វីតថឺនូវរូបថតរបស់លោកស្រឹត្ថា ថតជាមួយប្រធានគណបក្សភូមិចៃថៃ។
អ្នកទាំង២អញ្ជើញទៅទស្សនាបាល់ទាត់នៅអង់គ្លេស។ លោកស្រឹត្ថាបកស្រាយត្រង់ចំណុចនេះថា «វាគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះ»។ សូមជម្រាបថាគណបក្សភូមិចៃថៃក៏ទទួលបានអាសនៈនៅក្នុងរដ្ឋសភាច្រើនគួរសមផងដែររហូតដល់ជាង៧០កៅអី។ លោកស្រឹត្ថាថ្លែងថា «តាមពិតទៅ, រូបលោក និងប្រធានគណបក្សភូមិចៃថៃ ជាមនុស្សស្គាល់គ្នាក្នុងក្របខណ្ឌបុគ្គលតាំងពីយូរមកហើយ។ កាលនោះ, យើងគ្រាន់តែសម្ដែងការគួរសមដាក់គ្នា និងនិយាយសំណេះសំណាលគ្នានៅពេលជួបគ្នាដោយចៃដន្យ»។
លោកបញ្ជាក់ថាបើពួកលោកត្រូវការនិយាយរឿងនយោបាយមិនចាំបាច់ជិះយន្តហោះចម្ងាយណាណីទៅនិយាយគ្នាដល់អង់គ្លេសទេ។ និយាយគ្នាត្រឹមតែនៅប្រទេសថៃវាបានណាស់ទៅហើយ។ ប៉ុន្តែអ្នកវិភាគយល់ថាការបកស្រាយរបស់លោកស្រឹត្ថាមិនអាចធ្វើឱ្យមហាជនអស់សង្ស័យទេ។ ថ្មីៗនេះ, លោកស្រីផែថងថានក៏បានធ្វើដំណើរទៅក្រៅប្រទេសផងដែរដើម្បីជួបលោកថាក់ស៊ីន នៅក្នុងស្ថានភាពដែលមានការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងតំណែងប្រធានរដ្ឋសភា ដែលភឿថៃចង់បាន។
តាមពិត ពាក្យចចាមអារ៉ាមមិនមែនសុទ្ធតែជាពាក្យប្រឌិតទាំងស្រុងទេ។ ជួនកាលពាក្យចចាមអារ៉ាមក៏អាចមានការពិតខ្លះផងដែរ។ ជាពិសេស ពាក្យចចាមអារ៉ាមខ្លះចេញពីប្រភពដែលដឹងរឿងអាថ៌កំបាំងនៅក្នុងផ្ទៃក្នុងបក្សនយោបាយនីមួយៗ។ ជួនកាលជាចេតនារបស់គណបក្សទម្លាយរឿងហ្នឹងចេញទៅខាងក្រៅតែម្ដងដើម្បីជាការក្រើនរម្លឹកដៃគូនៅក្នុងសម្ព័ន្ធភាព។
ពាក្យចចាមអារ៉ាមផ្ដើមចេញពីថៅកែហាងម៉ាស្សា លោកឈូវីត (Chuvit)ដែលបានបង្ហោះនៅលើហ្វេសប៊ុកកាលពីមុននោះ។ លោកសរសេរថា «គណបក្សខ្លះកំពុងតែរៀបជើងព្រួលបណ្ដើរៗហើយ។ លោកថាបើសម្ព័ន្ធភាពគណបក្សទាំង៨ដាក់សំណើទៅសភា ប៉ុន្តែមិនអាចអនុម័តចេញ, ដល់វេនដែលគណបក្សភឿថៃដាក់ស្នើបេក្ខភាពរបស់ខ្លួនទៅសភាវិញម្ដង»។
លោកស្រីផែថងថានក៏បានចេញមុខបដិសេធពាក្យចចាមអារ៉ាមនេះ។ លោកស្រីបង្ហាះរូបថតនៃកិច្ចប្រជុំគណបក្សដែលចូលរួមដោយមន្ត្រីធំ១របស់បក្ស។ លោកស្រីភ្ជាប់ពាក្យពេចន៍អត្ថាធិប្បាយភ្ជាប់នឹងរូបថតថា តើនេះជា «កិច្ចព្រមព្រៀងសម្ងាត់» ឬក៏ជា «កិច្ចព្រមព្រៀងស្នេហា»។ ប្រធានគណបក្សភឿថៃ លោកឆូលណាន បញ្ជាក់ថាគណបក្សរបស់លោកគ្មានការចរចាសម្ងាត់អ្វីទាំងអស់។ លោកថាការធ្វើដំណើររបស់លោកស្រឹត្ថាទៅអង់គ្លេសជារឿងឯកជនរបស់លោកតែប៉ុណ្ណោះ៕
ប្រភព៖ កាសែតបាងកកប៉ុស្តិ៍ និងប្រភពដទៃទៀត
https://www.bangkokpost.com/thailand/politics/2580871/srettha-denies-rumoured-secret-deal-to-usurp-mfp
ចែករំលែកព័តមាននេះ