ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ៣គ្រឿងបានបុកគ្នាជាបន្តបន្ទាប់បណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃ ទី៤ ឧសភា នៅលើផ្លូវជាតិលេខ៥ ចម្ងាយប្រមាណ៦០ម៉ែត្រ ពីខ្លោងទ្វារចូលសាលាបឋមសិក្សាអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
តាមមន្ត្រីប៉ូលិសចរាចរខេត្តបានឱ្យដឹងថា អ្នករងរបួសធ្ងន់ឈ្មោះស៊ូ សុភយ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបាត់ដំបង 1F-8690 មកពី ទិសខាងលិចក្នុងល្បឿនលឿន។ ខណៈពេលមកដល់ចំណុចខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដា C100 ពណ៌ខ្មៅ ស៊េរីឆ្នាំ៩៩ ពាក់ស្លាកលេខបាត់ដំបង 1H-4896 បើកបរដោយឈ្មោះគៀន ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បណ្តាលឱ្យរងរបួសស្រាល។ បន្ទាប់មកម៉ូតូដែលជ្រុលទៅបុកគេបុកឯងនេះ បន្តទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខបន្ទាយមានជ័យ 1B-4360 បើកបរដោយឈ្មោះម៉ុម ម៉ាញ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិម៉ៅ ឃុំផ្គាំ ស្រុកស្វាយចេក បណ្តាលឱ្យរងរបួសស្រាលដែរ ។ ម៉ូតូទាំង២គ្រឿងដែលត្រូវម៉ូតូ១គ្រឿងទៀតជ្រុលទៅបុកបន្តបន្ទាប់គ្នានេះ គឺបានបើកស្របទិសគ្នាពីកើតទៅលិច ។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា អ្នករបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋានខេត្តដឹកយកទៅកាន់មន្ទីរពេទ្យ ចំណែកម៉ូតូទាំង៣គ្រឿងនាំយកមករក្សាទុកនៅស្នងការដ្ឋានខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយ៕
ចែករំលែកព័តមាននេះ