ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រនៃកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា រយៈពេល៣ថ្ងៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៣ បាន​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​សាធារណរដ្ឋ​ឥណ្ឌា ។

ការ​យាង​របស់​ព្រះករុណា​ជីវិត​លើ​ត្បូង មាន​រយៈពេល​៣​ថ្ងៃ មានការ​យាង​ថ្វាយ​ព្រះរាជ​ដំណើរ រួម​មាន សម្តេច វិបុល​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​ពញ្ញា​ចក្រី​ហេង សំ​រិ​ន​ប្រធានរដ្ឋសភា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មាន​វត្តមាន​ព្រះរាជ​វង្ស​ស្សា​នុ​វង្ស ព្រមទាំង​ថ្នាក់ដឹកនាំ ក្រសួង​ស្ថាន​ប័នជា​ច្រើន​រូប​ផង​ដែរ ។

យោង​តាម​ក្រសួងការបរទេស​បានឱ្យ​ដឹង​ថា ព្រះរាជ​ដំណើរ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​នៅ​ប្រទេស​ឥណ្ឌា នា​ពេល​នេះ​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣ តប​តាម​ការ​យាង​របស់​លោកស្រី ដ្រៅ​ផា​ឌី មួរ​មូ ប្រធានាធិបតី​ឥណ្ឌា ។

ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ នៅ​ប្រទេស​ឥណ្ឌា នា​ពេល​នេះ​ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត ។ ក្នុង​កំឡុង​ពេល​នៃ​ព្រះរាជ​ទស្សនកិច្ច​នេះ លោកស្រី ដ្រៅ​ផា​ឌី មួរ​មូ ប្រធានាធិបតី​ឥណ្ឌា និង​លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នឹង​ទទួល​រៀបចំ​ព្រះរាជ​ពិធី​សវនាការ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ដែល​ក្នុង​ឱកាស​នោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា ។

ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី សព្វព្រះរាជហឫទ័យ ព្រះ​បរម​រាជានុញ្ញាត ជូន​លោក ច៉ា​ក​ឌី​ប ដា​ន់ខា (Jagdeep Dhankhar) អនុ​ប្រធានាធិបតី និង​លោក​បណ្ឌិត ស៊ូ​ប្រា​ម៉ា​ន់​យ៉ាំ ចៃ​ហ្សា​ន​កា (Subrahmanyam Jaishankar) រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា ចូល​ក្រាប​បង្គំ​គាល់ និង​សវនាការ​ផង​ដែរ ។

ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នឹង​យាង​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប Mahatma Gandhi ។ លោកស្រី ដ្រៅ​ផា​ឌី មួរ​មូ ប្រធានាធិបតី​ឥណ្ឌា​នឹង​រៀបចំ​ព្រះរាជ​ពិធី​លៀង​សាយភោជន៍​ផ្លូវ​រដ្ឋ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​ប្រទេស​ឥណ្ឌា គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​មួយ​ក្នុង​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ព្រមទាំង​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ចំណងមិត្តភាព​ដ៏​ប្រសើរ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​បេតិកភណ្ឌ​វប្បធម៌ សាសនា និង​ប្រវត្តិសាស្ត្រ​រួម ដើម្បី​ជា​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ