ខេត្តស្វាយរៀង ៖ រឿងរ៉ាវដ៏កម្រកើតមានមួយបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២ ឧសភា នៅក្នុងបន្ទប់ឃុំខ្លួនអ្នកទោសក្នុងពន្ធនាគារខេត្ត ។ តាមប្រភពព័ត៌មានថា ពិរុទ្ធជនសរសៃប្រសាទម្នាក់ដែលជាជនបង្ក មានឈ្មោះឡាត់ សុភាព ភេទប្រុស អាយុ២៦ឆ្នាំ ជាប់ចោទពីបទបង្ករបួសស្នាម ត្រូវបានបញ្ជូនមកកាន់ពន្ធនាគារខេត្តជាងពីរខែមកហើយ ប៉ុន្តែតុលាការមិនទាន់កាត់ទោសនៅឡើយ ។ ចំណែកឯអ្នកទោសជាជនរងគ្រោះឈ្មោះម៉ៅ រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ ជាប់ចោទពីបទបង្ករបួសស្នាមនិងមិនទាន់កាត់ទោសដូចគ្នា ។
មន្ត្រីអនុរក្សពន្ធនាគារបានឱ្យដឹងថា តាមសាក្សីជាអ្នកទោសនៅក្នុងហេតុការណ៍ប្រាប់ថា ពេលកើតហេតុនោះជនរងគ្រោះកំពុងតែអង្គុយហូបបាយនៅលើធ្នើរកន្លែងដេកដែលមានកម្ពស់១,៨ម៉ែត្រ ស្រាប់តែជនបង្កដែលមានសតិមិនប្រក្រតីបានឡើងទៅទាត់១ជើងត្រូវឆ្អឹងជំនីរឆ្វេងធ្លាក់មកដីសន្លប់បាត់មាត់ ។ ភ្លាមៗនោះ មន្ត្រីអនុរក្សពន្ធនាគារបានចូលទៅចាប់ជនបង្កឃុំទុកក្នុងបន្ទប់មួយដាច់ពីគេ និងយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តភ្លាមៗ ។ ប្រភពដដែលនេះបានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពនិងត្រូវចាប់ឃុំក្នុងបន្ទប់ដាច់តែឯងជនឈ្មោះឡាត់ សុភាព បានហែកសម្លៀកបំពាក់របស់ខ្លួននិងបោះចេញមកក្រៅអស់នៅអាក្រាតកាយ ហើយមិនខ្ចីនិយាយស្តីអ្វីទាំងអស់ ទោះបីមន្ត្រីអនុរក្សខំប្រឹងលួងលោមសួរនាំយ៉ាងណាក៏ដោយ ។
លោកសួស សាខូ ប្រធានពន្ធនាគារខេត្តបានឱ្យដឹងថា ឈ្មោះឡាត់ សុភាព ពេលបញ្ជូនមកកាន់ពន្ធនាគារដំបូងគឺមានសតិប្រក្រតីធម្មតាទេ ប៉ុន្តែដោយសារខួរក្បាលខ្សោយហើយនៅក្នុងពន្ធនាគារគិតច្រើនពេក ទើបធ្វើឱ្យទៅជាសរសៃប្រសាទ ប៉ុន្តែមិនមែនឆ្កួតមិនដឹងខ្លួន១០០%ទេ គឺ១ខែធ្វើទុក្ខ២ទៅ៣ដង ហើយពីមុនមកក៏មិនដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃដែរ ទើបតែលើកនេះប៉ុណ្ណោះ ។ លោកបានបន្តទៀតថា មិនមែនមានតែឡាត់ សុភាព ម្នាក់នេះទេ ដែលមានជំងឺនេះ គឺអ្នកទោសមួយចំនួនទៀត ពេលមកជាប់ក្នុងពន្ធនាគារក៏មានការតូចចិត្តហើយគិតច្រើនរហូតកើតជំងឺផ្លូវចិត្តនេះ និងធ្លាប់នៅសុខៗយកក្រមាមកចងរឹត.កអ្នកទោសដូចគ្នាស្ទើរតែស្លាប់ ប៉ុន្តែត្រូវបានមន្ត្រីអនុរក្សជួយចាប់ទាន់ ។
លោកប្រធានពន្ធនាគារខេត្តបន្តទៀតថា បច្ចុប្បន្ននេះ បន្ទប់ស្នាក់នៅរបស់អ្នកទោសក្នុងពន្ធនាគារមានតែ១១បន្ទប់ ប៉ុន្តែអ្នកទោសមិនទាន់កាត់ក្តីនិងទណ្ឌិតមានរហូតដល់ទៅជាង៣០០នាក់ ដូចនេះលោកមិនអាចយកទណ្ឌិតដែលមានជំងឺផ្លូវចិត្តឱ្យនៅមួយក្រុមដាច់ពីគេបានទេ ។ ម៉្យាងទៀត ក៏នៅមិនទាន់មានថ្នាំរំងាប់ផ្លូវចិត្តនិងពេទ្យផ្នែកផ្លូវចិត្តដែរ ជាហេតុធ្វើឱ្យការគ្រប់គ្រងជួបការលំបាកបំផុត ៕
ចែករំលែកព័តមាននេះ