មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់១នៅខេត្តប៊ិញឌិញ (Binh Dinh) ប្រទេសវៀតណាម បណ្ដាលឱ្យកុមារីម្នាក់អាយុ៤ឆ្នាំ រួមជាមួយប្អូនប្រុសរបស់នាង និងលោកយាយរបស់នាងស្លាប់នៅតាមផ្លូវដឹកទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបណ្ដាលមកពីកុមារីរូបនោះយកដៃមួលហ្គ៊ែម៉ូតូមួយទំហឹង, ហើយធ្វើឱ្យម៉ូតូរត់មួយអស់ល្បឿនទៅបុករបងឥដ្ឋ។

យោងតាមសារព័ត៌មានវៀតណាម អ៊ិចប្រែស (Vietnam Express), អ្នកស្រីង្វៀនធីង៉ុកថុំ (Neuyen Thi Ngoc Thom) អាយុ២៦ឆ្នាំ ត្រូវជាម្ដាយកុមារីខាងលើនេះ។ កាលពីថ្ងៃសុក្រ, អ្នកស្រីបានដឹកម្ដាយក្មេក និងកូនប្រុស-ស្រីទាំង២នាក់តាមម៉ូតូទៅពិនិត្យសុខភាព។ គម្រោងគឺយកកូនប្រុសទៅពេទ្យ, ចំណែកកូនស្រីយកទៅផ្ញើនឹងផ្ទះរបស់ឪពុកបង្កើត។ អ្នកស្រីបានដាក់កូនស្រីអាយុ៤ឆ្នាំឱ្យអង្គុយពីមុខ, ដាក់ម៉ែក្មេកឱ្យអង្គុយពីក្រោយ និងបីចៅប្រុសអាយុ១ខួបនៅក្នុងដៃ។ ចំណែកអ្នកស្រីង្វៀនធីង៉ុកថុំជាអ្នកបើកម៉ូតូ។

នៅពេលធ្វើដំណើរជិតដល់ផ្ទះលោកឪពុក, អ្នកស្រីក៏បន្ថយល្បឿនម៉ូតូ។ មិនទាន់បានពន្លត់ម៉ាស៊ីនម៉ូតូ និងវ៉ៃចន្ទល់ម៉ូតូស្រួលបួលផង, ស្រាប់តែនាងតូចនោះយកដៃចាប់មួលហ្គ៊ែ១ទំហឹង។ ម៉ូតូក៏ស្ទុះយ៉ាងទាន់ចិត្តទៅបុករបងឥដ្ឋ១ទំហឹង ប្រៀបបាននឹងគេចាប់មនុស្សទាំង៤នាក់នេះគ្រវែងផ្ទប់នឹងរបងឥដ្ឋ។ ហេតុការណ៍នេះឆក់យកជីវិតនាងតូច, ប្អូនប្រុស និងជីដូន។ អ្នកស្រីង្វៀនធីង៉ុក ថ្វីដ្បិតមិនដល់ថ្នាក់ស្លាប់, ប៉ុន្តែអ្នកស្រីក៏រងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ ឥឡូវនេះ អ្នកស្រីកំពុងដេកពេទ្យ៕
ប្រភព៖ កាសែតវៀតណាមអ៊ិចប្រែស
https://e.vnexpress.net/news/news/three-family-members-killed-after-4-year-old-rams-motorbike-into-fence-4610431.html
ចែករំលែកព័តមាននេះ