ខេត្តកណ្ដាល ៖ នគរបាលមូលដ្ឋានស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល សហការជាមួយសមត្ថកិច្ចកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបមុខសញ្ញាចោរប្រើកាំបិ.តស្ទាក់ប្លន់ម៉ូតូតាមផ្លូវសាធារណៈបានចំនួន៥នាក់។
ជនសង្ស័យទាំង៥នាក់ខាងលើ រួមមាន ៖ ១- ឈ្មោះ ផា បញ្ញាស្កាយ ហៅតាយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកអីវ៉ាន់ មានទីលំនៅភូមិអ្នកតាជ័យ ឃុំគោកគង់ខាងលិច ស្រុកកញ្ជៀច ខេត្តព្រៃវែង (ឃាត់ខ្លួនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣)។ ២-ឈ្មោះ គន់ សុខហួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករផ្សាដែក មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំអំពិលតាពក ស្រុកអូរាំឪ ខេត្តត្បូងឃ្មំ (ឃាត់ខ្លួនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣)។ ៣- ឈ្មោះ លាប ស៊ាហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្នាយកូវ ឃុំត្នោត ស្រុកកញ្ជៀច ខេត្តព្រៃវែង (ឃាត់ខ្លួនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ៤- ឈ្មោះ គិន បញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង (ឃាត់ខ្លួនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣) ។ ៥- ឈ្មោះ សូត្រ ចាន់ ហៅ ឃីម សុខចាន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង (ឃាត់ខ្លួនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣)។
ចំណែកវត្ថុតាងដែលចាប់យកបាន គឺម៉ូតូចំនួន៤គ្រឿង ក្នុងនោះរួមមាន ៖ ១-ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AQ-5156 (របស់ជនរងគ្រោះ)។ ២- ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ គ្មានផ្លាកលេខ (របស់ជនសង្ស័យ ជាមធ្យោបាយជិះធ្វើសកម្មភាព)។ ៣- ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1JI-3038 និង៤- ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1JR-4908 ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AQ-5156 ចេញពីហាងនំបុ័ងនៅស្រុកមុខកំពូល ខេត្តកណ្តាល រួចឆ្លងទៅស្រុកខ្សាច់កណ្តាល ហើយក៏ទៅជួបជុំគ្នាផឹកស្រាក្រឡុកនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌។ បន្ទាប់ពីផឹករួច ជនរងគ្រោះក៏នាំគ្នាជិះម៉ូតូទៅស្រុកមុខកំពូលវិញ ប៉ុន្តែពេលជិះដល់ចំណុចស្ពានព្រែករូង ក៏ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ៣គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ២គ្រឿង និងពណ៌ឈា.មជ្រូក១គ្រឿង មកដល់ស្ពានព្រះគន្លង រួចក៏បានជិះតាមជនរងគ្រោះ រហូតមកដល់ស្ពានព្រែករូង ទើបជនសង្ស័យធ្វើសកម្មភាពដោយប្រើកាំបិ.តបុ័ងតោកា.ប់ទៅលើជនរងគ្រោះ តែមិនត្រូវបណ្តាលដួលម៉ូតូ។
ប្រភពដដែលបន្តថា ពេលនោះជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន បន្ទាប់មកក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍រកាជន្លឹង សន្លុង វិហារសួគ៌ និងប៉ុស្តិ៍ព្រែកអំពិល ព្រែកលួង ស្វាយជ្រំ ស្រុក ក្រុងអរិយក្សត្រ ពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងចាប់យកម៉ូតូជាវត្ថុតាងចំនួន២គ្រឿង។
ប្រភពដដែលបន្តថា លុះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកសហការជាកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកណ្តាល ដឹកដោយលោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរង ក្រោមការសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់បន្តទៀត និងម៉ូតូចំនួន២គ្រឿង នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រួចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាល។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ