ខេត្តសៀមរាប ៖ បុរសម្នាក់មានឈ្មោះ នឿន ម៉ៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្រែចំហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលប្រឡងជាប់ថ្នាក់ទី១២ តែដោយសារខ្វះខាតលុយរៀនបន្ត ក៏មកចាប់អាជីពរៀនស្មុកស្លឹកត្នោតវិញពីអ្នកឃុំព្រះដាក់ អស់រយៈពេលជាង១០ឆ្នាំ ដើម្បីយកចំណេះរកលុយមកចិញ្ចឹមក្រុមគ្រួសារ និងយកចំណេះដែលចេះទាំងប៉ុន្មានយកទៅបង្រៀនដល់បងប្អូន និងសិស្សក្នុងភូមិ គ្រាន់បានយកទៅរៀន រួចដើរប្រមូលទិញមកវិញ (ហៅថាឈ្មួញកណ្តាល) ដើម្បីយកទៅបោះដុំឱ្យម៉ូយនៅស្រុកបន្ទាយស្រី និងក្នុងឃុំព្រះដាក់ ដែលកន្លែងលក់នំអាកោខ្ទិះ។

លោក នឿន ម៉ៃ មានប្រសាសន៍បន្តថា ស្មុគស្លឹកត្នោត ដែលខ្ញុំបានរៀនចេះទាំងអស់នោះមានចំនួនជាង១០មុខខុសៗគ្នា ដូចជា ៖ ស្មុកត្នោតតូចដាក់ម្រេច, ស្មុកដាក់អាកោខ្ទិះ, ស្មុកដាក់បាយ, ស្មុកដាក់ស្ករត្នោត, ស្មុកធ្វើកាបូបដាក់លុយ, ដាក់ប្រអប់ស្លាម្លូរយាយៗ, ដាក់ប្រអប់តែស្លឹក, ស្មុកជ្រុង៦ សម្រាប់កម្មវិធីមង្គលការ, សម្រាប់ដាក់ចេកឆាប និងស្មុកវែង សម្រាប់កម្មវិធីចូលឆ្នាំខ្មែរ។ល។

លោកបន្តថា ដើមត្នោត ពិតជាមានអត្ថប្រយោជន៍ជាច្រើនយ៉ាងដូចជា៖ ស្លឹកត្នោត គេយកទៅក្រងប្រក់ដំបូល ឬបាំងជញ្ជាំងផ្ទះ , ស្លឹកត្នោត គេយកដេរធ្វើជាកន្ទេល, ស្លឹកត្នោត គេយកមកធ្វើស្មុកលក់ជាដើម និងស្លឹកត្នោត ធ្វើជាមួក។ល។ ហើយដើមត្នោត គេយកទៅធ្វើសរសរផ្ទះ,រនាបដេក, ទូក, ចាន, ស្លាបព្រា, ចង្កឹះ និងវែកជាដើម។ ចំណែកធាងត្នោតវិញ គេយកទៅធ្វើកន្ត្រក់ ហើយគៀវត្នោត គេយកទៅធ្វើអំបោះ រីឯផ្កាត្នោត គេគៀបយកទឹកត្នោត (ផ្អែម ជូរ ឬទឹកខ្មេះ) ហើយគេយកធ្វើអុសដុត ឬគេយកធ្វើថ្នាំផងដែរ។ ចំពោះផ្លែ គេអាចយកមកធ្វើសម្លរ ផ្លែខ្ចី យកមកហូប និងផ្លែទុំធ្វើនំត្នោត រីឯឬសត្នោតវិញ គេក៏អាចយកទៅធ្វើថ្នាំផ្សេងៗផងដែរ។

យុវជន នឿន ម៉ៃ បានបញ្ជាក់បន្ថែមថា គាត់ដើរទិញស្មុកគ្រប់ប្រភេទ មានដូចជា ៖ ស្មុកប្រភេទម៉ូត, ស្មុកជ្រុងស្អាត ដោយទិញចូលក្នុង១ស្មុក តម្លៃ៨០០០រៀល ហើយលក់ទៅឱ្យម៉ូយក្នុងតម្លៃ១០០០០រៀល។ រីឯស្មុកប្រភេទម៉ូតធម្មតាទិញចូលក្នុង១ស្មុក តម្លៃ៧០០រៀល រួចលក់ចេញវិញ តម្លៃ៩០០រៀលផងដែរ។

ចំណែកអ៊ុស្រី ដួង ហឿប អាយុ៦៣ឆ្នាំ មុខរបរធ្វើស្រែចម្ការ រស់នៅភូមិស្រែចំហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក៏បានរៀបរាប់ប្រាប់ថា បន្ទាប់ពីធ្វើស្រែចម្ការ ពេលទំនេរគាត់បានមករៀនជាមួយក្មួយក្រងកន្ទេលធ្វើអំពីស្លឹកត្នោត ឬស្លឹករំចេក និងក្រងស្មុកទុកលក់ឱ្យក្មួយ ដើម្បីបានលុយមកយកទៅទិញអីហូប ឬទុកទៅធ្វើបុណ្យនៅវត្ត។

រីឯអ្នកស្រី លន់ ឡុង អាយុ៣១ឆ្នាំ មានកូនចំនួន៣នាក់ រស់នៅភូមិស្រែចំហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបរាប់ប្រហាក់ប្រហែលនឹងអ៊ុំស្រី ដួង ហឿប ដែរថា ប្តី របស់គាត់ទៅស៊ីឈ្មួលធ្វើស្រែចម្ការឱ្យគេនៅឆ្ងាយ ហើយគាត់នៅផ្ទះអត់ការងារធ្វើ ក៏មករៀនក្រងស្មុកជាមួយប្អូនប្រុស ឈ្មោះ នឿន ម៉ៃ រយៈពេល៤ឆ្នាំ ចេះតែក្រងស្មុកប៉ុណ្ណោះ ដើម្បីទៅទិញនំ និងឱ្យកូនទៅរៀនសូត្រនឹងគេ៕
ចែករំលែកព័តមាននេះ