រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា កម្ពុជាជារដ្ឋអធិបតេយ្យមួយបានបើកចំហស្វាគមន៍ចំពោះអ្នកសង្កេតការចំពោះការបោះឆ្នោតនៅពេលខាងមុខ ហើយកម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី២៦ ឧសភា របស់លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើការកត់សម្គាល់អំពីការបញ្ចេញមតិយោបល់ជាច្រើនជុំវិញ បរិយាកាសនយោបាយរបស់កម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នាខែកក្កដា ដោយអះអាងថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖ អាស្រ័យដោយការអធិប្បាយមួយចំនួន បានបង្កឱ្យមានការភាន់ច្រលំធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈលំអៀងឡើយ ។
ការលើកឡើងថា គណបក្សភ្លើងទៀនត្រូវបានរារាំងមិនអោយចូលរួមក្នុងការបោះឆ្នោតជាតិ នាខែកក្កដា គឺមិនត្រឹមត្រូវ ។ ការពិតគណបក្សនយោបាយនេះ ពុំបានគោរពឱ្យបានហ្មត់ចត់តាមច្បាប់បោះឆ្នោត ទោះបីជាមានសេចក្តីជូនដំណឹង និងការណែនាំជាច្រើនលើកច្រើនសាររបស់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ ។
ការខកខានមិនអនុវត្តតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត គឺជាការទទួលខុសត្រូវរបស់គណបក្សនេះខ្លួនឯង ក្នុងនាមជាគណបក្សដែលបានដាក់ពាក្យស្នើសុំ ។ លោកថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលខុសត្រូវក្នុងការអនុវត្តដំណើរការបោះឆ្នោត ដោយប្រើប្រាស់ស្តង់ដារតែមួយ និងផ្អែកលើមូលដ្ឋាននៃគោលការណ៍យុត្តិធម៌ សមភាព និងនីតិវិធីត្រឹមត្រូវ ដូចដែលស្ថាប័នគ្រប់គ្រងការបោះឆ្នោតនៅក្នុងបណ្តាប្រទេសដទៃផ្សេងទៀតអនុវត្តដោយគោរពតាមនិតិរដ្ឋ ។

ប្រសិនបើគណបក្សនយោបាយ១៨ផ្សេងទៀតគោរពតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត នោះគណបក្សដែលមិនគោរពច្បាប់ មិនគួរទទួលបានបុព្វសិទ្ធិពិសេសឡើយ ដើម្បីភាពយុត្តិធម៌សម្រាប់គ្រប់គណបក្សទាំងអស់ ។ ការអនុញ្ញាតឱ្យមានបុព្វសិទ្ធិពិសេសណាមួយនឹងត្រូវចាត់ទុកថា ជាការអនុវត្តស្តង់ដារពីរ ។
គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយមួយទៀត ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារគ្រប់គ្រាន់ ប៉ុន្តែគណបក្សនេះបានប្រកាសទទួលយកដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ ។

អ្នកនាំពាក្យបានបន្ថែមថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ល្គឹកណា គ្រប់គណបក្សនយោបាយទាំងអស់អនុវត្តសិទ្ធិក្នុងរង្វង់ដែនកំណត់នៃច្បាប់ នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន ។ មិនមែនសិទ្ធិទាំងអស់ មានលក្ខណៈដាច់ខាតឡើយ ហើយឧក្រិ.ដ្ឋកម្មមួយមិនអាចធ្វើយុត្តិកម្មថា ជាការតស៊ូផ្នែកសីលធម៌ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ។ អវត្ដមាននៃគណបក្សនយោបាយចំនួនពីរពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពតាមច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់ភាពសេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ។
ទាក់ទងនឹងដំណើរការបោះឆ្នោតលោកបានគូសបញ្ជាក់ថា៖«ចំពោះវត្តមានរបស់អ្នកសង្កេតការបោះឆ្នោតវិញកម្ពុជាសូមស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ ដើម្បីអញ្ជើញមកចូលរួមធ្វើជាសាក្សីដោយផ្ទាល់នៅក្នុងដំណើរការបោះឆ្នោត ។ ជារដ្ឋអធិបតេយ្យមួយ សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជាត្រូវតែគោរពតាម ហើយសេចក្តីអញ្ជើញជាចំហនេះបង្ហាញឱ្យឃើញអំពីសុច្ឆន្ទៈ និងភាពបើកចំហរបស់កម្ពុជា ចំពោះពិភពលោកខាងក្រៅ»៕
ចែករំលែកព័តមាននេះ